(ស្ទឹងត្រែង)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានអនុគណកម្មកាចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ជុំទី១ ជូនកុមារដែលមានអាយុ៥ឆ្នាំ នារសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញ។

ថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះដែរ លោកអភិបាលខេត្តក៏អំពាវនាវដល់ប្រជាពលរដ្ឋ ជាមាតា បិតា អាណាព្យាបាលរបស់កុមារ ត្រូវជំរុញនាំកូនអាយុ៥ឆ្នាំ មកទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា ដោយបានអនុវត្តនៅគ្រប់តាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ក្នុងក្រុង-ស្រុកទាំង៦ ទូទាំងខេត្ត។

សម្រាប់នៅថ្ងៃដំបូងនៃការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនកុមារដែលមានអាយុ៥ឆ្នាំ ក្នុងខេត្តស្ទឹងត្រែង គេសង្កេតឃើញថាឪពុកម្តាយ និងអាណាព្យាបាលរបស់កុមារជាច្រើននាក់ បាននាំកូនៗ របស់ខ្លួនមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅតាមមណ្ឌលចាក់វ៉ាសាំងនានាក្នុងខេត្ត ដើម្បីបង្កើនការការពារក្នុងខ្លួនប្រឆាំងជំងឺកូវីដ១៩។

យុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ បានចាប់ផ្តើមនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ តាមមណ្ឌលចាក់វ៉ាក់សាំងនានា នៅក្នុងមូលដ្ឋានក្រុង ស្រុកទាំង៦ មានអាជ្ញាធរ ទាំងអស់ចុះសម្របសម្រួល និងពិនិត្យស្ថានភាពជាក់ស្តែង ដើម្បីឱ្យដំណើរការនៃការចាក់ការចាក់វ៉ាក់សាំងនេះ ដំណើរការទៅដោយរលូន និងទទួលបាននូវភាពជោគជ័យ។

លោកវេជ្ជបណ្ឌិត អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានឱ្យដឹងថា លទ្ធផលនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីត១៩ នៅក្នុងខេត្តស្ទឹងត្រែង ដែលមន្ទីរសុខាភិបាលចាក់វ៉ាក់សាំងសម្រេចបាននាពេលកន្លងមកនេះ រួមមាន៖

*ប្រជាពលរដ្ឋ ដែលមកទទួល ការចាក់វ៉ាក់សាំងមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ មានចំនួន ៩១,៩៧២នាក់ ស្មើនឹង៩៤.៨៨%។
*ប្រជាពលរដ្ឋ ដែលមកទទួលការចាក់វ៉ាក់សាំងមានអាយុចាប់ពី១២ឆ្នាំ ដល់១៨ឆ្នាំ មានចំនួន ១៨,៥៣៨នាក់ ស្មើនឹង៨៨.៧៤%។
*និងកុមារៗ ដែលមកទទួលការចាប់វ៉ាក់សាំងមានអាយុចាប់ពី៦ឆ្នាំ ដល់១២ឆ្នាំ មានចំនួន១២៨,៧៨៦នាក់ ស្មើនឹង ៧៩.៤៧%។

បន្ថែមពីនេះអភិបាលខេត្តស្ទឹងត្រែង បានររំឮកដល់ប្រជាពលរដ្ឋ បើទោះបីបានចាក់វ៉ាក់សាំងការពាររួចរាល់ហើយក្តី ក៏កុំភ្លេចខ្លួន និងមានការធ្វេសប្រហែស ហើយត្រូវបន្តចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការនានារបស់ក្រសួងសុខាភិបាល និងវិធានការណ៍ការពារ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍។

ក្នុងនោះលោកអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា ការចាក់វ៉ាក់សាំងកូវីដ១៩ ជូនកុមារដែលមានអាយុ៥ឆ្នាំ គឺដើម្បីបង្កើតភាពសាំក្នុងសង្គមឱ្យកាន់តែធំ និងបើកលំហរសកម្មភាពក្នុងសង្គមឱ្យកាន់តែទូលាយ។ បន្ថែមពីលើនេះគោលដៅសំខាន់ក្នុងការចាក់វ៉ាក់សាំងនេះ ដើម្បីឱ្យកុមារតូចៗអាចចូលរៀននៅសាលាឡើងវិញ។

ក្នុងឱកាសដែលឱពុកម្តាយ និងអាណាព្យាបាល ដែលនាំកូនចៅមកទទួលវ៉ាក់សាំង ក៏បានសម្តែងអារម្មណ៍ សប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ចំពោះកិច្ចខិតខំប្រឹងប្រែង និងការតម្កល់ខ្ពស់នៃតម្លៃជីវិតរបស់ប្រជាពលរដ្ឋ ដោយស្វះស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មកចាក់ឱ្យប្រជាពលរដ្ឋបានគ្រប់ៗគ្នា ដោយមិនគិតថ្លៃ៕