(បាត់ដំបង)៖ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦នេះ បានអញ្ជើញចុះទៅពិនិត្យការដ្ឋាន​សំណង់ទំនប់ស្ទាក់ទឹក «អភិវឌ្ឍន៍ពហុ​បំណងបាត់ដំបង» ដែលមានទីតាំងស្ថិតក្នុងភូមិសាស្រ្ត ភូមិផ្លូវមាស ឃុំត្រែង ស្រុករតនះមណ្ឌល ខេត្តបាត់ដំបង។ ការដ្ឋានទំនប់ស្ទាក់ទឹកខាងលើនេះ ត្រូវបានស្ថាបនាដោយក្រុមហ៊ុនចិន។

លោករដ្ឋមន្រ្តី លឹម គានហោ បានបញ្ជាក់ថា ការដ្ឋានស្ទាក់ទឹកនេះ អាចផ្ទុកទឹកបានចំនួន២៩៦លានម៉ែត្រគូប ហើយអាចផលិតភ្លើងអគ្គិសនីសម្រាប់ផ្គតផ្កង់បាន១៣ម៉េកាវ៉ាត់។

ថ្លែងនៅក្នុងឱកាសចុះពិនិត្យការងារ លោករដ្ឋមន្ត្រី បានឲ្យដឹងថា «ដូចអ្វីដែលយើងបានគ្រោងទុក មកដល់ពេលនេះ ការងារសាងសង់ទំនប់ពហុបំណង សម្រេចបានប្រមាណ៨៨ភាគរយ ហើយគ្រោងនឹងបញ្ចប់នៅអំឡុងខែមីនា ឆ្នាំ២០១៧ខាងមុខ»។ លោករដ្ឋមន្ត្រីបន្តថា «នៅលើដងស្ទឹងសង្កែយើងបានសាងសង់សំណង់កាត់ស្ទឹងកង្ហតរួចហើយ ឆ្នាំនេះ ប្រសិនបើគ្មានសំណង់កង្ហតទេ អ្នកក្រុងបាត់ដំបងទាំងមូល គ្មានទឹកប្រើប្រាស់ទេ បច្ចុប្បន្នគឺបានទឹកដែលទម្លាក់ពីទំនប់កង្ហតនេះហើយ យកទៅផ្គត់ផ្គង់ក្រុងបាត់ដំបង តំបន់តាមដងស្ទឹងសង្កែ និងតំបន់មួយចំនួនទៀត»។

លោករដ្ឋមន្រ្តី បានជំរុញទៅកាន់ក្រុមការងារបច្ចេកទេសទាំងអស់ត្រូវយកចិត្តទុកដាក់ និងបង្កើនល្បឿនសាងសង់ឲ្យបានលឿន និងប្រកប​ដោយគុណភាព។ សូមរំលឹកជូនថា គម្រោងទំនប់ពហុបំណងនេះ សាងសង់ឡើងក្រោមហិញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន។

ក្រោយពេលសាងសង់រួច ទំនប់ពហុបំណង នឹងមានលទ្ធភាពស្តុកទឹកបានប្រមាណ២៩៦លានម៉ែត្រគូប ដែលអាចផ្តល់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ៤៧.០០០ ហិកតា និងស្រូវប្រាំង ចំនួន ១២.០០០ ហិកតា នៅក្នុងស្រុករតនមណ្ឌលបាណន់សង្កែ និងស្រុកមោងឫស្សី។ ទំនប់នេះក៏អាចទាញយកថាមពលវារីអគ្គិសនីបានចំនួន ១៣,២០ មេហ្គាវ៉ាត់ ព្រមទាំងផ្តល់ទឹកសម្រាប់ការប្រើប្រាស់ ដល់ក្រុងបាត់ដំបង ផងដែរ៕

 

Advertising