(ភ្នំពេញ)៖ លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានឧបត្ថម្ភថវិកា ៤០ម៉ឺនរៀល ជូនកុមារាម្នាក់នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីទិញស្បែកជើង និងសម្លៀកបំពាក់ទៅសាលារៀន។

ការឧបត្ថម្ភរបស់លោក ជា ច័ន្ទបរិបូរណ៍ ធ្វើឡើងក្រោយពេលរូបនៃការខ្វះខាតរបស់កុមារារូបនេះ ត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុក រួមទាំងហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីផងដែរ។

កុមារារូបនេះ មានឈ្មោះ គង់ សីហា អាយុ ៧ឆ្នាំ ជាសិស្សរៀននៅសាលាបឋមសិក្សាជ័យ និងរស់នៅភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ជាមួយឈុតសម្លៀកបំពាក់ជាសិស្សសាលាដែលមានពណ៌ស្រអាប់ គ្មានស្បែកជើងពាក់ និងភ្ជាប់ដោយថង់ច្រកបណ្ណចាក់វ៉ាក់សាំងចងភ្ជាប់នឹងអាវ កុមារា គង់ សីហា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមកើតក្តីអាណិតអាសូរជាខ្លាំងសម្រាប់រូបគេ ហើយក៏មានការឧបត្ថម្ភជាបន្តបន្ទាប់ផងដែរ។

រូបភាពមួយសន្លឹកនេះ មិនត្រឹមតែអន្ទងត្រឹមបេះដូង និងដួងចិត្តរបស់ប្រជាពលរដ្ឋទូទៅនោះទេ តែក៏បានអន្ទងដល់ដួងចិត្ត និងបេះដូងរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញការចាប់អារម្មណ៍ និងបង្ហាញនូវមោទនភាពចំពោះការចង់សិក្សារៀនសូត្រ និងការបានចាក់វ៉ាក់សាំងរបស់កុមាររូបនេះ។

សម្តេចតេជោ បានគូសបញ្ជាក់ថា «ខ្ញុំពិតជាមានមោទនភាពចំពោះចៅៗដែលចង់រៀនសូត្រ។ បណ្ណចាក់វ៉ាក់សាំងពាក់នៅកបង្ហាញថាខ្ញុំ បានចាក់វ៉ាក់សាំងរួចហើយ និងចូលរៀនដោយគ្មានការភ័យខ្លាចជាមួយនិងការពាក់ម៉ាស់បានត្រឹមត្រូវ»។

សម្តេចតេជោ ក៏បានលើកឡើងផងដែរថា ទោះបីកុមាររូបនេះ មិនមានស្បែកជើងពាក់ តែសម្តេចជឿថា កុមារារូបនេះ ច្បាស់ជាលាងដៃ និងរក្សាអនាម័យបានល្អ៕