(ពោធិ៍សាត់)៖ លោក ចេង ឡៃ អភិបាលរងខេត្តពោធិ៍សាត់ តំណាងលោក ជាវ តាយ អភិបាលខេត្ត នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១នេះ បានជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ របស់សប្បុរសជន ផ្តល់ជូនប្រជាពលរដ្ឋទីទ័លក្រ ជនចាស់ជរា ដែលកំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ចំនួន៣៥គ្រួសារ មកពី៥ភូមិ ក្នុងឃុំបឹងកន្តួត និងឃុំត្នោតជុំ ស្រុកក្រគរ។

ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណវត្តសាមគ្គីរតនៈសោភ័ណ្ឌ ហៅតាកែវក្រោម ស្ថិតក្នុងភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោក លីវ សេងហ៉ីម អភិបាលស្រុកក្រគរ, លោកស្រី ចោម ខ្វាន់ អគ្គនាយិកា ក្រុមហ៊ុន ស៊ីអឹម (CM) និងជាម្ចាស់ហាងលក់មាសពេជ្រ ចំរើនសុវត្ថិភាព ព្រមទាំងសហការី និងអាជ្ញាធរមូលដ្ឋានមួយចំនួនទៀត។

លោក ចេង ឡៃ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង និងលោក ជាវ តាយ ដែលលោកទាំង២តែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ និងជីវភាពរស់នៅប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងពិសេសក្នុងស្រុកក្រគរ។

លោក ចេង ឡៃ បានលើកឡើងថាថ្មីៗនេះ លោក កែវ រតនៈ និងលោក ជាវ តាយ បានប្តេជ្ញារួមគ្នាធ្វើការអភិវឌ្ឍន៍សមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងទឹកដីនៃខេត្តពោធិ៍សាត់ និយាយជារួមក្នុងស្រុកក្រគរផ្ទាល់តែម្តង ដោយផ្តោតសំខាន់លើវិស័យឧស្សាហកម្ម សិប្បកម្ម ទេសចរណ៍ កីឡា និងអភិរក្សធនធានជលផល ដើម្បីទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិឱ្យកាន់តែច្រើនឡើង ឈានទៅបង្កើតទីផ្សារការងារ និងកាត់បន្ថយភាពក្រីក្រ។

នេះជាមោទនភាពសម្រាប់ខេត្តយើង ដែលមានថ្នាក់ដឹកនាំប្រកបដោយគតិបណ្ឌិត ខិតខំគៀងគរអ្នកវិនិយោគមកអភិវឌ្ឍន៍ក្នុងស្រុកក្រគរនេះ មានដូចជាសហគ្រាសផលិតកែវក្រដាស និងបំពង់បឺតធ្វើពីអង្ករខ្មែរ ពោត និងដំឡូង, រោងចក្រកាត់ដេរ, រោងចក្រផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ, រោងចក្រផលិតត្រង់ហ្វូរ, រោងចក្រផលិតខ្សែកាបិ៍ និងរោងចក្របង្គុំ និងតម្លើងរថយន្ត Ford ដែលបាននឹងកំពុងដំណើរការសាងសង់។

លោកអភិបាលរងខេត្ត ក៏បានបញ្ជាក់ថា អំណោយជាសម្ភារ ថវិកា និងគ្រឿងឧបភោគបរិភោគ ដែលផ្តល់ជូននាពេលនេះ គឺជាការចូលរួមក្នុងការងារមនុស្សធម៌ របស់លោកស្រី ចោម ខ្វាន់ និងសហការី ដែលជានិច្ចកាល សប្បុរសជនរូបនេះ តែងតែចែកជូនដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ជនរងគ្រោះផ្សេងៗ ដូចជាគ្រោះទឹកជំនន់ ពិសេសក្នុងកាលៈទេសៈដែលប្រទេសជាតិ កំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩។

លោកបានបន្ថែមថា ស្ថិតក្នុងកាលៈទេសៈនេះ ប្រជាពលរដ្ឋគ្រប់ៗរូប ត្រូវបន្តយកចិត្តទុកដាក់គោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឈានទៅបើកប្រទេសឡើងវិញ។

លោកក៏បានអំពាវនាវដល់សប្បុរសជនផ្សេងៗទៀត សូមបន្តចែករំលែកនូវធនធានផ្ទាល់ខ្លួនមួយចំនួន ដើម្បីរួមចំណែកជួយដល់ប្រជាពលរដ្ឋទីទ័លក្រ ជនចាស់ជរា នៅក្នុងខេត្តពោធិ៍សាត់បន្តទៀត ដើម្បីជាប្រយោជន៍នៅក្នុងសង្គមជាតិ។

អំណោយដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋទីទ័លក្រ ជនចាស់ជរា ដែលកំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ចំនួន៣៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២០គីឡូក្រាម, មី១កេសតូច, ទឹកបរិសុទ្ធ១កេស, ទឹកក្រូច១កេស, ត្រីខកំប៉ុង១យួរ, ទឹកត្រី១យួរ, ទឹកស៊ីអ៉ីវ១យួរ, ម៉ាស់១ប្រអប់, អាល់កុល១ដប, ថ្នាំសង្កូវ១កញ្ចប់តូច, សារុង១ និងថវិកា១០ម៉ឺនរៀល។ ក្រៅពីនោះប្រគេនបច្ច័យសម្រាប់ចង្ហាន់ព្រះសង្ឃ ចំនួន២០ម៉ឺនរៀល ជូនកងកម្មាំងប្រជាការពារចំនួន ២២នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ៣ម៉ឺនរៀល៕