(កែប)៖ អភិបាលខេត្តកែបលោក សោម ពិសិដ្ឋ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ បានដឹកនាំមន្ត្រីនៃស្ថាប័នជំនាញ អាជ្ញាធរ និងអ្នកពាក់ព័ន្ធ ចុះពិនិត្យការដ្ឋានជួសជុលផ្លូវខេត្តលេខ ១ និងលេខ៣៣២ ដែលមានប្រវែង៧៥០ម៉ែត្រ និងទទឹង៩ម៉ែត្រ ដោយចាក់ក្រាលបេតុងសរសៃរដែក (RC) ស្ថិតក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។

លោក សោម ពិសិដ្ឋ ក្នុងនាមរដ្ឋបាលខេត្ត បានចូលរួមសម្តែងនូវក្តីរីករាយ ជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តកែបទាំងមូល ដែលទទួលបានសមិទ្ធផលថ្មីមួយទៀត គឺផ្លូវខេត្តដែលបាន និងកំពុងជួសជុលខាងលើ ពីសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចតែងតែគិតគូរពី សុខទុក្ខ និងតម្រូវការចំបាច់ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ជាក់ស្តែងថ្ងៃនេះ គម្រោងជួសជុលផ្លូវខេត្តលេខ១,៣៣២ ដែលមានប្រវែង៧៥០ម៉ែត្រ និងទទឹង៩ម៉ែត្រ ដោយចាក់ក្រាលបេតុងសរសៃរដែក (RC) ដែលមានរយៈពេលសាងសង់១ឆ្នាំ ដើម្បីអោយល្អប្រសើរជាងមុន។

លោក សោម ពិសិដ្ឋ បានបញ្ជាក់ថា ផ្លូវមួយខ្សែនេះ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីឆ្នាំ២០០៩ ហើយត្រូវបានជួសជុលឡើងវិញ អោយលេចចេញជារូបរាង បេតុងសរសៃដែក (RC) ដើម្បីបំរើប្រយោជន៍ដល់ប្រជាពលរដ្ឋនៅតំបន់នេះ និងផ្សារភ្ជាប់ទៅទីប្រជុំជននានា ក្នុងខេត្តកែប ចំពោះការកសាងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនេះ គឺដើម្បីជំរុញអោយមានកំណើនសេដ្ឋកិច្ច បង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងការដឹកជញ្ជូនផលិតផលកសិផលគ្រប់ប្រភេទ។ ហើយសមិទ្ធផលផ្លូវខេត្តមួយខ្សែនេះ គឺកើតចេញពីកត្តាសន្តិភាព ប្រសិនបើគ្មានសុខសន្តិភាព គឺគ្មានសមិទ្ធផលនេះកើតឡើងបានទេ។

ដូច្នេះសន្តិភាព មិនអាចកើតមានដោយមិនមានការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋនោះទេ សូមបងប្អូនកុំជឿតាមពាក្យញុះញុង របស់បុគ្គលណាមួយដែលនិយាយមិនពិត ហើយសព្វថ្ងៃនេះ សម្តេចតេជោ តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋរបស់យើងជានិច្ច ដោយមិនទុកប្រជាពលរដ្ឋណាម្នាក់ចោលឡើយ បើទោះបីក្នុងកាលៈទេសៈណាក៏ដោយ។

បន្ថែមពីនេះទៀត លោក សោម ពិសិដ្ឋ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ក្នុងការសម្របសម្រួលដោះស្រាយផលប៉ះពាល់ និងគៀងគរប្រមូលនៅថវិកា ដើម្បីការអភិវឌ្ឃន៍គម្រោងនេះ អោយទទួលបានជោគជ័យ ម្យ៉ាងវិញទៀត ផ្លូវមួយខ្សែនេះ ជួសជុលបានយ៉ាងល្អប្រសើរ ហើយ ក៏ត្រូវបញ្ចប់កិច្ចសន្យាគម្រោងនៅខែវិច្ឆិកា ឆ្នាំ២០២១នេះដែរ។

ជាងនេះទៅទៀត លោកអភិបាលខេត្ត ក៏បានអំពាវនាវ សូមឱ្យបងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់ ត្រូវចូលរួមថែទាំដាំដើមឈើ និងប្រើប្រាស់ផ្លូវនេះ ឲ្យមានប្រយោជន៍ពិសេសនៅរាល់ពេលធ្វើដំណើរ ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ជៀសវាងការគ្រោះថ្នាក់ដោយយថាហេតុបង្កឲ្យប៉ះពាល់ដល់អាយុជីវិត។

លោកអភិបាលខេត្ត ក៏សូមហើយបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវនាំកូនដែលមានអាយុគ្រប់៥ឆ្នាំ ចូលរួមចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា ដើម្បីបង្កើតភាពសុំាក្នុងការការពារខ្លួនអោយជៀសផុត ពីការឆ្លងជំងឺកូវីដ-១៩៕