(បាត់ដំបង)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយកនាយក រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តបាត់ដំបង បានចាត់លោក សុខ លូ អភិបាលខេត្តបាត់ ជួបសណេះសំណាលសួរសុខទុក្ខ ព្រមទាំងនាំយកថវិកា និងអំណោយចែកជូនមន្រ្តីជាកិច្ចសន្យា និងកម្មករអនាម័យចំនួន ៥៥នាក់ ប្រចាំសាលាខេត្ត ដែលរងផលប៉ះពាល់ជីវភាពប្រចាំថ្ងៃ ដោយសារជំងឺកូវីដ១៩ កន្លងមក។

ពិធីជួបសំណេះសំណាលនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១នេះ នៅសាលាខេត្តបាត់ដំបង ដោយមានចូលរួម
ពីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្រ្តីរាជការចំណុះសាលាខេត្តមួយចំនួនផងដែរ។

នាឱកាសនេះដែរ លោក សុខ លូ បានថ្លែងថា បន្ទាប់ពីបានទទួលការណែនាំរបស់សម្តេចក្រឡាហោម ស ខេង រួចមក ដោយបានចាត់ឱ្យលោកជាតំណាងក្នុងការជួបសំណេះសំណាលជាមួយមន្រ្តីជាប់កិច្ចសន្យា និងកម្មករដែលទទួលខុសត្រូវមើលថែទាំសួនច្បារនិងអនាម័យទាំងក្នុងបរិវេណសាលាខេត្ត និងទីកន្លែងសាធារណៈនានា ក្នុងក្រុងបាត់ដំបង។

លោកអភិបាលខេត្តបានផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេច និងលោកស្រី ដែលលោកតែងតែយកចិត្តគិតគូពីជីភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទៅ ពិសេសខេត្តបាត់ដំបង។ សម្តេចយល់ឃើញជាក់ស្តែងថា មន្រ្តីជាប់កិច្ចសន្យាមើលថែសួនច្បារសាធារណៈទូទៅ និងកម្មករសម្អាតអនាម័យពាក់ព័ន្ធផ្ទាល់នឹងសំណល់សម្រាម ក៏អាចប្រឈមខ្លាំងការឆ្លងកូវីដ១៩ និងទទួលរងផលប៉ពាល់ជីវភាពប្រចាំថ្ងៃក្នុងវិបត្តិនៃជំងឺកូវីដ១៩ កន្លងមក។

លោក សុខ លូ បានបន្តថា ទើបថ្ងៃនេះសម្តេចក្រឡាហោម ស ខេង បានឧបត្ថម្ភអំណោយ ដើម្បីចែកជូនពួកគាត់ទាំង៥៥នាក់ ដោយម្នាក់ៗទទួលបាន៖ អង្ករ៥០គីឡូក្រាម, មី២កេស, ត្រីខកំប៉ុង១យួ, ទឹកសុទ្ធ១យួរ, ទឹកត្រី, ទឹកស៊ីអ៉ីវ២យួរ, ម៉ាស់២ប្រអប់, និងថវិកាមួយចំនួនផងដែរ។

បន្ថែមពីនេះ លោកអភិបាលខេត្តក៏បានផ្តាំផ្ញើដល់បងប្អូនទាំងអស់ខិតខំធ្វើការរបស់ខ្លួនដោយមានការប្រុងប្រយ័ត្នខ្ពស់ និងបន្តចូលរួមទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ១៩ ដោយត្រូវអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាលជាប្រចាំ និងត្រូវអនុវត្តតាមវិធានការ «៣កុំ និង៣ការពារ» ឱ្យបានខ្ជាប់ខ្ជួន៕