(ស្ទឹងត្រែង)៖ លោក ស្វាយ សំអ៊ាង ប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង និងលោក ឈាង ឡាក់ អនុប្រធានកិត្តិយស គណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង កន្លងទៅចំនួន ៣៦០គ្រួសារ មកពីភូមិ ដំរីជ្រុំ ឃុំក្បាលរមាស និងភូមិស្វាយរៀង ឃុំតាឡាត ស្ថិតក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិកគណៈកម្មការសាខាកាកបាទក្រហមខេត្ត លោក លោកស្រី ដែលជាប្រធាន អនុប្រធានគណៈកម្មការសាខាកាកបាទក្រហមស្រុកសេសាន ជាច្រើនរូបផងដែរ។

លោក ស្វាយ សំអ៊ាង បានលើកឡើងថា អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នាពេលនេះ ជាទឹកចិត្តដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេ រួមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ គិតគូរ ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង ពិសេសប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ស្រ្តីមេម៉ាយ ជនពិការ ចាស់ជរា និងប្រជាពលរដ្ឋដែលទីទាល់ក្រីក្រជួបការលំបាក ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬពណ៌សម្បុរអ្វីឡើយ ហើយលោកតែងបានចាត់តំណាងចុះអន្តរាគមន៍ផ្តល់ជំនួយសង្រ្គោះជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា តាមទិសស្លោក ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

ទន្ទឹមគ្នានោះដែរ លោកក៏សូមអំពាវនាវ និងផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ននូវគ្រោះថ្នាក់ផ្សេងៗ និងរស់នៅដោយមានអនាម័យជានិច្ច គឺរស់នៅស្អាត ហូបស្អាត ផឹកស្អាត ការពារខ្លួនពីជំងឺផ្សេងៗ ជាពិសេសត្រូវអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល គឺ «៣ការពារ និង៣កុំ» និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជំងឺកូវីដ១៩ ទាំងអស់គ្នា។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ស្វាយ សំអ៊ាង ក៏បានផ្តាំផ្ញើសូមឱ្យប្រជាពលរដ្ឋទាំងអស់ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ខិតខំបង្កបង្កើនផល ដាំដំណាំរួមផ្សំឡើងវិញ បន្ទាប់ពីទឹកបានស្រកចុះទៅវិញ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា ក៏ដូចនៅក្នុងខេត្តស្ទឹងត្រែងទាំងមូល។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនពលរដ្ឋរងគ្រោះទាំង៣៦០គ្រួសារ ក្នុង១គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម មី ១កេស ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ ត្រីខ១យួរ និងម៉ាស់ផងដែរ៕