(ភ្នំពេញ)៖ លោក សេង សារ៉ាន់ ចៅសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក និងសមាជិកគ្រួសារក្នុងបន្ទុកចំនួន៤នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅគេហដ្ឋាននៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ បានទទួលអំណោយជាថវិកា ដើម្បីជួយសម្រាលដល់ក្នុងជីវភាពចំនួន ២,០០០,០០០រៀល ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង៥០០០០០រៀលទៀតពីលោក ជា ពិសី អភិបាលខណ្ឌ។

ក្នុងឱកាសប្រគល់ និងទទួលថវិកានេះ, លោក ជា ពិសី បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ឃួង ស្រេង ដល់លោក សេង សារ៉ាន់ និងក្រុមគ្រួសារ ឱ្យខិតខំថែទាំសុខភាពឱ្យបានល្អប្រសើរ និងសូមជូនពរឱ្យឆាប់ជា សះស្បើយពីជំងឺកូវីដ១៩ គ្រប់ៗគ្នា ហើយជូនពរឲ្យឆាប់បានចូលបម្រើការងារជាធម្មតាដូចដើមវិញ។ លោកចៅសង្កាត់ទឹកល្អក់ទី២ និងក្រុមគ្រួសារ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរផងដែរ ចំពោះអភិបាលរាជធានីភ្នំពេញ តាមរយៈលោក ជា ពិសី និងក្រុមការងាររដ្ឋបាលខណ្ឌ។

សូមជម្រាបថា លោក ប៉ាវ សុខ សមាជិកក្រុមប្រឹក្សាខណ្ឌទួលគោក ព្រមទាំងក្រុមគ្រួសារ ដែលមានជំងឺកូវីដ១៩ ហើយកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ក៏បានទទួលស្បៀងអាហារដ៏ថ្លៃថ្លា និងថវិការបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីសម្រាល់ដល់ក្នុងជីវភាព មួយចំនួនផងដែរ ពីក្រុមការងាររដ្ឋបាលខណ្ឌរបស់លោកអភិបាលខណ្ឌ ជា ពិសី កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១៕