(ភ្នំពេញ)៖ សព្វថ្ងៃ បញ្ហាជម្លោះរវាងសាធារណរដ្ឋប្រជាមានិតចិន ឬចិនដីគោក ជាមួយចិនតៃវ៉ាន់ ឬចិនដីកោះ ដែលមានបំណងចង់បំបែកខ្លួនចេញពីចិនដីគោក ដើម្បីក្លាយជាប្រទេសឯករាជ្យចិនថ្មីមួយទៀត ដែលមានសហរដ្ឋអាមេរិកនៅពីក្រោយខ្នងនោះ កំពុងក្លាយជាវិបត្ដិរវាងបងប្អូនចិនទំាងពីរ បាននិងកំពុងប្រឈមមុខដាក់គ្នាស្ទើរតែផ្ទុះអាវុធទៅហើយ។

* តើលោកខាងលិចអាចជួយសង្រ្គោះចិនដីកោះដែលចង់ផ្តាច់ខ្លួនចេញពីចិនដីគោក ដើម្បីក្លាយជាប្រទេសឯករាជ្យបានឬទេ?

អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងរៀបរាប់ថាបើនិយាយអំពីជម្លោះផ្នត់គំនិតរវាងបងប្អូនទំាងពីរ គឺចិនតែមួយ ដែលកំពុងប្រឈមមុខដាក់គ្នាស្ទើរតែផ្ទុះអាវុធនេះ យើងគួរតែងាកមកស្វែងយល់អំពីអតីតកាលមកឆ្លុះបញ្ចាំងនឹងសភាពការណ៍បច្ចុប្បន្ន ជាមុនសិន។ ដូចយើងដឹងស្រាប់ហើយថាព្រឹត្ដិការណ៍ថ្មីៗនេះ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ មុននេះបន្តិច លោកប្រធានាធិបតី ស៊ី ជិនពីង បានប្រកាសនៅវេទិកាអង្គការសហប្រជាជាតិ គឺចំពេលប្រទេសចិនរំលឹកខួបឆ្នាំទី៥០ នៃការចូលជាសមាជិកអង្គការសហប្រជាជាតិជាផ្លូវការថា «ប្រទេសចិនប្រកាន់ជំហរដាច់ខាត គឺចិនតែមួយ មិនមានចិនពីរទេ!»។ ការប្រកាសនេះ បានធ្វើឲ្យមតិសាធារណៈងឿឆ្ងល់មែនទែន ពិសេសចំពោះអ្នកមិនបានតាមដានរឿងរ៉ាវប្រវត្ដិសាស្រ្ដរវាងបងប្អូនចិនទំាងពីរនេះ។ បើដូច្នេះ ដើម្បីជាការបំភ្លឺ និងជូនជ្រាប យើងគួរស្វែងយល់អំពីសាវតាររវាងបងប្អូនចិនទំាងពីរនេះដូចខាងក្រោម៖

* ហេតុអ្វីបានជាមានចិនដល់ទៅពីរបែបនេះ? មួយកាន់របបកុម្មុយនីស្ដ មួយទៀតកាន់របបសេរី ពិសេសចិនដីកោះ ដែលមានប្រជាជនមិនដល់៣០លាននាក់ផង និងមានផ្ទៃដីតែ៣៥,០០០គីទ្បូម៉ែត្រក្រទ្បា និងជាកោះតូចមួយប៉ុណ្ណោះ រីឯប្រទេសចិនដីគោកមានប្រជាជនដល់ទៅជាង១,៤០០លាននាក់ និងមានទំហំផ្ទៃដីដល់ទៅជាង៩លានគីទ្បូម៉ែត្រក្រទ្បាឯណោះ។

ស្ថិតត្រង់ចំណុចនេះ ដើមទ្បើយ ប្រទេសចិនជាចក្រភពមួយប្រកាន់របបរាជានិយម មានសន្ដតិវង្សតៗអស់រយៈពេលរាប់ពាន់ឆ្នាំ។ ទើបតែបដិវត្ដបានទម្លាក់របបរាជានិយមជាស្ថាពរនៅដើមឆ្នាំ១៩១២ ហើយក៏បានប្រកាសឯករាជ្យពីរាជានិយម។ ចាប់ពីពេលនោះមក ចិនបានជួបប្រទះនឹងបដិវត្ដវាយប្រហារគ្នាជាហូរហែ ពិសេសរវាងក្រុមកាន់របបសេរីនិយម និងក្រុមកាន់របបកុម្មុយនីស្ដនិយម។ បន្ទាប់មកទៀត ពួកគេទំាងពីរនេះត្រូវប្រឈមនឹងការឈ្លានពានរបស់ចក្រភពជប៉ុននាឆ្នាំ១៩៣៧ រហូតដល់ជប៉ុនត្រូវបរាជ័យសង្រ្គាមលោកលើកទី២ នៅខែកញ្ញា ឆ្នាំ១៩៤៥។

បន្ទាប់ពីសង្រ្គាមលោកលើកទី២ ត្រូវបានបញ្ចប់នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ អង្គការសហប្រជាជាតិត្រូវបានបង្កើតជាផ្លូវការថ្ងៃទី២៤ តុលា ឆ្នាំ១៩៤៥ ដែលចិនតៃវ៉ាន់ (សាធារណរដ្ឋចិន) ជាស្ថាបនិក និងជាសមាជិកអចិន្រ្ដៃយ៍ រួមមាន សហរដ្ឋអាមេរិក សហភាពសូវៀត បារំាង និងអង់គ្លេស។

លោក រ័ត្ន សណ្ដាប់ រៀបរាប់បន្ដថា មូលហេតុបានជាចិនតៃវ៉ាន់ជាស្ថាបនិក និងជាសមាជិកអចិន្រ្ដៃយ៍អង្គការសប្រជាជាតិ ពីព្រោះស្ថិតក្នុងកាលៈទេសៈសង្រ្គាមលោកលើកទី២ បានលេចទ្បើងនូវមេដឹកនំាកំពូល៤រូប មានដូចជាប្រធានាធិបតីសហភាពសូវៀត ចូសិប ស្តាលីន (Joseph Stalin) ប្រធានាធិបតីសហរដ្ឋអាមេរិក ហ្វ្រង់គ្លីន រ៉ូស្វែល (Franklin Roosevelt) នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស វីនស្តុន ឆឺតឈីល (Winston Churchill) និងប្រធានាធិបតីសាធារណរដ្ឋចិន ជាំង ខាយចៀក (Chiang Kai Shek)។ ក្រោយមក ដោយសារភូមិសាស្រ្ដនយោបាយពិភពលោកធ្លាក់ក្នុងការប្រកួតប្រជែងសង្រ្គាមត្រជាក់រវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត មកដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៧១ ប្រទេសចិនប្រជាមានិតបានធ្វើចលនានយោបាយអន្ដរជាតិប្រកបដោយជោគជ័យក្នុងការបណ្ដេញចិនតៃវ៉ាន់ចេញពីអង្គការសហប្រជាជាតិ។

មកដល់ពេលនេះ គឺចិនដីគោកមានអាយុកាល៥០ឆ្នាំគត់ដែលឈរជាសមាជិកអចិន្រ្ដៃយ៍នៃអង្គការសហប្រជាជាតិ។ ហើយបើគិតពីរយៈពេល៥ទសវត្សកន្លងមកនេះ យើងមិនដែលបានឃើញចិនដីគោកបញ្ចេញសកម្មភាពភាពខ្លាំងក្លាទៅលើចិនតៃវ៉ាន់ដូចបច្ចុប្បន្ននេះទេ ដូចជាក្នុងអំទ្បុងប្រមាណ៣សប្ដាហ៍កន្លងមកនេះ ពេលដែលចិនដីគោកធ្វើពិធីបុណ្យជាតិគឺបានបញ្ចេញយន្ដហោះចម្បំាងប្រមាណ១០០គ្រឿង ហោះហើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលជាដែនអាកាសរបស់តៃវ៉ាន់ ធ្វើឲ្យពិភពលោក ពិសេសសហរដ្ឋអាមេរិក និងលោកខាងលិចចាប់អារម្មណ៍យ៉ាងខ្លំាង។ ទន្ទឹមនឹងនេះ ចិនដីគោកបានប្រកាសជាចំហរួចហើយថា ចិនតែមួយ គឺតៃវ៉ាន់ជាខេត្ដមួយរបស់ចិន ទោះជាត្រូវការប្រើកម្លំាងក៏ដោយ។

លោក រ័ត្ន សណ្ដាប់ បញ្ជាក់ថា បើយោងលើព្រឹត្ដិការណ៍ជាក់ស្ដែង ដែលកំពុងប្រឈមស្ទើរតែផ្ទុះអាវុធដាក់គ្នាររវាងបងប្អូនចិនទំាងពីរ ពោលគឺធ្វើឲ្យសាធារណមតិចោទជាសំណួរថា តើលោកខាងលិចអាចជួយសង្រ្គោះចិនដីកោះដែលចង់ផ្តាច់ខ្លួនចេញពីចិនដីគោក ដើម្បីក្លាយជាប្រទេសឯករាជ្យបានឬទេ? ចម្លើយងាយៗអាចឆ្លើយនៅពេលនេះ គឺចិនដីកោះមិនហ៊ានប្រកាសឯករាជ្យពីចិនដីគោក ពីព្រោះបើហ៊ានប្រកាសឯករាជ្យ គឺចិនដីគោកពិតជាយកចិនតៃវ៉ាន់មកធ្វើជាអាណាខេត្ដរបស់ខ្លួនដោយសម្រេចបានតាមគោលការណ៍ «ចិនតែមួយ» ជាក់ជាមិនខាន បើទោះជាលោកប្រធានាធិបតី ចូ ប៉ៃដិន បានប្រកាសថា ខ្លួននឹងមិនអនុញ្ញាតឲ្យចិនដីគោកយកតៃវ៉ាន់បានក៏ដោយ។

ដោយសំអាងលើហេតុផលជាក់ស្តែងនៃភូមិសាស្ត្រនយោបាយ គឺចិនតៃវ៉ាន់ពុំមែនជាអ៉ីស្រាអែលដែលជាទឹកដីព្រះ គឺជាទឹកដីម៉ៃឪជាទីសក្ការរបស់ពួកស្បែកសនោះទេ។ មួយវិញទៀត សហរដ្ឋអាមេរិកគាំទ្រតៃវ៉ាន់នេះទៀតសោត គ្រាន់តែធ្វើជាលេសដើម្បីលក់គ្រឿងសព្វាអាវុធតែប៉ុណ្ណោះ។ ដូច្នេះហើយចំពោះដំណើររឿងចម្រូងចម្រាស់រវាងបងប្អូនចិនទំាងពីរនៅតែមានបន្តរយៈពេលយូរ៕