(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារមានអាយុ៥ឆ្នាំ នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។

លោក ម៉ែន វិបុល បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃនេះ គឺជាការគិតគូដោយយកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់ក្មួយៗ ដើម្បីឱ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រការពារប្រឆាំងនឹងជំងឺឆ្លងរាតត្បាតជំងឺកូវីដ១៩ ជាពិសេសវ៉ាក់សាំងនេះអាចជួយកាត់បន្ថយការឆ្លងរាលដាលបានមួយផ្នែកធំ ទោះបីវាមានការឆ្លង ក៏អ្នកជំងឺមិនធ្ងន់ធ្ងរដល់អាយុជីវិតនោះឡើយ។

ជាមួយគ្នានេះ លោកអភិបាលខេត្តក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលនាំកូនមកទទួលការចាក់វ៉ាក់សាំង ត្រូវមកតាមការកំណត់របស់អាជ្ញាធរ ជៀសវាងមកប្រជ្រៀតគ្នាធ្វើឱ្យបាត់សណ្ដាប់ធ្នាប់ជាដើម។ ទន្ទឹមនេះ ក្រោយទទួលបានវ៉ាក់រួចក្មួយៗត្រូវតែបន្តប្រកាន់ភ្ជាប់នូវវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួន។ ការបើកយុទ្ធនារការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី១ និងដូសទី២ ជូនកុមារអាយុ ៥ឆ្នាំ នៅតាមបណ្តាក្រុង ស្រុកទាំង០៨ នៃខេត្តស្វាយរៀង ដែលតម្លាតរវាងដូសទី១ និងដូសទី២ ចំនួន២៨ថ្ងៃ។

សូមបញ្ជាក់ជូនថា រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់កុមារដែលមានអាយុ៥ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ តាមពេលវេលា និងទីតាំងដូចខាងក្រោម៖

ពេលព្រឹកពីម៉ោង៧៖៣០ ដល់ម៉ោង១១៖៣០នាទី ពេលរសៀលពីម៉ោង ១រសៀល ដល់ម៉ោង៤រសៀលរួមមាន៖

*ទី១៖ ក្រុងស្វាយរៀង មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
*ទី២៖ ក្រុងបាវិត មន្ទីរពេទ្យបង្អែកជីភូ។
*ទី៣៖ ស្រុកកំពង់រោទិ៍ មណ្ឌលសុខភាពញរ។
*ទី៤៖ ស្រុកស្វាយទាប មន្ទីរពេទ្យបង្អែកស្វាយទាប។
*ទី៥៖ ស្រុករំដួល មណ្ឌលសុខភាពថ្នាធ្នង់។
*ទី៦៖ ស្រុកចន្ទ្រា មណ្ឌលសុខភាពមេសថ្ងក។
*ទី៧៖ ស្រុកស្វាយជ្រំ មណ្ឌលសុខភាពតាសួស។
*និងទី៨៖ ស្រុករមាសហែក ទីតាំងសាលាស្រុកចាស់៕