(ប៉ៃលិន)៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន, លោក សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩ ជូនដល់ដែលមានកុមារអាយុ៥ឆ្នាំ នៅបរិវេណមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

លោកស្រី បាន ស្រីមុំ បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានស្រោចស្រប់ទូទាំងប្រទេស ធ្វើប្រជាជនបានទទួលការចាក់វ៉ាក់សាំងគ្រប់ៗគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩ ជាពិសេសនោះវីរុសបំម្លែងថ្មី Detal ដែលបានឆ្លងនៅក្នុងបណ្ដាខេត្តមួយចំនួន និងរាជធានីភ្នំពេញ និងការបញ្ឈប់ការឆ្លងរីករាលដាលក្នុងសហគមន៍ ជាក់ស្តែងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចបានផ្ដល់ការចាក់វ៉ាក់សាំងបង្ការដល់កុមារអាយុ៥ឆ្នាំ នៅក្របខណ្ឌទូទាំងប្រទេស។

ជាមួយគ្នានេះដែរ លោកស្រីអភិបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ មេត្តានាំកូន ចៅ ដែលមានអាយុ ៥ឆ្នាំទៅចាក់វ៉ាក់សាំង អោយបានគ្រប់ៗគ្នា ដើម្បីធ្វើឱ្យមានភាពសាំនៅក្នុងសហគមន៍ ដែលនេះគឺជាកត្តាមួយដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩។

លោកស្រី បាន ស្រីមុំ បានបន្ថែមថា «បើទោះបីជាយើងចាក់វ៉ាក់សាំង រួចហេីយយ៉ាងណាក្តី ក៏យើងកុំភ្លេចចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលនានាឱ្យបានសមស្របជាពិសេសវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីយកឈ្នះលើសមរភូមិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជាកាត់ផ្តាច់ខ្សែរចម្លងការរីករាលដាលនៃកូវីដ១៩»

ក្មួយៗកុមារា កុមារី ដែលបានទទួលវ៉ាក់សាំងនាពេលនេះ បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំង សម្រាប់ជូនប្រជាពលរដ្ឋ តាមរយៈការបញ្ជាទិញ តាមរយៈយន្តការទ្វេភាគី ពហុភាគី និងយន្តការកូវ៉ាក់ ដែលជាហេតុធ្វើឱ្យកម្ពុជា មានលទ្ធភាពផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានល្អ ដូចអ្វីដែលសម្ដេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ កន្លងទៅនេះថា ដំណើរការនៃការចាក់វ៉ាក់សាំងបានល្អ សម្រាប់ប្រទេសកម្ពុជា គឺមានយន្តការ៥ធំៗ ក្នុងនោះទីមួយគឺទី១៖ អភិបាលកិច្ចល្អ, ទី២៖ មានប្រភពវ៉ាក់សាំងច្បាស់លាស់, ទី៣៖ មានធនធានថវិកាសម្រាប់ប្រើប្រាស់, ទី៤៖ មានធនធានមនុស្សគ្រប់គ្រាន់ និងទី៥៖ ដោយមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ។

គួរបញ្ជាក់ផងដែរថា ការផ្តល់វ៉ាក់សាំងកុមារអាយុ៥ឆ្នាំនាពេលនេះ ត្រូវផ្តល់ឱ្យតាមមណ្ឌលនានា ក្នុងខេត្តប៉ៃលិន មានដូចជា៖ មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន, មណ្ឌលសុខភាពភ្នំស្ពង់ និងមណ្ឌលសុខភាពផ្សារព្រំ៕