(កែប)៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដឹកនាំមន្ត្រីរាជការ កងកម្លាំងពាក់ព័ន្ធក្រោមឱវាទ ចុះត្រួតពិនិត្យ សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋក្រីក្រខ្វះខាត ចំនួន២៣គ្រួសារ នៅលើដែនកោះទន្សាយ ក្នុងសង្កាត់កែប ក្រុងកែប ខេត្តកែប នៅថ្ងៃទី១ ខែវិច្ឆកា ឆ្នាំ២០២១ ម្សិលមិញ។

ក្នុងឱកាសនោះលោក សោម ពិសិដ្ឋ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយ បញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋ មិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ ដោយមិនដែលទុកចោលឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់ស្បៀងអាហារ និងមិនមានការដោះស្រាយអ្វីឡើយ។

ទន្ទឹមនេះ លោកអភិបាលខេត្តកែប បានបញ្ជាក់ទៀតថា បើទោះជាតំបន់ជាច្រើន ដែលបាននិងកំពុងអភិរក្ស ប៉ុន្តែតំបន់ខ្លះ ពិសេសដែនកោះមួយចំនួន បើមានគម្រោងអភិវឌ្ឍហើយនោះ រដ្ឋបាលខេត្តនឹងប្រែក្លាយតំបន់ខាងលើ ឱ្យក្លាយជាកន្លែងទេសចរណ៍ ប្រកបដោយសក្តានុពល។ នៅពេលអនាគតខាងមុខនេះ ឆ្នេរកោះទន្សាយនឹងត្រូវបានអភិវឌ្ឍជាតំបន់ទេសចរណ៍យ៉ាងប្រណិត ខណៈក្រុម ហ៊ុន ទ្រីភាព គ្រុប ខូ.អិលធីឌី (TRY PHEAP GROUP Co,.LTD) បានចាប់ដៃគូ ដើម្បីអភិវឌ្ឍតំបន់ឆ្នេរកោះទន្សាយនេះ ឱ្យក្លាយជាកន្លែងមួយមានភាពស្រស់ស្អាត តាមបែបធម្មជាតិ។

លោកអភិបាលខេត្តកែប បានឱ្យដឹងទៀតថា ថ្វីត្បិតយើងខិតខំអភិរក្សនូវធនធានធម្មជាតិដែលមានស្រាប់ ប៉ុន្តែទីតាំងខ្លះយើងក៏ត្រូវការអភិវឌ្ឍន៍ឱ្យក្លាយជាតំបន់មួយ ប្រកបដោយភាពស្រស់ស្អាត និងមានភាពទាក់ទាញ។ យ៉ាងណាមិញ ឆ្នេរកោះទន្សាយ ដែលកំពុងធ្វើការអភិវឌ្ឍន៍ ដោយក្ក្រុម ហ៊ុន ទ្រី ភាព គ្រុប ខូ.អិលធីឌី (TRY PHEAP GROUP Co,.LTD) ក្នុងពេលអនាគតខាងមុខ នឹងក្លាយជាកន្លែងមួយយ៉ាងស្រស់ប្រណិត សម្រាប់បម្រើលើវិស័យទេសចរណ៍។

ដោយឡែកចំពោះការដោះស្រាយផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលអាស្រ័យផលលើឆ្នេរកោះទន្សាយ បើទោះជាមានពលរដ្ឋរស់នៅទីនោះ រយៈពេល ១០ឆ្នាំ ២០ឆ្នាំ ៣០ឆ្នាំ ឬ១០០ឆ្នាំ ក៏ចាត់ទុកជាអ្នកអាស្រ័យផល ដែរ ពីព្រោះថាតំបន់នេះជាដែនកោះ ជាទ្រព្យសម្បត្តិរបស់រដ្ឋ ហើយការដោះស្រាយនឹងធ្វើឡើងទៅតាមស្ថានភាពជាក់ស្តែង។

ជាមួយគ្នានេះ លោក សោម ពិសិដ្ឋ ក៏សំណូមពរបងប្អូនប្រជាពលរដ្ឋ ដែលអាស្រ័យផលនៅលើកោះទន្សាយ ត្រូវផ្តល់អទិភាព និងផ្តល់ភាពងាយស្រួល ដល់ក្រុមហ៊ុន ដែលកំពុងធ្វើការអភិវឌ្ឍន៍នៅទីនោះ ហើយលោកអភិបាលខេត្ត ក៏សូមក្រើនរំឮកដល់ប្រជាពលរដ្ឋដែលរស់នៅលើកោះទន្សាយ ត្រូវអនុវត្តវិធានការសុខាភិបាល ត្រូវមានអនាម័យល្អ ពាក់ម៉ាស់ លាងសម្អាតដៃនឹងអាល់កុល ពិសេសអនុវត្តវិធានការ «៣កុំ និង៣ការពារ»

សូមរំឮកថា អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋនៅលើកោះទន្សាយ ចំនួន២៣គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានអង្ករ៥០គីឡូក្រាម, មី២កេស, ត្រីខកំប៉ុង ២យួរ និងថវិកាចំនួន ៥ម៉ឺនរៀល។ ដោយឡែកសមត្ថកិច្ច ដែលប្រចាំការនៅតាមប៉ុស្តិ៍នៃដែនកោះចំនួន៤ប៉ុស្តិ៍ ដោយ១ប៉ុស្តិ៍ ទទួលបានអង្ករ ៤០០គីឡូក្រាម, មី១០កេស, ត្រីខកំប៉ុង ១៧យួរ និងថវិកា ចំនួន១លានរៀល ងដែរ៕