(ភ្នំពេញ)៖ ដូចដែលបានគ្រោងទុក សិក្ខាសាលាត្រួតពិនិត្យផែនការសកម្មភាពអនុតំបន់ (SAP) ទី១១ ស្តីពីបញ្ហាគ្រឿងញៀន បានបិទបញ្ចប់ហើយ ក្រោយដំណើរការរបស់ខ្លួនអស់រយៈពេលពេញមួយថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានការជជែកយ៉ាងផុលផុសពីតំណាងស្ថាប័នត្រួតពិនិត្យគ្រឿងញៀន ពីបណ្តារដ្ឋជាហត្ថលេខី នៃមហាអនុតំបន់ទន្លេមេគង្គទាំង៦ រួមមាន៖ កម្ពុជា, វៀតណាម, ឡាវ, មីយ៉ាន់ម៉ា, ចិន និងថៃ ក្រោមកិច្ចសម្រសម្រួលពីអង្គការ សហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម ខណៈពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ឧត្តមសេនីយ៍ឯក ហួត សុផល្លី ប្រធានសហប្រតិបត្តិការអន្តរជាតិ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងក្រោយសិក្ខាសាលាថា តំណាងស្ថាប័នត្រួតពិនិត្យគ្រឿងញៀនពីបណ្តារដ្ឋទាំង៦ នៃប្រទេសហត្ថលេខី នៃអនុស្សរណយោគយល់គ្នា នៃមហាអនុតំបន់ទន្លេមេគង្គ បានជជែក និងឯកភាពគ្នាប្រកបដោយការយោគយល់សហការគ្នាលើចំណុចមួយចំនួន ក្នុងសកម្មភាពអនុតំបន់ទី១១ (Sub-regional Action Plan “SAP XI”)។

ឧត្តមសេនីយ៍ឯក ហួត សុផល្លី បានបន្តថា រយៈពេល២ឆ្នាំ២០២២-២០២៣ លេីការងារចំនួន៤ គឺទី១៖ គ្រឿងញៀន និងសុខភាព, ទី២៖ សហប្រតិបត្តិការក្នុងការពង្រឹងការអនុវត្តច្បាប់, ទី៣៖ សហប្រតិបត្តិការផ្នែកច្បាប់ និងវិស័យតុលាការ និងទី៤៖ ការអភិវឌ្ឍតាមរយៈជម្រើសផ្សេងៗ ប្រកបដោយនិរន្តរភាព ដេីម្បីឆ្ពោះទៅអនុវត្តការងារបានប្រសិទ្ធភាពពេលប្រទេសទាំងអស់ បានចាកចេញផុតពីបញ្ហាជំងឺរាតត្បាតកូវីដ១៩៕