(ព្រៃវែង)៖ ចាស់ៗជរាក្រីក្រ និងពិការប្រមាណជាង៨០នាក់ បានទទួលប្រាក់សង្គហធម៌ ឧបត្ថម្ភ និង ការស្រង់ព្រះ(ងូតទឹក)តាមបែបព្រះពុទ្ធសាសនា ពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកវីតាល់ ប្រមាណជាង៣០នាក់ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ នៅស្រុកមេសាង ខេត្តព្រៃវែងដែលសព្វថ្ងៃកំពុងទទួលភាពរាំងស្ងួតខ្លាំង ។ ពិធីសប្បុរសធម៌ និងស្រង់ព្រះនេះ បានធ្វើឡើងក្នុង ឱកាសបុណ្យចូលឆ្នាំ​ថ្មីប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តទៅនៅពេលឆាប់ៗខាងមុខនេះ។

លោកស្រីជឹង សុគន្ធាវី នាយិការប្រតិ្តបត្តិនៃក្រុមហ៊ុនទឹកពិសាវីតាល់ និងជាអ្នកផ្តួតផ្តើមគំនិត ក្នុងការប្រារព្ធកម្មវិធីស្រង់ព្រះនេះបានឲ្យដឹងថា «ក្នុងនាមនាងខ្ញុំជាខ្មែរមួយរូបនាងខ្ញុំយល់ ច្បាស់ពីសារៈ​សំខាន់ នៃកម្មវិធីស្រង់ព្រះ នាងខ្ញុំនិងគ្រួសារគឺតែងតែប្រារព្ធពិធីនេះ ជារៀងរាល់ឆ្នាំដើម្បីសន្សំកុសលផលបុណ្យ និងដើម្បីកម្មវិធី ជម្រើនព្រះជន្ម និងផ្តល់សិរីសួស្តីដល់ចាស់ ជរាគ្មានទីពឹង ក្នុងឱកាស​ចូលឆ្នាំថ្មីរបស់ខ្មែរ យើងចូលមកដល់។ ចំពោះចាស់ជរា ដែលយើងនឹងផ្តល់ជាការស្រង់ព្រះ គឺសុទ្ធសឹងជាដូនជរាក្រខ្សត់គ្មានទីពឹង ។ នាងខ្ញុំ ក៏ដូចជា ក្រុមហ៊ុន វីតាល់ សង្ឃឹមថា កម្មវិធីសង្គហធម៌​លើកនេះ អាចរក្សាបុណ្យបានច្រើន ជូនត្រលប់ទៅអថិជនទាំងអស់ ដែលតែងតែគាំទ្រវីតាល់ ដែលតែងតែគាំទ្រវីតាល់ តាំងពីដើមរាងមក បើគ្មានការគាំទ្ររបស់អតិថិជនទេក៏គ្មាន ស្នាមញញឹម​ដ៏ស្រស់ស្អាតរបស់ដូនចាស់ជរានេះដែរ»។

កម្មវិធីស្រង់ព្រះវីតាល់គឺពិតជាពិសេសជាងកម្មវិធីធម្មតា ត្រង់ថាដូនចាស់ទាំង៨០នាក់ នឹងទទួលបានការស្រង់ព្រះ រឺងូតទឹកស្អាតខ្លួនបែបព្រះពុទ្ធសាសនា ពួកគាត់ក៏នឹង ទទួលបាន ខោ អាវថ្មី​មួយ​កំផ្លេរ ក្រមា២ អង្ករ១០គីឡូ ទឹកវីតាល់មួយកេសធំ ទឹកដោះគោខាប់៦កំប៉ុង ត្រីខមួយឡូ ថ្នាំពេទ្យ ទឹកស៊ីអ៊ីវ១យួរ អំបិល និងស្ក១គីឡូ ព្រមទាំងថវិការ ៥ម៉ឺនរៀលលើសពីនេះ ទៅទៀត លោកតា លោកយាយក៏ទទួល បានការញ៉ាំ ភោជនីយអាហារ យ៉ាងឈ្ងុយឆ្ងាញ់រៀបចំ និងបម្រើយ៉ាងយកចិត្តទុកដាក់ពីក្រុមការងារវីតាល់ទៀតផង។

បន្ទាប់ពីទទួលបានការស្រង់ព្រះ នឹងផ្លាស់ប្តូរខោអាវថ្មីដ៏ស្រស់ស្អាតរួចមក លោកយាយម្នាក់ឈ្មោះ ដាំ ដានី អាយុ១០៩ឆ្នាំ បានសម្តែងភាពសប្បាយរីករាយថា «ថ្ងៃនេះយាយសប្បាយចិត្ត ណាស់ ព្រោះបានអំណោយច្រើន ហើយអាហារគេឆ្ងាញ់ៗទៀត អ្នកធ្វើបុណ្យឲ្យគេបានធ្វើពិធីស្រង់ព្រះឲ្យទៀតយើងមិនជាប់សាច់ឈាមអីហ្នឹងគ្នា យាយរំភើបមែនទែន»

ដោយសាតែមានការគាំទ្រខ្លាំងពីអតិថិជន វីតាល់ ធ្វើឲ្យមូលនិធិ «២៥៛របស់វីតាល់» មានកញ្ចប់កាន់តែធំ ដែល ជាឱកាសល្អ ដែលវីតាល់ នាំយកបុណ្យកុសល ពីកម្មវិធីស្រង់ព្រះនេះ ត្រឡប់ ជូនដល់អតិថិជនវីតាល់វិញ ឲ្យពួកគាត់បានចាប់មគ្គផលទាំងអស់គ្នាជាមួយវីតាល់។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុនវីតាល់ បានប្រារព្ធកម្មវិធីសប្បុរសធម៌ធំ បែបនេះ ប៉ុន្តែកម្មវិធីនេះគឺ ជាលើកដំបូងដែលមូលនិធិ២៥៛វីតាល់ បានផ្សារភ្ជាប់ កម្មវិធី សប្បុរសធម៌ ជាមួយនិងព្រះពុទ្ធសាសនា ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខ៕