(កណ្តាល)៖ មន្រ្តីកងរាជអាវុធហត្ថស្រុកលើកដែក ខេត្តកណ្តាល ដឹកនាំដោយលោក​​វរសេនីយ៍ត្រី ប្រាក់ សាមិត្ត មេបញ្ជាការកងរាជអាវុធហត្ថស្រុក បាននាំយកនូវ អំណោយមួយចំនួន ទៅប្រគល់ជូនលោកយាយម្នាក់ ដែលជាចាស់ជរា​ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខនេះ។

អំណោយដែល លោកមេបញ្ជាការ អាវុធហត្ថស្រុកនិងសហការី នាំយក ទៅជូនលោកយាយនោះ រួមមានថវិកាចំនួន១៥០ ០០០រៀល អង្ករចំនួន១បាវ មី១កេះ ទឹកសុទ្ធ១កេះ ត្រីខកំប៉ុង១យួរ យកទៅជូនលោក យាយណម អាយុ៩៨ឆ្នាំ ដែលជាចាស់ជរារស់នៅ ភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល នៅវេលាម៉ោង ៨និង៣០នាទីថ្ងៃទី​ ៩ ខែមេសា ឆ្នាំ២០១៦នេះ។

ថ្លែងនៅក្នុងឱកាសនោះ លោកប្រាក់ សាមិត្ត បានលើកឡើងថា ដោយមានការចង្អុលបង្ហាញ និងណែនាំពី លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល ឲ្យកងរាជអាវុធហត្ថនៅតាមបណ្ដាលស្រុក និងស្នាក់ការទាំងអស់ ត្រូវយកចិត្តទុកដាក់ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះ។

លោក ប្រាក់ សាមិត្ត បានបន្តថា ការចែកអំណោយនេះ បានធ្វើឡើង បន្ទាប់ពីទទួលបានព័ត៌មាន ថាលោកយាយខាងលើជាជនចាស់ជរា ក្រីក្រនៅក្នុងភូមិនោះ ទើបលោកនិងសហការីចាត់ ចែងនាំយកអំណោយមកជូនគាត់នៅពេលនេះ​ សម្រាប់ដោះស្រាយ​ការលំបាក បានមួយគ្រាផងដែរ៕