(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ បានដឹកនាំគណៈប្រតិភូក្រសួង ទៅគោរពវិញ្ញាណក្ខន្ធសពលោក អ៊ុុំ មាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានទទួលមរណភាពនៅថ្ងៃសៅរ៍ ៩រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៣៖១៦នាទីទៀបភ្លឺ ក្នុងជន្មាយុ៧៦ឆ្នាំ ដោយរោគាពាធ។

ក្នុងឱកាសរំលែកទុក្ខដ៏ក្រៀមក្រំនេះ លោករដ្ឋមន្ត្រី និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមសម្តែងនូវសមានទុក្ខប្រកបដោយអនិច្ចលក្ខណធម៌ដ៏ជ្រាលជ្រៅ ព្រមទាំងក្តីសង្វេគដ៏មហាធំធេង និងពោរពេញដោយក្តីសោកស្តាយស្រណោះ អាឡោះអាល័យជាអនេកប្បការចំពោះការបាត់បង់ លោក អ៊ុ មាន ដែលនេះជាការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់ធនធានមនុស្ស ដែលមានបទពិសោធន៍ច្រើនក្នុងវិស័យការងារ ប្រកបដោយសមត្ថភាព ស្មារតីទទួលខុសត្រូវ និងជាសហសេវិក ដែលរួមការងារតាំងពីថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ និងបានបន្សល់ទុកនូវអនុស្សាវរីយ៍ច្រើនរាប់មិនអស់ និងបានបន្សល់នូវស្នាដៃជាច្រើនជូនប្រទេសជាតិ។

លោករដ្ឋមន្ត្រី និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមលំឱនកាយឧទិ្ទសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក អ៊ុំ មាន សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕