(ស្វាយរៀង)៖ រដ្ឋបាលខេត្ដស្វាយរៀង ចាប់ផ្តើមដំណើរការគ្រឹះស្ថានសិក្សាអប់រំគ្រប់កម្រិតឡើងវិញ នៅទូទាំងខេត្តស្វាយរៀង ដោយប្រកាន់ខ្ជាប់ជាចាំបាច់នូវវិធានសុខាភិបាលបន្ទាប់ពីមានការផ្អាកមួយរយៈខណៈ ដែលមានការវាយលុកពីជំងឺកូវីដ១៩ នៅក្នុងសហគមន៍កន្លងទៅនេះ។

លោក យស់ ពៅ នាយកវិទ្យាល័យស្វាយរៀងបានបញ្ជាក់ថា នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញ វិទ្យាល័យស្វាយរៀង ចាប់ពីថ្នាក់ទី៧ ដល់ទៅ ១២ទាំងអស់ ក៏ដូចជាគ្រឹះស្ថានអប់រំនានា ក្នុងខេត្តស្វាយរៀងចាប់ផ្តើមបើកដំណើរការសិក្សាឡើងវិញ។

លោក យស់ ពៅ បានបន្តថា ជាគុណបំណាច់ដ៏ធំធេងប្រមុខរាជរដ្ឋាភិបាល ដែលបានខិតខំគិតគូរសុខភាព របស់បងប្អូនប្រជាពលរដ្ឋជាពិសេសក្មួយៗសិស្សានុសិស្ស ដែលបានចាក់វ៉ាក់សាំងគ្រប់ៗគ្នា ទើបធ្វើឲ្យក្រសួងអប់រំ យុវជន និងកីឡា សម្រេចបើកគ្រឹះស្ថានអប់រំនានាសាលារៀនឡើងវិញ គ្រប់កំរិតក្នុងថ្ងៃនេះ។

លោកបានបន្ថែមថា ក្នុងនាម លោក ជាគណៈគ្រប់គ្រងវិទ្យាល័យស្វាយរៀង សូមគោរពថ្លែងអំណរគុណ និងជូនពរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលទាំងអស់ ពិសេសថ្នាក់ដឹកនាំខេត្ត ដែលមានលោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ដែលបានយកចិត្តទុកដាក់ ខ្នះខ្នែងធ្វើអោយគ្រឹះស្ថានអប់រំនានា ក្នុងខេត្តស្វាយរៀងបើកដំណើរការឡើងវិញ ប្រកបដោយស្ដង់ដា អេស អូភី សេចក្ដីណែនាំរបស់ក្រសួងអប់រំ គឺរក្សា ការពារអនាម័យ និងសូមសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវគោរពនូវវិធាន «៣កុំ និង៣ការពារ» របស់ក្រសួងសុខាភិបាល ក៏ដូចណែនាំអាជ្ញាធរដែនដែនផងដែរ។

លោកក៏បានជំរុញដល់សិស្សានុសិស្ស ត្រូវចេះការពារខ្លួនឯងរៀងៗ ខ្លួនពីជំងឺកូវីដ១៩ ក្នុងករណីបើមានអាការៈមិន ស្រួល ឬមានរោគសញ្ញាសង្ស័យ ត្រូវប្រញាប់រាយការណ៍ទៅឲ្យលោកគ្រូ អ្នកគ្រូ ដើម្បីរៀបចំយកសំណាកធ្វើតេស្ត រក មេរោគកូវីដ១៩ និងធ្វើការព្យាបាលឲ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់កុំឲ្យឆ្លងរាលរីកដាលទៅអ្នកដទៃទៀត ។

ជាមួយគ្នានេះ លោកបាន បន្តថា ដោយសារតែការបើកដំណើរការសាលារៀនឡើងវិញ តែសូមក្មួយៗសិស្សានុសិស្ស ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដូចពាក្យស្លោក «ថ្ងៃនេះថ្ងៃស្អែកកុំអោយគ្រោះថ្នាក់ចរាចរណ៍» ផងដែរ៕