(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឱ្យដឹងថា គិតមកដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១នេះ អគាររដ្ឋបាលស្តីការក្រសួងការពារជាតិថ្មី ត្រូវបានសាង់សងសម្រេចលទ្ធផលប្រមាណ ៩៩ភាគរយហើយ។

តាមរយៈទំព័រ Facebook ផ្លូវការបង្ហោះនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «នៅព្រឹកនេះ ខ្ញុំបានអនុញ្ញាតឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ដឹកនាំគណៈកម្មការសាងសង់ក្រសួង តម្លើងដងទង់ជាតិ ២ដើម មួយដើមមានកម្ពស់ ២០ម៉ែត្រ នៅមុខទីស្តីការក្រសួងការពារជាតិថ្មី។ រហូតមកដល់ថ្ងៃនេះ ក្រសួងការពារជាតិបានសាងសង់សម្រេចលទ្ធផល៩៩ ភាគរយហើយ»

អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មី បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ក្រោម អធិបតីភាពសម្តេចពិជ័យសេនា ដែលតាមគម្រោងផែនការសាងសង់មានរយៈពេល៣៦ខែ និងបញ្ចប់ការដ្ឋាននៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ខាងមុខ។ ដោយសារវិបត្តិកូវីដ១៩ ការសាងសង់ត្រូវបានស្នើរសុំពន្យាកិច្ចសន្យារយៈពេល៤ខែ ដូច្នេះការដ្ឋានត្រូវពន្យារហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ទើបបានបញ្ចប់។

សូមបញ្ជាក់ថា អគាររដ្ឋបាល សាលាប្រជុំទីស្ដីការក្រសួងការពារជាតិថ្មី ដែលបានសាងសង់នេះ មានទទឹងប្រវែង២៨ម៉ែត្រ បណ្ដោយ ប្រវែង១៩១ម៉ែត្រ កម្ពស់៣២ម៉ែត្រ និងមានចំណតរថយន្ត នៅជាន់ក្រោមដីមួយជាន់ ដែលអាចចតរថយន្តបានចំនួន១៥០គ្រឿង។

ក្នុងអគាររដ្ឋបាល ទីស្តីការក្រសួងការពារជាតិថ្មីនេះ បានរៀបចំទីកន្លែង ទទួលបដិសណ្ឋារកិច្ចបណ្តាប្រតិភូថ្នាក់ជាតិ និងអន្តរជាតិ ធ្វើពិធីត្រួតពលកង កិត្តិយស កងត្រែទ័ព នៅក្នុងអគារពេលមានភ្លៀងធ្លាក់។ ក្រៅពីនេះមានរៀបចំជាបន្ទប់ប្រជុំតូច-ធំ រៀបចំជាបន្ទប់សវនាការតូច-ធំ រៀបចំទីធ្លាសន្និសីទកាសែត និងសាលប្រជុំធំមួយ ដែលមានសមត្ថភាពអាចទទួលអ្នកចូលរួមប្រជុំបាន១,០០០នាក់ សម្រាប់ការប្រជុំថ្នាក់ជាតិ និងអន្តរជាតិផងដែរ៕