(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងភរិយា បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនប្រជាពលរដ្ឋជួបការលំបាកក្នុងជីវភាព ១៨គ្រួសាររស់នៅភូមិប្រពុត ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

អំណោយដើម្បីដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋខ្សត់ខ្សោយជីវភាពនេះ ត្រូវបានលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មេីរជេីងលេខ៥១ យកទៅប្រគល់ជូនប្រជាពលរដ្ឋទាំង១៨គ្រួសារ នៅព្រឹកថ្ងៃអាទិត្យ ទី៣១ ខែតុលា ឆ្នាំ២០២១នេះ។

ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានជម្រាបប្រជាពលរដ្ឋថា ស្ថិតនៅក្នុងស្ថានភាពលំបាកបណ្តាលមកពីវិបត្តិនៃជំងឺកូវីដ-១៩ អាជ្ញាធរមូលដ្ឋាន និងកម្លាំងប្រដាប់អាវុធ បានយកចិត្តទុកដាក់ និងបានប្រឹងប្រែងរួមគ្នាជួយដោះស្រាយបញ្ហា និងការខ្វះខាតក្នុងជីវភាពជូនប្រជាពលរដ្ឋទៅតាមលទ្ធភាពជាក់ស្ដែង។

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បន្តថា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត គឺតែងតែបានក្រើនរំលឹកដល់កងកម្លាំងប្រកាន់ខ្ជាប់នូវស្មារតីនៃការចែករំលែកទាំងកម្លាំងកាយចិត្ត និងសម្ភារទៅតាមលទ្ធភាព ជួយប្រជាពលរដ្ឋជួបការលំបាក និងការខ្វះខាត។ បន្ថែមពីលើលោកឧត្តមសេនីយ៍ឯក ក៏តែងតែជួយផ្តល់ស្បៀងអាហារ និងសម្ភារប្រើប្រាស់ផ្សេងៗ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋដែលខ្វះខាត និងជួបការលំបាកក្នុងជីវភាពផងដែរ។

ក្នុងឱកាសផ្តល់អំណោយនេះ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានគោរពថ្លែងអំណរគុណជូនចំពោះលោក ហ៊ុន ម៉ាណែត និងភរិយា ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជួបការលំបាកគ្រប់ទីកន្លែង៕