(ភ្នំពេញ)៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ការអនុវត្តច្បាប់តាមផ្លូវតុលាការ និងផ្អែកលើនីតិវិធីច្បាប់ជាតិ ដែលមានជាធរមាននៅកម្ពុជា មិនមែនជាការរំលោភសិទ្ធិមនុស្សនោះទេ តែជាការលើកស្ទួយសិទ្ធិមនុស្ស និងនីតិរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ។ តែផ្ទុយទៅវិញ ការដែលសមត្ថកិច្ចប្រើប្រាស់អំពើហិង្សា និងបាញ់សម្លាប់ជនសង្ស័យក្រៅប្រព័ន្ធតុលាការ ដោយផ្អែកលើពណ៌សម្បុរទៅវិញទេ ទើបជាការរំលោភសិទ្ធិមនុស្សយ៉ាងពិតប្រាកដ និងធ្ងន់ធ្ងរពាក់ព័ន្ធនឹងការរើសអើងពូជសាសន៍។

ការចេញមុខមកបញ្ជាក់បែបនេះរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើឡើងបន្ទាប់ពីឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានលើកឡើងតាមបណ្តាញសង្គម Twitter នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២ បានសម្តែងការមិនពេញចិត្ត ចំពោះការកាត់ទោសលើសកម្មជនក្រុមប្រឆាំងម្នាក់ក្រោមការចោទប្រកាន់ពីបទញុះញង់ ដោយចោទថាជាការរំលោភសិទ្ធិមនុស្ស។

ជុំវិញចំណុចនេះ លោក ជិន ម៉ាលីន បានគូសបញ្ជាក់ពីទិដ្ឋភាពច្បាប់ថា ដោយផ្អែកលើទិដ្ឋភាពច្បាប់ជាតិរបស់កម្ពុជា អនីតិជនអាយុចាប់ពី១៤ឆ្នាំឡើង ត្រូវទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌចំពោះបទល្មើសដែលខ្លួនបានប្រព្រឹត្តិ ចំណែកឯការផ្តន្ទាទោសត្រូវទទួលបាននូវការអនុគ្រោះមួយចំនួនតាមផ្លូវច្បាប់ ដូចជាការបន្ថយទោសមកនៅត្រឹមពាក់កណ្តាល នៃអតិបរិមានៃទោសចំពោះបទល្មើសដែលបានប្រព្រឹត្តិ និងការព្យួរទោសជាដើម។ល។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងយ៉ាងដូច្នេះថា៖ «ការអនុវត្តច្បាប់តាមផ្លូវតុលាការ និងផ្អែកលើនីតិវិធីច្បាប់ជាតិដែលមានជាធរមាន មិនមែនជាការរំលោភសិទ្ធិមនុស្សនោះទេ តែជាការលើកស្ទួយសិទ្ធិមនុស្ស និងនីតិរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ។ តែផ្ទុយទៅវិញ ការដែលសមត្ថកិច្ចប្រើប្រាស់អំពើហិង្សា និងបាញ់សម្លាប់ជនសង្ស័យក្រៅប្រព័ន្ធតុលាការដោយផ្អែកលើពណ៌សម្បុរទៅវិញទេ ទើបជាការរំលោភសិទ្ធិមនុស្សយ៉ាងពិតប្រាកដ និងធ្ងន់ធ្ងរពាក់ព័ន្ធនឹងការរើសអើងពូជសាសន៍»

សូមជម្រាបថា សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ បានសម្រេចផ្តន្ទាទោសជនត្រូវចោទឈ្មោះ កាក់ សុវណ្ណច្ឆ័យ ដាក់ពន្ធនាគារកំណត់៨ខែ ប៉ុន្តែត្រូវឣនុវត្តទោសចំនួន ៤ខែ និង១៥ថ្ងៃប៉ុណ្ណោះ ចំណែកទោសនៅសល់ប៉ុន្មានត្រូវព្យួរ។ ជននេះត្រូវតុលាការចោទប្រកាន់ពីបទ ញុះញង់ និងផ្តើមគំនិតជេរប្រមាថរាជរដ្ឋាភិបាល។ ការប្រកាសសាលក្រមផ្តន្ទាទោស ធ្វើឡើងដោយចៅក្រមជំនុំជម្រះ លោក អួង វុទ្ធា។

សកម្មជនក្រុមប្រឆាំងឈ្មោះ កាក់ សុវណ្ណច្ឆ័យ ត្រូវបានសមត្ថកិច្ចបានចាប់ខ្លួនកាលពីយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រោយធ្វើសកម្មភាពញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម និងបានជេរប្រមាថ ដល់ប្រមុខថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការជជែកគ្នាក្នុង Group នៃបណ្ដាញសង្គម Telegram៕