(ភ្នំពេញ)៖ បើនិយាយពីការសរសេរព័ត៌មាន ការទាញ Lead នៃសាច់រឿង គឺជាចំណុចសំខាន់ណាស់សម្រាប់អ្នកសារព័ត៌មាន ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អ្នកអាន។ លោក ម៉ារ យ៉ារិទ្ធ ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News ដែលហៅកាត់ថា FTC បានពន្យល់ថា ដើម្បីសរសេរ Lead របស់ព័ត៌មានមួយបានល្អ អ្នកសារព័ត៌មានត្រូវចេះថ្លឹងអំពីតម្លៃនៃ 5Wh’s។

ព្រឹទ្ធាចារ្យក្នុងវិស័យសារព័ត៌មានរូបនេះ បញ្ជាក់ដូច្នេះថា «5wh's ត្រូវជ្រើសរើសដោយការថ្លឹងតម្លៃនៃរឿងនីមួយៗ ថាតើគួរចាប់ Lead ពីអ្វីមួយដែលទាក់ទាញខ្លាំងជាងគេ។ សាច់រឿងមួយមិនមែនមានតែ when ល្អជាងគេទេ ជួនកាលអាច why, who, what or How។ ហើយប្រសិនជាយើងមានគូប្រជែង ក្នុងវិស័យជាមួយគ្នា យើងត្រូវជ្រើសរើស Lead ដែលខុសពីដៃគូប្រជែង តែរើសយក Lead ណាដែលមានតម្លៃខ្លាំងជាងគូប្រកួត»

5wh's គឺជាធាតុទាំង៥នេះ នៃការសរសេរសេចក្តីផ្តើមដំបូងនៃព័ត៌មាន ដូចជា (Who, What, Where, When, Why) ដែលមាន ន័យថា នរណាកើតអ្វី? មានរឿងអ្វីកើតឡើង? កើតឡើងនៅពេលណា? កើតឡើងនៅទីណា? ហេតុអ្វីបាន កើតឡើង? ជាដើម។

អ្នកជំនាញផ្នែកសារព័ត៌មាន រហ័សនាម «អាត់ជួង» បានបញ្ជាក់ដែរថា «ភាពសំខាន់នៃសាច់រឿង ត្រូវបានលើកទឹកចិត្ត សម្រាប់ការប្រើប្រាស់ធ្វើជា Lead នៃអត្ថបទព័ត៌មាន»។ ដោយកន្លងមក លោកបានសង្កេតឃើញថា អ្នកសារព័ត៌មានមួយចំនួន មិនបានចាប់អារម្មណ៍ត្រង់ចំណុច ហើយបន្តការសរសេរដោយប្រើប្រាស់ពេលវេលាជា Lead នៃអត្ថបទរបស់ខ្លួន។ ដោយលោកបានលើកឧទាហរណ៍ (កាលពីថ្ងៃទី...កន្លងទៅ) ជាដើម ដែលការសរសេរបែបនេះ ធ្វើឲ្យទម្ងន់នៃ Lead របស់អត្ថបមិនសូវមានទម្ងន់។

«ប៉ុន្តែពេលខ្លះ When ក៏មានតម្លៃខ្លាំងក្នុងការប្រើប្រាស់ជា Lead នៃអត្ថបទដែរ ជាពិសេសអត្ថបទព័ត៌មាន ដែលកើតឡើង នៅក្នុងព្រឹត្តិការណ៍នៃពិធីបុណ្យធំៗ ឬជាពេលវេលាដែលជាការចងចាំណាមួយ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ម៉ារ យ៉ារិទ្ធ។

ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) លោក ម៉ារ យ៉ារិទ្ធ គឺជាព្រឹទ្ធាចារ្យក្នុងវិស័យសារព័ត៌មានជាង៣០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារ ព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ ក្រៅពីនោះលោក ម៉ារ យ៉ារិទ្ធ ដែលមានរហ័សនាម «អាត់ជួង» នៅកម្ពុជាក្នុងវិស័យសារព័ត៌មានរូបនេះ គឺជាអ្នកចូលរួមក្នុងការបង្កើតស្ថាប័នព័ត៌មាន និងដឹកនាំ ស្ថាប័នសារព័ត៌មាន ជាច្រើននៅកម្ពុជា។ លោកគឺជានិស្សិតខ្មែរដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុង សហរដ្ឋអាមេរិក។

ចំណែកឯមជ្ឈមណ្ឌលបណ្តុះបណ្តាល Fresh News (Fresh News Training Center) ហៅកាត់ថា «FTC» ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News។ FTC ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ។ FTC មាន លោក ម៉ារ យ៉ារិទ្ធិ ជាប្រធាននៃមជ្ឈមណ្ឌល។

វគ្គបណ្តុះបណ្តាលលើកដំបូង ធ្វើឡើងរយៈពេល៣ខែមានសិក្ខាកាមជាបុគ្គលិក Fresh News ប្រមាណ៣០រូបចូលរួម។ ក្រោយបញ្ចប់វគ្គសិក្សា សិក្ខាកាមទាំងអស់នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ចេញដោយអង្គភាពព័ត៌មាន Fresh News ដែលមានការទទួលស្គាល់ពីអង្គភាពជំនាញ និងគ្រូបង្គោលផងដែរ។ សម្រាប់វគ្គបន្ទាប់ FTC នឹងអនុញ្ញាតឱ្យសិស្ស-និស្សិត និងយុវជនដទៃទៀត ដែលមិនមែនជាបុគ្គលិក Fresh News ចូលរៀនថែមទៀត៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
១៖ លោក ពេជ្រ ប៊ុនសាយ អគ្គនាយករងអង្គភាពព៏ត៌មាន Fresh News និងជាអនុប្រធានប្រចាំការ FTC ទូរស័ព្ទលេខ : 089 960 090.
២៖ កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈ 092 322 334