(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា សម្តេចមានមោទនភាពដែលបានឃើញកុមារ ចាក់វ៉ាក់សាំងរួចហើយ និងចូលរៀនដោយគ្មានការភ័យខ្លាច។

តាមរយៈហ្វេសបុក នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបកុមារម្នាក់ ដោយលើកឡើងថា «ទោះជារូបភាពមួយសន្លឹកនេះ ខ្ញុំមិនដឹងថានៅទីណា? និងចៅតូចនេះឈ្មោះអី អាយុប៉ុន្មាន? តែខ្ញុំពិតជាមានមោទនភាពចំពោះចៅៗដែលចង់រៀនសូត្រ។ ប័ណ្ណចាក់វ៉ាក់សាំងពាក់នៅកបង្ហាញថាខ្ញុំ បានចាក់វ៉ាក់សាំងរួចហើយ និងចូលរៀនដោយគ្មានការភ័យខ្លាចជាមួយនិងការពាក់ម៉ាស់បានត្រឹមត្រូវ»

សម្តេចបានបន្តថា ទោះចៅមិនមានស្បែកជើងពាក់តែតាជឿថាចៅច្បាស់ជាលាងដៃនិងរក្សាអនាម័យបានល្អ។ សម្តេចបានជូនពរចៅៗប្រកបដោយសេចក្តីសុខសេចក្តីចំរើន និងរៀនសូត្របានល្អ។

បើតាមអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុក ដែលចូល Comment នៅលើហ្វេសបុករបស់សម្តេចបានបញ្ជាក់ថា កុមារដែលសម្តេចបានបង្ហោះនេះ មានឈ្មោះ គង់ សីហា អាយុ៧ឆ្នាំ ជាសិស្សរៀននៅសាលាបឋមសិក្សាជ័យ និងរស់នៅភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

កម្ពុជាបានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាបន្តបន្ទាប់យ៉ាងស្វិតស្វាញរយៈពេលជាង៨ខែមកហើយ ដោយក្នុងនោះមាន ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាជនបរទេសកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជា រួមទាំងកុមារផងដែរ។

យុទ្ធនាការសម្រាប់ការចាក់ជូនអ្នកមានអាយុ ៦ឆ្នាំឡើង ត្រូវបានបិទនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។ ទន្ទឹមនឹងការបិទយុទ្ធនាការចាក់សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើងនេះ កម្ពុជាក៏បាន បើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ ៥ឆ្នាំផងដែរ។

របាយការណ៍របស់ក្រសួងសុខាភិបាល បានបង្ហាថា គិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ៦ឆ្នាំឡើង បានចំនួនសរុបជិត ១៤លាននាក់ ស្មើនឹងជិត ៨៦ភាគរយ នៃចំនួនប្រជាជនសរុប ១៦លាននាក់។ ក្នុងនោះអ្នកចាក់គ្រប់ចំនួនពីរដូស បានជាង ១៣លាននាក់ ហើយអ្នកចាក់ដូសទី៣ បានជិត ២លាននាក់។

ជាមួយនឹងជោគជ័យក្នុងការចាក់វ៉ាក់សាំងនេះ សាលារៀនគ្រប់កម្រិតទាំងអស់ ទាំងសាលារដ្ឋ និងឯកជនទូទាំងប្រទេស ចាប់ផ្តើមបើកដំណើរការសិក្សាក្នុងថ្នាក់រៀនឡើងវិញ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១៕