(​អាមេរិក​)៖ បុរស​ម្នាក់ ដែល​បាន​ថតរូប Selfie ជាមួយ​ភ្លើង​ឆេះ​ព្រៃ​ដ៏​អាក្រក់​នៅ​រដ្ឋ​កាលីហ្វ​រញ៉ា សហរដ្ឋអាមេរិក​កាលពី​ឆ្នាំ​២០១៤ ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគា​រ​រយៈពេល​២០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៦០​លាន​ដុល្លារ​អាមេរិក ក្រោយ​ពី​គេ​បាន​រកឃើញ​ថា​បុរស​រូប​នោះ​ជា​អ្នក​លួច​ដុត​។ នេះ​បើ​តាម​ការចេញផ្សាយ​មុន​នេះ​បន្តិច ដោយ​សារព័ត៌មាន Channel News Asia នៅ​រសៀល​ថ្ងៃ សៅរ៍ ទី​០៩ ខែ​មេសា ឆ្នាំ​២០១៦​។​

​លោក Wayne Allen Huntsman ត្រូវបាន​តុលាការ​រក​ឃើញ​ថា ជា​អ្នកបង្កឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ រយៈពេល​ជិត​មួយ​ខែ​នៅ​រដ្ឋ​កាលីហ្វ​រញ៉ា កាលពី​ឆ្នាំ ២០១៤​។ ជនបង្ក​រូបនេះ​បាន​សារភាព​ថា​ខ្លួន បាន​ដុត​ព្រៃ​ចំនួន​បី​ទីតាំង ហើយក៏​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​ព្រៃឈើ​រាប់សែន​ហិកតា​ឆេះ​ខ្ទេច និង​ក្រុម ពន្លត់​អគ្គីភ័យ​ជា​ច្រើន​នាក់​រងរបួស ហើយក៏​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​ដ៏​ច្រើន​លើសលប់​ផងដែរ​។​

​នៅក្នុង​តុលាកា​រលោក Huntsman បាន​និយាយថា «​ខ្ញុំ​ទទួល​កំហុស​នេះ ព្រោះ​ខ្ញុំ​ពិតជា​បាន​ប្រព្រឹត្ត​វា​មែន​»​។ គួរបញ្ជាក់​ថា ភ្លើង​ឆេះ​ព្រៃ​កាលពី​ឆ្នាំ ២០១៤ នោះ​បាន​បំផ្លាញ​ព្រៃឈើ ១០០,០០០​ហិកតា និង លំនៅដ្ឋាន​រាប់សិប​ខ្នង​នៅ​ភាគ​ខាងជើង​រដ្ឋ​កាលីហ្វ​រញ៉ា តែ​សំណាងល្អ​វា​មិន​បាន​បណ្តាលឲ្យ​មនុស្ស ណា​ម្នាក់​បាត់បង់​ជីវិត​ឡើយ​»៕​

Advertising