(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចូលជាអធិបតីបេីកសិក្ខាសាលាត្រួតពិនិត្យផែនការសកម្មភាពអនុតំបន់ (SAP) ទី១១ ស្តីពីបញ្ហាគ្រឿងញៀន នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២១នេះ ដែលមានការចូលរួមតំណាងស្ថាប័នត្រួតពិនិត្យគ្រឿងញៀនពីបណ្តារដ្ឋជាហត្ថលេខីនៃមហាអនុតំបន់ទន្លេមេគង្គទាំង៦ រួមមាន៖ កម្ពុជា វៀតណាម ឡាវ ម៉ីយ៉ាន់ម៉ា ចិន ថៃ និងអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងឧក្រិដ្ឋកម្ម (UNODC) ដែលកម្ពុជាទទួលធ្វេីជាម្ចាស់ផ្ទះ។

ថ្លែងក្នុងនាម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានឱ្យដឹងថា ការចួលរួមប្រទេសជាហត្ថលេខីទាំង៦ ក្នុងសិក្ខាសាលាត្រួតពិនិត្យផែនការអនុតំបន់ទី១១ ស្តីពីបញ្ហាគ្រឿងញៀន នាពេលនេះពិតជាមានសារៈសំខាន់ ព្រោះវាជាឱកាសមួយដែលយើងទាំងអស់គ្នាអាចបំពេញបន្ថែមនូវសកម្មភាពនានាមួយចំនួនផ្សេងទៀត ដែលពុំមាននៅក្នុងផែនការចាស់ហើយដែលសកម្មភាពទាំងនោះឆ្លើយតបបានប្រកបដោយប្រសិទ្ធភាពដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន ទាំងក្របខ័ណ្ឌថ្នាក់ជាតិ តំបន់ និងសកលលោក ក្នុងបរិបទនៃជំងឺកូវីដ១៩ ក៏ដូចជានៅពេលអនាគត។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ក៏បានថ្លែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ UNODC ដែលបានខិតខំគៀរគររកប្រភពហិរញ្ញវត្ថុ ពីប្រទេសផ្តល់ជំនួយដើម្បីបន្តសកម្មភាពដល់បណ្តាប្រទេស MOU ទាំងធនធានហិរញ្ញវត្ថុ សម្ភារៈ និងបច្ចេកទេសក្នុងរយៈកាលកន្លងមក ហេីយសិក្ខាសាលាត្រួតពិនិត្យផែនការសកម្មភាពអនុតំបន់ (SAP) ទី១១ នឹងទទួលបានធាតុចូលថ្មីៗបន្ថែមទៀត សម្រាប់អនុវត្តន៍ក្នុងពេលដែលប្រទេសយើងទាំងអស់ត្រៀមនឹងចាកចេញពីជំងឺកូវីដ១៩ ហើយឈានទៅបើកប្រទេសឡើងវិញ៕