(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង រួមដំណើរដោយលោកនាយឧត្តមសេនីយ៍ សៅ សុខា គណៈកិត្តិយស សាខា និងសហការី បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់ជនរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ៨៤គ្រួសារ នៅឃុំក្រសាំង អណ្តូងត្របែក អំពិល និងឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១។

ថ្លែងក្នុងឱកាសនោះ លោកស្រីក៏បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹកដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកស្រី ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហេសពីជំងឺកូវីដ-១៩ នេះឱ្យសោះ ត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការណ៍របស់រាជរដ្ឋាភិបាល «៣ការពារ និង៣កុំ» ខណៈដែលសាលារៀនត្រូវបានបើកឲ្យដំណើរការឡើងវិញកាលពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២១។

អំណោយដែលបានផ្តល់ជូននាពេលនេះ រួមមាន ៖ សម្រាប់គ្រួសាររងគ្រោះធ្ងន់ធ្ងរក្នុង ១ គ្រួសារ ទទួលបាន៖ អង្ករ ៣០ គីឡូក្រាម, ក្រណាត់កៅស៊ូតង់១, ធុងទឹកជ័រ១, ឆ្នាំងបាយ-សម្លរ ២, មី ១កេស, ត្រីខកំប៉ុង ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, កន្ទេលជ័របត់១, ឃីត ១កញ្ចប់ (ភួយ,មុង,សារ៉ុង,ក្រមា ) ម៉ាស ៣បន្ទះ និងថវិកាចំនួន ២០០,០០០ រៀល ។

សម្រាប់គ្រួសាររងគ្រោះមធ្យមក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខកំប៉ុង ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, កន្ទេលជ័របត់១, ឃីត ១កញ្ចប់ (ភួយ,មុង,សារ៉ុង,ក្រមា ) ម៉ាស ៣បន្ទះ និងថវិកាចំនួន ៥០,០០០ រៀល ឧបត្ថម្ភដល់អ្នករបួស ថវិកា ២០០,០០០ រៀល។

បន្ថែមពីនេះទៀត គ្រួសាររងគ្រោះតិចតួចក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៦០,០០០ រៀល សម្រាប់ទិញសម្ភារជួសជុលផ្ទះឡើងវិញ និងប្រគេនដល់ព្រះសង្ឃ អង្ករ ៥០គីឡូក្រាម, ទឹកបរិសុទ្ធ ១កេស, ទឹកក្រូច ១ កេស, ទេយ្យទានមួយឈុតនិងបច្ច័យ ២០០,០០០ រៀល។

ក្នុងឱកាសនោះដែរ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានឧបត្ថមបន្ថែមដល់គ្រួសាររងគ្រោះធ្ងន់ ក្នុង ១គ្រួសារ ថវិកា ១០០,០០០ រៀល អ្នករងគ្រោះមធ្យមក្នុង ១គ្រួសារ ថវិកា ៤០,០០០ រៀល អ្នករងរបួស ថវិកា ២០០,០០០ រៀល ប្រគេនដល់ព្រះសង្ឃវត្តក្រសាំង សម្រាប់ចូលបុណ្យ កឋិនទាន ថវិកា ១លានរៀល៕