(កំពត)៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បាននិងកំពុងអំពាវនាវដល់ប្រជាពលរដ្ឋ ជាមាតា បិតា អាណាព្យាបាលរបស់កុមារ ត្រូវជំរុញនាំកូនអាយុ៥ឆ្នាំ មកទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចាប់ពីថ្ងៃទី១ ខែវិច្ឆកា ឆ្នាំ២០២១ ម្សិលមិញ ឱ្យបានគ្រប់ៗគ្នា ដោយបានអនុវត្តនៅគ្រប់តាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ក្នុងក្រុង-ស្រុកទាំង៩ ទូទាំងខេត្ត ដោយមានចំនួនប្រមាណជាង ២ម៉ឺននាក់ នៅទូទាំងខេត្តកំពត។

ការអំពាវនាវបែបនេះ របស់លោក លោក ម៉ៅ ធនិន ក្នុងឱកាសដែលលោកបានដឹកនាំក្រុមការងារពាក់ព័ន្ធ ចុះជួបសំណេះសំណាល និងលើកទឹកចិត្តដល់មាតាបិតា អាណាព្យាបាល និងកុមារា កុមារី ដែលបានទៅទទួលការវ៉ាក់សាំងនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពត ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែវិច្ឆកា ឆ្នាំ២០២១ ដលឮកុមារអាយុ៥ឆ្នាំ។

លោក ម៉ៅ ធនិន ក៏បានអំពាវនាវដល់ពលរដ្ឋទាំងអស់ ត្រូវបន្តចូលរួមអនុវត្តវិធានការ «៣កុំ និង៣ការពារ» ឱ្យបានខ្ជាប់ខ្ជួនជាប្រចាំ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ក៏ដូចជាក្នុងដំណើរការបើកប្រទេសឡើងវិញនៅពេលខាងមុខឆាប់ៗ ពិសេសការបើកសាលារៀនឱ្យកុមារបានចូលសិក្សារៀនសូត្រឡើងវិញផងដែរ។

ក្នុងឱកាសយុទ្ធនាការចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យបង្អែកខេត្តកំពតនោះ គឺមាតាបិតា អាណាព្យាបាល និងកុមារ កុមារី បានសម្តែងនូវសេចក្តីរំភើបរីករាយ និងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន ដែលបានផ្តល់ការចាក់វ៉ាក់សាំងដល់កុមារ អាយុ៥ឆ្នាំនាពេលនេះ៕