(ភ្នំពេញ)៖ លោក មុត ចន្ថា អតីតមន្ត្រីជាន់ខ្ពស់មួយរូបនៃអតីតគណបក្សសង្គ្រោះជាតិ មកពីកូតាលោក កឹម សុខា បានចេញមកលាតត្រដាងនូវសេណារីយូមួយចំនួន នៃកិច្ចប្រឹងប្រែងរបស់ទណ្ឌិត សម រង្ស៉ី និងបក្ខពួកជាអតីតមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ក្នុងការបង្កើតគណបក្សថ្មីចំនួនពីរ ដើម្បីបន្តជីវិតនយោបាយរបស់ពួកគេ។ ការលាតត្រដាងនេះជាការហែកបង្ហាញនូវពុតត្បុតរបស់ទណ្ឌិត សម រង្ស៉ី និងបក្ខពួក ដែលមាត់ពួកគេតែងនិយាយដល់អតីតគណបក្សសង្គ្រោះជាតិ និងសម្ព័ន្ធភាពជាមួយ លោក កឹម សុខា ជាដើម តែធាតុពិតពួកគេបានលួចរៀបចំជើងព្រួលរួចទៅហើយ ដើម្បីចាកចេញពីសម្ព័ន្ធមិត្តស្រមោលនោះ។

តាមសំណេរដ៏វែងអន្លាយបង្ហោះនៅលើហ្វេសប៊ុក នាព្រឹកថ្ងៃអាទិត្យ ទី៣១ ខែតុលា ឆ្នាំ២០២១នេះលោក មុត ចន្ថា បានបង្ហាញថា ដើម្បីរកដង្ហើមជីវិតនយោបាយថ្មីទោះដឹងក្តីសង្ឃឹមដូចស្បៃអន្ធការក៏ដោយនោះ ទណ្ឌិត សម រង្ស៉ី និងបក្ខពួកមានដូចជា អេង ឆៃអ៊ាង, យឹម សុវណ្ណ, មួរ សុខហួរ ជាដើម កំពុងឱ្យមនុស្សរបស់ខ្លួនសុំសិទ្ធិបង្កើតគណបក្សថ្មីចំនួន២ គឺគណបក្ស «បេះដូងជាតិ» និងគណបក្ស «អនាគតជាតិ»។

លោក មុត ចន្ថា គឺជាបុគ្គលមួយរូបដែលតែងតែវាយប្រហារ និងលាតត្រដាងនូវពុតត្បុតទាំងឡាយរបស់ក្រុមទណ្ឌិត សម រង្ស៉ី។ ការចេញមកហែកបង្ហាញនូវសេនារីយូ នៃការបង្កើតគណបក្សនយោបាយរបស់ក្រុមទណ្ឌិត សម រង្ស៉ី នាពេលនេះ ធ្វើឡើងបន្ទាប់ពី លោក ឃឹម ឡាគី អតីតតំណាងរាស្រ្តអតីតគណបក្ស សម រង្ស៉ី នៅមណ្ឌលខេត្តកណ្តាល បានចុះហត្ថលេខាស្នើសុំបង្កើត «គណបក្សអនាគតជាតិ» មានអក្សរកាត់ជា «គអជ» ពីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១កន្លងទៅនេះ។

នៅក្នុងសំណេរនាព្រឹកនេះលោក មុត ចន្ថា ក៏បានលើកបង្ហាញផងដែរ នូវទំនាក់ទំនងរវាងលោក ឃឹម ឡាគី ជាមួយដីសម្រាប់សាងសង់ស្ថានីយ៍ទូរទស្សន៍ «ទូរទស្សន៍ព្រះអាទិត្យ» ស្ថិតក្នុងក្រុងតាខ្មៅ ដែលជាប់មាត់ស្ទឹង នៅឆ្នាំ២០១៥ ដែលអតីតគណបក្សសង្គ្រោះជាតិ បានយកលុយមូលនិធិ «ទូរទស្សន៍ព្រះអាទិត្យ» ទៅទិញក្នុងតម្លៃប្រមាណ ១០ម៉ឺនដុល្លារអាមេរិក។

ខាងក្រោមជាសំណេរទាំងស្រុងរបស់លោក មុត ចន្ថា ទម្លាយរឿងរ៉ាវអំពីផែនការបង្កើតគណបក្ស និងលុយរៃអង្គាសពីប្រជាពលរដ្ឋបង្កើតទូរទស្សន៍ព្រះអាទិត្យ៖

គណបក្សនយោបាយថ្មីមួយទៀត ត្រូវបានមនុស្សម្នាក់ដែលស្ថិតក្នុងក្រុមនយោបាយរបស់លោក សម រង្ស៉ី និងលោក អេង ឆៃអ៊ាង-យឹម សុវណ្ណ បានដាក់ពាក្យទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំបង្កើត។ នៅថ្ងៃទី២៤ ខែតុលា លោក ឃឹម ឡាគី អតីតតំណាងរាស្រ្តមួយអាណត្តិចែកគ្នាពីរនាក់ នៃអតីតគណបក្សសមរង្ស៉ី នៅមណ្ឌលខេត្តកណ្តាល បានចុះហត្ថលេខាលើពាក្យស្នើសុំបង្កើត«គណបក្សអនាគតជាតិ» មានអក្សរកាត់ជា «គអជ» បញ្ជូនទៅក្រសួងមហាផ្ទៃ។

* លោក ឃឹម ឡាគី ជានរណា?

លោក ឃឹម ឡាគី មានតួនាទីជាសមាជិកគណៈកម្មាធិការនាយកនៃអតីតគណបក្សសង្រ្គោះជាតិ និងជាសមាជិកក្រុមការងារបោះឆ្នោតគណបក្សប្រចាំខេត្តកណ្តាល ដែលមានលោក អេង ឆៃអ៊ាង ជាប្រធានក្រុមការងារ។ នៅក្នុងអតីតគណបក្សសង្រ្គោះជាតិ លោក ឃឹម ឡាគី មិនត្រូវបានគេចាត់ទុកជាអ្នកនយោបាយមានកម្រិតខ្ពស់ មិនសូវលេចធ្លោ ឬមិនសូវមានគេស្គាល់ទូលំទូលាយទាំងក្នុងចំណោមអ្នកគាំទ្រ ឬមហាជនឡើយ ហើយក៏មិនមែនជាអ្នកនយោបាយមានទំនាក់ទំនងសាធារណៈដែលមានវោហាសាស្រ្តនយោបាយខ្ទរខ្ទារដែរ។ ទោះជាយ៉ាងនេះក្តី គាត់ជាសកម្មជនរបស់អតីតគណបក្សជាតិខ្មែរ ក្រោយមកប្តូរជាគណបក្សសមរង្ស៉ី តាំងពីដើមទីរៀងមក។

លោក ឃឹម ឡាគី ត្រូវបានគេដឹងថា លោក យឹម សុវណ្ណ ផ្ចុងផ្តើមឱ្យបង្កើតក្រុមហ៊ុនមានឈ្មោះថា «ក្រុមហ៊ុនសំណង់ ថៃ ឡាគី អ៉ឹមផត អ៉ិចផត» ឬ “Thay Laky Import Expert and Construction Co. Ltd.”។ លោក យឹម សុវណ្ណ ក្នុងនាមជាប្រធានគណៈកម្មាធិការនៃអតីតគណបក្សសង្រ្គោះជាតិ បានប្រគល់ការសាងសង់និងសំណង់ធ្វើពីដែក រួមទាំងស្លាកគណបក្សឱ្យទៅក្រុមហ៊ុនរបស់លោក ឃឹម ឡាគី ទទួលម៉ៅការធ្វើ ដើម្បីផលចំណេញចែកគ្នា។ ទង្វើនេះត្រូវបានគេហៅថាយកបក្សរកស៉ីចែកគ្នា។

លោក ឃឹម ឡាគី ស្ថិតក្នុងចំណោមមន្រ្តីទាំង ១១៨នាក់ នៃគណបក្សសង្រ្គោះជាតិ ត្រូវបានដកសិទ្ធិនយោបាយ បន្តាប់ពីគណបក្សសង្រ្គោះជាតិត្រូវបានរំលាយដោយតុលាការកំពូល នៅថ្ងៃទី១៦ ខែវិច្ចិកា ឆ្នាំ២០១៧។ លោក ឡាគី និងលោក ម៉ៅ សុផល អតីតប្រធានគណៈកម្មាធិការប្រតិបត្តិខេត្តតាកែវ បានដាក់លិខិតស្នើសុំសិទ្ធិនយោបាយឡើងវិញ និងត្រូវបានផ្តល់នីតិសម្បទានយោបាយឡើងវិញដោយព្រះរាជក្រឹត្យ កាលពី ថងៃទី១៤ ខែសីហា។

* ហេតុអ្វីលេចគណបក្សថ្មីចេញពីក្រុមលោក សម រង្ស៉ី ?

នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ លោក សៀម ភ្លុក តំណាងស្ថាបនិកបានដាក់ពាក្យស្នើបង្កើតគណបក្សនយោបាយថ្មីមួយដែលមានឈ្មោះថា «គណបក្សបេះដូងជាតិ»។ គណបក្សបេះដូងជាតិ ត្រូវបានគេដឹងយ៉ាងទូលាយថាមានលោក សម រង្ស៉ី និងអ្នកនយោបាយរត់ចោលស្រុក មានដូចជាៈ លោក អេង ឆៃអ៊ាង លោកស្រីមូរ សុខហួរ លោក ឡុង លោក ហូរ វ៉ាន់ នៅពីក្រោយ។ ខណៈដែល លោក ថាច់ សេដ្ឋា ស្ថាបនិកអតីតគណបក្សសមរង្ស៉ី និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍នៃអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានគេដឹងថាត្រៀមខ្លួនទៅដឹកនាំគណបក្សថ្មីនេះ។

រហូតមកដល់ពេលនេះ គណបក្សបេះដូងជាតិនៅតែមិនទាន់ទទួលបាននូវការចុះបញ្ជីពីក្រសួងមហាផ្ទៃនៅឡើយទេ។ ទន្ទឹមនេះ ក្រសួងមហាផ្ទៃក៏បានព្រមានចំនួន២លើករួចហើយថា នឹងមិនចុះបញ្ជីឱ្យគណបក្សបេះដូងជាតិ ក្នុងករណីគណបក្សនេះមិនអនុលោមឱ្យស្របតាមច្បាប់ ស្តីពីគណបក្សនយោបាយ។ យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៥ ខែកញ្ញា ដែលជាការព្រមានជាលើកទី២ដល់លោក សៀម ភ្លុក ស្ថាបនិកគណបក្សបេះដូងជាតិ តម្រូវឱ្យកែសម្រួលលក្ខន្តិកៈរបស់ខ្លួនឱ្យស្របតាមច្បាប់ ស្តីពីគណបក្សនយោបាយ ដើម្បីផ្ញើមកក្រសួងមហាផ្ទៃវិញ ក្នុងរយៈពេល១៥ ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ ថ្ងៃទី៣១ ខែកញ្ញា ឆ្នាំ២០២១ ឬមិនត្រូវទទួលបាននូវការចុះបញ្ជី។ ឆ្លើយតបចំពោះការព្រមានលើកទី២នេះ លោក សៀម ភ្លុក អះអាងថា បានបញ្ជូនឯកសារកែតម្រូវទៅក្រសួងមហាផ្ទៃរួចហើយ ប៉ុន្តែរហូតមកដល់ពេលនេះ គណបក្សបេះដូងជាតិ នៅតែមិនទាន់ទទួលបាននូវការចុះបញ្ជីពីក្រសួងមហាផ្ទៃនៅឡើយ។

ក្នុងលិខិត ចុះថ្ងៃទី២០ ខែតុលា ស្ថាបនិកគណបក្សនេះបានផ្ញើទៅក្រសួងមហាផ្ទៃ ដើម្បីទាមទារចម្លើយពីក្រសួងការណ៍ដែលមិនបានឆ្លើយតបពីការចុះបញ្ជី ទោះបីខ្លួនបានបានបញ្ជូនឯកសារកែតម្រូវទៅក្រសួងមងាផ្ទៃ នៅថ្ងៃទី១៧ ខែកញ្ញា។ ស្របគ្នានឹងនេះដែរ ប្រមុខរាជរដ្ឋាភិបាលក៏ធ្លាប់ព្រមានចំពោះការចុះបញ្ជីគណបក្សបេះដូងជាតិ ដោយតម្រូវឱ្យក្រសួងពិនិត្យឱ្យបានហ្មត់ចត់ចំពោះគណបក្សនេះ។ គេជឿថា មូលហេតុចម្បងចំពោះការពន្យាពេលចុះបញ្ជីគណបក្សបេះដូងជាតិ ដោយសារគេសង្ស័យថាគណបក្សនេះមានទំនាក់ទំនងជាមួយលោក សម រង្ស៉ី និងអ្នកនយោបាយឱកាសនិយមរត់ចោលស្រុកផ្សេងទៀតដែលកំពុងប្រឈមនឹងវិធានការរបស់តុលាការ។

ទំនងជាគណបក្សបេះដូងជាតិមិនទទួលបាននូវការចុះបញ្ជី ទើបលេចចេញតួថ្មីម្នាក់ទៀតចេញពីក្រុមនយោបាយតែមួយដាក់ពាក្យស្នើបង្កើតគណបក្ស«អនាគតជាតិ»។ នេះគេហៅថា«យុទ្ធសាស្រ្តប្តូរពណ៌បន្លំនិងបំភ័ន្តភ្នែក» ឬ «យុទ្ធសាស្រ្តច្របាច់ម្ស៉ៅក្នុងដៃ» ដើម្បីកុំឱ្យសមត្ថកិច្ចតាមទាន់។

តាមការពិនិត្យមើលសាវតារបស់លោក ឃឹម ឡាគី ដែលជាតំណាងស្ថាបនិកគណបក្សអនាគតជាតិ គឺលោកពុំមានគុណវុឌ្ឍិផ្នែនយោបាយនិងភាពជាដឹកនាំ ដែលអាចមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីដឹកនាំគណបក្សនយោបាយមួយដែលមានសមាសភាពស្ថាបនិកនិងអ្នកដឹកនាំបក្សផ្សេងទៀតចេញពីអតីតបក្សប្រឆាំងនោះទេ (ដោយមិនទាន់រាប់បញ្ចូលបញ្ហាធនធានហិរញ្ញវត្ថុ)។ ផ្ទុយទៅវិញ គេជឿថាលោក ឃឹម ឡាគី គ្រាន់តែតួបញ្ឆោតម្នាក់ ដើម្បីបង្វែងដានការចាប់អារម្មណ៍ប៉ុណ្ណោះ។ បើសិនជាគេពិនិត្យមើលទំនាក់ទំនងរបស់លោក ឡាគី ជាមួយអ្នកនយោបាយនៃអតីតគណបក្សសមរង្ស៉ី គឺគាត់មានទំនាក់ស្អិតរមួតជាមួយលោក អេង ឆៃអ៊ាង លោក យឹម សុវណ្ណ ភរិយារបស់លោក សម រង្ស៉ី គឺលោកស្រី ជូឡុង សូមារ៉ា ព្រមទាំងតំណាងរាស្រ្តខេត្តកណ្តាល លោក ចាន់ ចេង លោកស្រី ពត ពៅ ជាដើម ដូច្នេះគេមិនពិបាកយល់ទេថានរណានៅពីក្រោយគំនិតផ្តួចផ្តើមក្នុងការបង្កើតគណបក្សអនាគតជាតិនេះ។

* លោក ឃឹម ឡាគី និងដីស្ថានីយ៍ទូរទស្សន៍ព្រះអាទិត្យ?

នៅក្រោយមានកិច្ចព្រមព្រៀងនយោបាយ រវាងគណបក្សប្រជាជនកម្ពុជា និងអតីតគណបក្សសង្រ្គោះជាតិ នៅខែសីហា ឆ្នាំ២០១៤ អតីតគណបក្សសង្រ្គោះជាតិ ទទួលបានអាជ្ញាប័ណ្ណ ដើម្បីបង្កើតនិងតម្លើងស្ថានីយ៍ទូរទស្សន៍របស់ខ្លួន ដែលមានឈ្មោះថា «ទូរទស្សន៍ព្រះអាទិត្យ»។ គណបក្សសង្រ្គោះជាតិបានបើកយុទ្ធនាការរ៉ៃអង្គៀសថវិកាសម្រាប់គម្រោងនេះ និងបានស្វែងរកទីតាំងដី ដើម្បីតម្លើងអង់តែនទូរទស្សន៍។ គណបក្សបានទិញដីមួយកន្លែងស្ថិតក្នុងក្រុងតាខ្មៅ ដែលជាប់មាត់ស្ទឹង នៅឆ្នាំ២០១៥។ ដីនេះមានតម្លៃ ១០ម៉ឺនដុល្លារ ហើយសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្សបានសម្រេចអនុញ្ញាតឱ្យដាក់ឈ្មោះលោក ឃឹម ឡាគី ជាកម្មសិទ្ធិករលើដីស្ថានីយ៍ទូរទស្សន៍នេះ។

នៅខណៈដែលអតីតគណបក្សសង្រ្គោះជាតិគ្រោងដំណើរការកសាងស្ថានីយ៍ និងតម្លើងអង់តែនទូរទស្សន៍ ក៏បានផ្ទុះឡើងនូវការតវ៉ាពីប្រជាពលរដ្ឋ ដែលរស់នៅជុំវិញដីនោះដោយប្រឆាំងមិនឱ្យសាងសង់ ដោយលើកហេតុផលពីផលប៉ះពាល់ពីការសាយផាយនៃវិទ្យុសកម្ម ដែលបង្កឡើងដោយប្រតិបត្តិការ ស្ថានីយ៍ទូរទស្សន៍នេះ។ ដោយសារមូលហេតុនេះ អតីតគណបក្សសង្រ្គោះជាតិបានផ្អាកគម្រោងសាងសង់ស្ថានីយ៍ទូរទស្សន៍នៅលើដីនោះវិញ និងបន្តស្វែងរកទីតាំងថ្មី ដែលធ្វើឱ្យដំណើររការសាងសង់ត្រូវបានពន្យាពេល រហូតដល់គណបក្សត្រូវបានរំលាយ នៅខែវិច្ឆិកា ឆ្នាំ២០១៧។

ដូច្នេះមូលនិធិទូរទស្សន៍ព្រះអាទិត្យដែលប្រមូលបានជាង ៧០ម៉ឺនដុល្លារ ត្រូវបានដក ១០ម៉ឺនដុល្លារយកទៅទិញដីសម្រាប់ការសាងសង់ស្ថានីយ៍ទូរទស្សន៍ នៅក្រុងតាខ្មៅ និងថវិកានៅសល់ត្រូវបានយកទៅតម្កល់នៅធនាគារមួយ។ នៅមុនការរំលាយគណបក្សសង្រ្គោះជាតិ ថវិកាគម្រោងទូរទស្សន៍ព្រះអាទិត្យ ត្រូវបានលោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា ចុះហត្ថលេខាដកចេញពីគណនីធនាគារ ដែលរហូតមកដល់ពេលនេះបុគ្គលទាំងពីរនាក់នេះមិនបានចេញមុខមកបញ្ជាក់ពីការបាត់ថវិកានេះឡើយ។

យើងជឿថាដីស្ថានីយ៍ទូរទស្សន៍ព្រះអាទិត្យដែលបានដាក់ឈ្មោះរបស់លោក ឃឹម ឡាគី មិនត្រូវបានដោះដូរ ឬលក់ ឬធ្វើឱ្យបាត់បង់ដោយប្រការណាមួយឡើយ ព្រោះថវិកាដែលបានយកទៅទិញដីនេះ គឺជាថវិការបស់គម្រោងទូរទស្សន៍ព្រះអាទិត្យដែលបានមកពីការឧបត្ថម្ភនិងបរិចាក្ខរបស់ប្រជាពលរដ្ឋខ្មែរ។ យើងជឿងថាថវិកានេះនឹងមិនត្រូវបានគេយកទៅប្រើប្រាស់សម្រាប់ដំណើរការនិងប្រតិបត្តិការរបស់គណបក្សនយោបាយណាមួយឡើយ។

យើងកំពុងគិតគូដាក់បណ្តឹងទៅស្ថាប័នច្បាប់ មានជាអាទិ តុលាការ និងអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីស្វែងរកថវិកាដែលបាត់ដំណឹងសូន្យឈឹង បន្ទាប់ពីត្រូវបានលោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា ដកចេញពីគណនីធនាគារ នៅមុនការរំលាយគណបក្សសង្រ្គោះជាតិ និងដីស្ថានីយ៍ទូរទស្សន៍ព្រះអាទិត្យ នៅក្រុងតាខ្មៅ៕