(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល រួមជាមួយលោក Damien CAZE អគ្គនាយកនៃអាជ្ញាធរអាកាសចរណ៍ស៊ីវិលបារាំង (DGAC) និងលោកស្រី Ophelie BOURHIS នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងជំនួយបច្ចេកទេស សម្រាប់គម្រោងកសាងសមត្ថភាព ក្នុងវិស័យអាកាសចរស៊ីវិល។

តាមរយៈកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលបារាំង នឹងផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន៤៥០,០០០អឺរ៉ូ (ប្រមាណ៥០ម៉ឺនដុល្លារ) ដើម្បីអនុវត្តគម្រោងកសាងសមត្ថភាព ក្នុងវិស័យអាកាសចរស៊ីវិលកម្ពុជា សំដៅធ្វើឲ្យប្រសើឡើង និងលើកកម្ពស់ប្រព័ន្ធសុវត្ថិភាព និងបរិស្ថានអាកាសយានដ្ឋាននៅកម្ពុជា ក៏ដូចជាបង្កើនភាពទាក់ទាញ អ្នកទេសចរតាមផ្លូវអាកាសមកកម្ពុជា តាមរយៈជួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល អនុវត្តបទប្បញ្ញត្តិសុវត្ថិភាពអាកាសចរ និងពង្រឹងនូវលក្ខខណ្ឌសុវត្ថិភាព និងបរិស្ថាននៅក្នុងអាកាសយានដ្ឋានកម្ពុជា។

គម្រោងនេះផ្តោតលើការងារអាទិភាពចំនួន៤ រួមមាន៖ ពង្រឹងការគ្រប់គ្រងបរិស្ថានអាកាសយានដ្ឋាន, ផ្តល់ការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាព លើការថែទាំបច្ចេកទេសអាកាសយាន, ផ្តល់ការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពពេទ្យអាកាសចរ, និងពង្រឹងសុវត្ថិភាពអាកាសយានដ្ឋាន។

រដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាជន និងរាជរដ្ឋាភិបាលបារាំង ដែលបានផ្តល់ជំនួយឥតសំណងដ៏មានតម្លៃនេះ ដែលឆ្លើយតបនឹងសេចក្តីត្រូវការ និងការងារជាអាទិភាព នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

នាយឧត្តមសេនីយ៍បណ្ឌិតរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ពិធីចុះហត្ថលេខានេះ ជាសក្ខីភាពមួយបង្ហាញពីទំនាក់ទំនងដ៏យូរអង្វែង និងជាផ្លែផ្ការវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលបារាំង ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អ រវាងអាជ្ញាធរអាកាសចរស៊ីវិលនៃប្រទេសទាំងពីរ។ ជាងនេះទៀត វាបានឆ្លុះបញ្ចាំងពីទំនុកចិត្ត និងការវាយតម្លៃ ខ្ពស់របស់រដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង មកលើការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

នាយឧត្តមសេនីយ៍បណ្ឌិតរដ្ឋមន្ត្រី បានរំលឹកឡើងថា នេះមិនមែនជាជំនួយលើកដំបូង ដែលផ្តល់ដោយសាធារណរដ្ឋបារាំង ដល់ប្រទេសកម្ពុជានោះទេ ជាពិសេសក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរអាកាសចរស៊ីវិលនៃប្រទេសទាំងពីរ។

ចាប់តាំងពីឆ្នាំ ១៩៩៩ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា និងអាជ្ញាធរអាកាសចរស៊ីវិលបារាំងបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងជំនួយបច្ចេកទេសជាច្រើន ដើម្បីអនុវត្តគម្រោងផ្សេងៗ ដូចជា គម្រោងកសាងសមត្ថភាព តាមរយៈការផ្តល់ការបណ្តុះបណ្តាលរយៈពេលខ្លី និងរយៈពេលវែង ដល់មន្ត្រីបច្ចេកទេសរបស់រដ្ឋលេខាធិ ការដ្ឋានអាកាសចរស៊ីវិលកម្ពុជា ការផ្ដល់ជំនាញការរយៈពេលខ្លី-វែង ជួយរៀបចំបទប្បញ្ញត្តិបច្ចេកទេស និងឯកសារណែនាំអាកាសចរស៊ីវិល ក៏ដូចជាការជួយសិក្សា និងវិភាគលើផលប៉ះពាល់សេដ្ឋកិច្ច លើវិស័យដឹកជញ្ជូនតាមផ្លូវអាកាសកម្ពុជាផងដែរ។

កិច្ចសហប្រតិបត្តិការទាំងនេះ បង្ហាញពីការប្តេជ្ញាបន្តពង្រឹងភាពជាដៃគូដ៏រឹងមាំរបស់រាជរដ្ឋាភិបាល នៃសាធារណរដ្ឋបារាំង ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា៕