(ក្រចេះ)៖ មេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ ខេត្តក្រចេះ ទេព ហ៊ុយ និងកូនចៅរបស់ខ្លួនឈ្មោះ គឹម សុវណ្ណារិទ្ធ ត្រូវបានតុលាការខេត្តចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារកាលពីល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោយប្រើហិង្សា ធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរទៅក្មេងស្រី២នាក់ ដែលជាអ្នកឈ្នួលបម្រើនៅក្នុងផ្ទះ។

សាលាដំបូងខេត្តក្រចេះ បានចោទប្រកាន់លើជនត្រូវចោទ ទេព ហ៊ុយ នេះពីបទ «ប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ បទគំរាមកំហែងថានឹងសម្លាប់» ប្រព្រឹត្តនៅហាងលក់រថយន្ត ម៉ូតូ និងទូរស័ព្ទដៃទំនើប យីហោ «លាង ហ៊ុយ» នៅចំណុចផ្លូវកណ្ដាល ភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ និងនៅចំណុចភូមិរកាកណ្ដាល១ សង្កាត់រកាកណ្ដាល ក្រុងក្រចេះ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។

ក្រោយមានការចាប់ខ្លួនជនត្រូវចោទទាំង២នាក់ហើយ កម្លាំងអាវុធហត្ថក្រោមការសម្របសម្រួលពីតំណាងអយ្យការ បាននាំក្មេងស្រីទាំង២នាក់ ទៅធ្វើត្រាប់នៅកន្លែងកើតហេតុ ចំពោះអ្វីដែលមេបញ្ជាការអាវុធហត្ថរូបនេះ បានធ្វើបាប ប្រើហិង្សា ធ្វើទារុណ ដេកសំពះ ដេកឱបសពឆ្កែ ព្រមទាំងបង្ខំឲ្យស៊ីអាចម៌ឆ្កែទៀតផងដែរ។

សូមជម្រាបថា មេបញ្ជាការអាវុធហត្ថក្រុងក្រចេះរូបនេះ ត្រូវបានកម្លាំងអាវុធហត្ថតាមចាប់វាយខ្នោះនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១។ ដោយឡែកបក្ខពួកឈ្មោះ គឹម សុវណ្ណារិទ្ធ ត្រូវបានចាប់ខ្លួននៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ក្រៅពីបញ្ជាឲ្យសមត្ថកិច្ចចាត់វិធានការចំពោះជនល្មើសទាំងនេះ នាយឧត្តមសេនីយ៍បានចាត់ទុកថា ទង្វើបែបនេះជាពាល រឿងអសីលធម៌ និងមិនអាចទទួលយកបាននោះឡើយ ហើយនាយឧត្តមសេនីយ៍ក៏មិនទុកឲ្យមានមន្រ្តីអាវុធហត្ថបែបនេះនៅក្នុងជួរអង្គភាពទៀតឡើយ។

សេចក្ដីរាយការណ៍ផ្សេងទៀតបានបញ្ជាក់ថា ដើមចមដែលនាំឲ្យមេអាវុធហត្ថក្រុងក្រចេះ ប្រើប្រាស់អំពើហិង្សាយ៉ាងព្រៃផ្សៃទៅលើកុមារីដែលជាកូនឈ្នួលនៅក្នុងផ្ទះនេះ គឺដោយសារកុមាររីទាំង២នាក់នេះបានធ្វើឲ្យងាប់ឆ្កែមួយក្បាលនៅក្នុងផ្ទះរបស់ជនដៃដល់ ដែលជាហេតុនាំឲ្យជនដៃដល់កើតនូវការខឹងសម្បារតែម្ដង។ ក្រៅពីការប្រើប្រាស់អំពើហិង្សា ជនដៃដល់ក៏បានបង្ខំឲ្យកុមារីទាំង២នាក់នេះ ដេកឱបផ្នូរឆ្កែមួយយប់ និងចាប់បង្ខំឲ្យស៉ីអាចម៍ឆ្កែថែមទៀតផង។

យ៉ាងណាមិញសម្រាប់ទង្វើអំពើហិង្សារបស់បុគ្គល ទេព ហ៊ុយ នេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook បង្ហាញនូវការខឹងសម្បារ ថែមទាំងថ្កោលទោសយ៉ាងដាច់អហង្កា ព្រមទាំងអំពាវនាវដល់ស្ថាប័នតុលាការផ្ដន្ទាទោសបុគ្គលនេះតាមផ្លូវច្បាប់ជាធរមាន៕

ខាងក្រោមនេះដីកាបង្គាប់របស់សាលាដំបូងខេត្តក្រចេះ៖