(ភ្នំពេញ)៖ ហេដ្ឋារចនាសម្ព័ន្ឋស្ពានអាកាសថ្មើរជើងសន្ធរម៉ុក ស្ថិតក្នុងខណ្ឌទួលគោក បានឈានដល់ការស្ទូចគ្រោងដែកស្ពានដាក់លើទម្រសសរស្ពានហើយ កាលពីយប់ថ្ងៃទី២៩ និងព្រឹកថ្ងៃទី៣០ ខែតុលានេះ ខណៈការធ្វើដំណើរឆ្លងកាត់ការដ្ឋាន ត្រូវបានបិទមិនឲ្យធ្វើចរាចរណ៍ជាបណ្ដោះអាសន្ន។

ពាក់ព័ន្ធនឹងការដំឡើងគ្រោងដែកតួស្ពានអាកាសថ្មើជើងនេះ រដ្ឋបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងពីការបិទចរាចរលើកំណាត់ផ្លូវមួយចំនួន នៅក្បែរការដ្ឋានសាងសង់ស្ពាន អាកាសថ្មើរជើងសន្ធរម៉ុក ស្ថិតក្នុងខណ្ឌទួលគោក ក្នុងរយៈពេល៣យប់ ដោយចាប់ពីយប់ថ្ងៃទី២៩-៣១ ខែតុលា និងយប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ចាប់ពីម៉ោង១៨ ដល់ម៉ោង ៧ព្រឹក ដើម្បីដំឡើងគ្រោងដែកតួស្ពាន ខណៈដែលការងារសាងសង់សរសរគ្រឹះស្ពាន បានបញ្ចប់ទាំងស្រុង។

យប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ បិទចរាចរ ផ្នែកខាងជើងផ្លូវកម្ពុជាក្រោម ដល់ផ្លូវលេខ ២៥៣ ផ្លូវលេខ ២៣៣ និងមហាវិថីម៉ៅសេទុង គឺចាប់ពីធនាគារ ABA Bank ដល់ផ្លូវលេខ១២២។ យប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ បិទចរាចរ ផ្នែកខាងត្បូងផ្លូវកម្ពុជាក្រោម ដល់ផ្លូវលេខ២៥៣ ផ្លូវលេខ២៣៣ និងមហាវិថីម៉ៅសេទុង គឺចាប់ពីសាលាបឋមសិក្សាសន្ធរម៉ុក ដល់ផ្លូវលេខ១៣៤។ យប់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ បិទចរាចរកំណាត់ផ្លូវកម្ពុជាក្រោម គឺចាប់ពីសាលាបឋមសិក្សាសន្ធរម៉ុក ដល់ផ្លូវលេខ២៥៣ និងកំណាត់ផ្លូវកម្ពុជាក្រោម ចាប់ពីធនាគារ ABA ដល់ផ្លូវលេខ២៣៣។

គួរបញ្ជាក់ថា ស្ពានអាកាសថ្មើរជើង នៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុក ត្រូវសាង់សង់នៅលើចំណុចផ្លូវប្រសព្វទាំង៤ទិស គឺសាងសង់កាត់ ទទឹងផ្លូវម៉ៅសេទុង ២ខ្សែ និងកាត់ទទឹងផ្លូវកម្ពុជាក្រោម ២ខ្សែ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្ស បានឆ្លងកាត់ស្ពាននេះ ដោយសុវត្ថិភាព ទោះពួកគេមកពីទិសខាងណាក៏ដោយ។

គួរបញ្ជាក់ទៀតថា មកដល់ពេលនេះ រាជធានីភ្នំពេញ មានស្ពានអាកាសថ្មើរជើងចំនួន៤កន្លែងហើយ ក្នុងនោះរួមមាន៖ នៅតំបន់ជម្ពូវ័ន្តខណ្ឌពោធិ៍សែនជ័យ មានចំនួន២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីង មានចំនួន១កន្លែង និងនៅផ្សារដើមគរមានមួយកន្លែងទៀត ដែលបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីការចុងកក្កដា ឆ្នាំ២០២០កន្លងមកនេះ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ៕