(ពោធិ៍សាត់)៖ ផ្លូវក្រាលកៅស៊ូ DBST ផ្លូវលេខ២០៩+១០៩ និងផ្លូវប៉េតុងជុំវិញផ្សារថ្មីពោធិ៍សាត់ ផ្លូវលេខ២០៥+២០៦+១០៣» ដែលជាផ្លូវអាទិភាពមួយ ក្នុងចំណោមផ្លូវជាច្រើនទៀតនឹងត្រូវបើកការដ្ឋានស្ថាបនាសាងសង់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាសិស្សានុសិស្ស ក្រោយពីបានជីកកាយកប់ប្រព័ន្ធលូរំដោះទឹកភ្លៀង (ទឹកស្អុយ) នោះរួចរាល់។

ពិធីបើកការដ្ឋានស្ថាបនាសាងសង់ផ្លូវអាទិភាពទាំង២ខ្សែខាងលើនេះ នឹងត្រូវធ្វើឡើងនាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ ក្រោមអធិបភាព លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់។

បន្ថែមពីនេះ បន្ទាប់ពីឡើងកាន់តំណែង ជាអភិបាលខេត្តពោធិ៍សាត់ថ្មី បាន២០ថ្ងៃកន្លងមកនេះ, លោក ជាវ តាយ បានកែប្រែមុខមាត់ខេត្តពោធិ៍សាត់ តាមរយៈការលាបថ្នាំព័ណ៌ នៅទីតាំងហានិភ័យចរាចរណ៍ និងរៀបចំតបណ្តាញភ្លើងបំភ្លឺផ្លូវសាធារណៈ ប្រភេទLED ក្នុងទីប្រជុំជនក្រុងពោធិ៍សាត់ ហើយដែលនឹងឈានទៅតម្លើង នៅតាមបណ្តាទីប្រជុំជនស្រុកដទៃបន្ថែមទៀត ទូទាំងខេត្តពោធិ៍សាត់ ដើម្បីលើកកម្ពស់សោភណ្ឌភាព និងសុខសុវត្ថិភាពស្រុកក្រុងទាំងនោះ ពិសេសឈានទៅបង្កើតសេដ្ឋកិច្ច ជូនគ្រួសារប្រជាពលរដ្ឋ។

នេះបើយោងតាមកិច្ចប្រជុំពិភាក្សាការងារ ជុំវិញការពន្លឿនវឌ្ឍនភាព នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាប ក្រុងពោធិ៍សាត់ ដែលបានធ្វើឡើង នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅសាលប្រជុំ Video Conferenceខេត្ត ក្រោមអធិបតីភាព លោក ជាវ តាយ ជាមួយអាជ្ញាធរពាក់ព័ន្ធ និងក្រុមការងារអន្តរក្រសួងមួយចំនួនទៀត។

សូមបញ្ជាក់ថា ទាក់ទងនឹងគម្រោងគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាប គឺទទួលកញ្ចប់ថវិកា ជាកម្ចីហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំនួន ៩,៩៣លានដុល្លារ អនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋ ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដែលក្នុងនោះរួមមាន «អាងប្រព្រឹត្តកម្មទឹកកខ្វក់, ប្រព័ន្ធលូរំដោះទឹកភ្លៀង, ទំនប់ការពារទឹកជំនន់, ទីលានចាក់សម្រាម និងការធ្វើឱ្យប្រសើរឡើង ផ្លូវកៅស៊ូថ្មីក្នុងក្រុងពោធិ៍សាត់»។

បច្ចុប្បន្ននេះទីលានទុកដាក់សម្រាម សម្រេចបាននូវសមិទ្ធផលរួម បាន៨៥% ហើយ ដែលគ្រោងដាក់ឱ្យប្រើប្រាស់ នៅចុងខែកុម្ភៈ ឆ្នាំ២០២២, ចំពោះអាងប្រព្រឹត្តកម្មទឹកកខ្វក់ ប្រព័ន្ធលូរំដោះទឹកភ្លៀង និងផ្លូវក្រាលស៊ូ DBST ព្រមទាំងផ្លូវប៉េតុងជុំវិញផ្សារថ្មីពោធិ៍សាត់ គ្រោងនឹងបញ្ចប់ការដ្ឋាន នៅខែមីនា ឆ្នាំ២០២២ ខាងមុខនេះដែរ។ ទាំងនេះយើងអាចធ្វើទៅបាន គឺដោយសារម្លប់សន្តិភាព និងការអភិវឌ្ឍន៍ឥតឈប់ឈរ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ទោះបីគម្រោងទាំងអស់នោះកំពុងដំណើរការ និងមានការកកស្ទះខ្លះៗក៏ពិតមែន ក្នុងនាមរដ្ឋបាលខេត្ត លោក ជាវ តាយ នៅតែស្នើយ៉ាងទទូច ឱ្យជួយពន្លឿនការស្ថាបនាសាងសង់គម្រោងទាំងនោះ ឱ្យបានឆាប់រហ័ស ដើម្បីជាគុណប្រយោជន៍ ជូនដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋបានប្រើប្រាស់៕