(បន្ទាយមានជ័យ)៖​ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនយុវជនឈាមរាវ១ក្រុម ​មានគ្នា​៦នាក់ ម្នាក់ទៀតរត់គេច​ នៅល្ងាចថ្ងៃទី​៨​​​ ខែមេសា ឆ្នាំ២០១៦ តាមបណ្តោយមហាវិថី៧មករា ចំណុចមុខសួនស្នេហ៍ជនបទ ស្ថិតក្នុងភូមិខ្លាកូនថ្មីសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បន្ទាប់ពីបានវាយកាប់ចាក់លើដៃគូប្រកួត របស់ខ្លួន​បណ្តាល​ឲ្យរងរបួសធ្ងន់​។​ ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនហើយ អោយក្រុមដៃដល់​ធ្វើត្រាប់ឡើងវិញចំពោះសកម្មភាពទាំងនេះ។

លោក​ សិទ្ធ​ ឡោះ​ ស្នងការរងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា យុវជនរងគ្រោះ​ឈ្មោះ​ ភួង​ ឡៃយីន​ អាយុ១៧ឆ្នាំ រស់នៅភូមិខ្លាកូនចាស់​ សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ បានជិះរត់ចេញ​ដើម្បីគេចខ្លួន​ តែត្រូវបានភាគីប្រកួតយកដំបង​ កាំបិត​ វាយនិងកាប់បណ្តាលឲ្យដួលដេកលើដីរងរបួសធ្ងន់​។ លោកបន្តថា ​ម៉ូតូជនរងគ្រោះក៏ត្រូវបានគេវាយកម្ទេច ឲ្យរងការខូចខាតយ៉ាងដំណំ និងជិះ​យកទៅផ្លុ​ងចោល នៅមាត់អូរក្រៅភូមិ ដើម្បីបំបាត់ដានសមត្ថកិច្ច។​ តែដោយមានការស្រាវជ្រាវ​យ៉ាងម៉ឺងម៉ាត់​ពីកម្លាំង​ជំនាញនគរបាល ក្រោមការដឹក​នាំបញ្ជា​ផ្ទាល់ពី​លោកឧត្តម​សេនីយ៍ អាត់ ខែម បានឃាត់បក្ខពួកក្មេងទំនើងបាន៥នាក់ ជាបន្តបន្ទាប់និងបានយកម៉ូតូជនរងគ្រោះមកវិញ ដោយឡែកបក្ខពួកម្នាក់ទៀត​កំពុងគេចខ្លួន។​ លោក​ សិទ្ធ​ ឡោះ​ បានបន្តថា ក្មេងទំនើងទាំង៥នាក់ ដែលឃាត់ខ្លួនបានមាន​ ទី១. ឈ្មោះ ប៉ាន នូលឿន អាយុ១៩ឆ្នាំ (ជាជនដៃដល់) ទី២. ឈ្មោះ ប្រាក់ ឌិចសា ហៅកាត់ អាយុ១៩ឆ្នាំ (ទើបមកពីប្រទេសថៃ) ជាជនដៃដល់, ទី៣. ឈ្មោះ លើត និត អាយុ១៨ឆ្នាំ (ជាបក្ខពួក), ទី៤. ឈ្មោះ ដាវ​ វុទ្ធី  អាយុ១៩ ឆ្នាំ, ទី៥. ឈ្មោះ ហួត ប៉ាវ ហឌី អាយុ២២ឆ្នាំ និងទី៦. ឈ្មោះ យី  (មិនទាន់ស្គាល់ត្រកូល) កំពុងរត់គេចខ្លួន។​

ជនល្មើសខាងលើនេះ រស់នៅភូមិសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។ បច្ចុប្បន្នក្មេងទំនើងទាំង៥នាក់ សមត្ថកិច្ចការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូន​ទៅតុលាការខេត្តចាត់​ការតាមនីតិវិធី​ច្បាប់៕​