(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតគោរពជូនពរ សម្តេចចៅហ្វាវាំង វរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុរបស់សម្តេច ។

សារលិខិតជូនពរនោះមានខ្លឹមសារថា «ក្នុងវរោកាសដ៏មង្គលាភិរម្យថ្លៃថ្លា ប្រកបដោយក្ដីសោមនស្សរីករាយ នៃទិវាចម្រើនជន្មាយុសម្តេចចៅហ្វាវាំង នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ខ្ញុំ និងសហការីនៃកាកបាទក្រហមកម្ពុជា សូមសម្ដែងនូវអំណរសាទរឥតឧបមាចូលរួមគោរពជូនសព្ទសាធុការពរជ័យសិរីវឌ្ឍនា វិបុលសុខមហាប្រសើរថ្លៃថ្លា ជូនសម្ដេចចៅហ្វាវាំង សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លាវាងវៃ និងជន្មាយុយឺនយូរ បន្តរួមចំណែកដឹកនាំកាកបាទក្រហមកម្ពុជា និងស្ថាប័នព្រះបរមរាជវាំង ទទួលបានជោគជ័យថ្មីៗថែមទៀត។

យើងខ្ញុំ សូមសំដែងនូវ ការគោរពកោតសរសើរចំពោះគំរូវីរភាពដ៏ឆ្នើម និងគុណបំណាច់ដ៏ឧត្ដុង្គឧត្ដមរបស់សម្តេច ចៅហ្វាវាំងដែលជានិច្ចកាលបានខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតី ប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិត ជាមួយនឹងបទពិសោធន៍ដ៏ប៉ិនប្រសប់ អនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការពង្រឹងនីតិរដ្ឋ និងជំរុញការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចឱ្យកាន់តែមានភាពរីកចំរើនជឿនលឿនខ្លាំងក្លាថែមទៀត ក្នុងបេសកកម្មបម្រើឧត្ដមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ សម្រេចបានសមិទ្ធផលធំៗជាបន្តបន្ទាប់។ លើសពីនេះទៅទៀត សម្ដេចចៅហ្វាវាំង បានឆ្លៀតពេលវេលា មិនគិតការនឿយហត់ រួមចំណែកយ៉ាងសកម្មដឹកនាំកាកបាទក្រហមកម្ពុជា សម្រាលការលំបាករបស់ប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈ ដង្ហែតាមព្រះរាជវីរគំរូមនុស្សធម៌នៃ ព្រះករុណាព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះមហាក្សត្រ និងហ្លួងម៉ែជាអម្ចាស់ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ក្នុងបរិយាកាសដ៏ប្រសើរថ្លៃថ្លានេះ ខ្ញុំនិងសហការី សូមឧទ្ទិសដល់គុណបុណ្យព្រះតនត្រ័យវត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមអភិបាលប្រោះព្រំប្រសិទ្ធពរជ័យបវរមហាប្រសើរ ជូនសម្ដេចចៅហ្វាវាំង និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី បុត្រប្រសា ចៅប្រុស ចៅស្រីជាទីស្រឡាញ់ សូមបានប្រកបដោយ ព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ»៕

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្ញើជូន សម្តេចចៅហ្វាវាំង គង់ សំអុល៖