(កណ្តាល)៖ លោក កៅ ថាច ប្រធានក្រុមការងារចលនាយុវជនថ្នាក់កណ្តាល ចុះជួយស្រុកខ្សាច់កណ្តាល ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ បានអញ្ជើញចូលរួមកម្មវិធីសំណេះសំណាលជាមួយយុវជន និងផ្សព្វផ្សាយពីផែនការ សកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោត ជូនដល់យុវជនឃុំស្វាយរមៀត និងយុវជនឃុំព្រះប្រសប់។

ក្នុងឱកាសនោះ លោក កៅ ថាច បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដល់បងប្អូនសកម្មជនយុវជន ពីសំណាក់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោកបានលើកយកប្រវត្តិសាវតា របស់គណបក្សប្រជាជនកម្ពុជា ព្រមជាមួយបច្ចុប្បន្នភាព និងព្រឹត្តិការណ៍នយោបាយសំខាន់ៗមួយចំនួន ជម្រាបជូនដល់បងប្អូនយុវជនឲ្យបានជ្រាបផងដែរ។

ស្របពេលជាមួយគ្នានោះ លោក កៅ ថាច បានធ្វើការផ្សព្វផ្សាយពីផែនការសកម្មភាពឆ្ពោះ ទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ខាងមុន និងលើកទឹកចិត្តឲ្យសកម្មជនយុវជនទាំងអស់ ត្រូវត្រងត្រាប់ និងយកទៅអនុវត្តតាមផែនការ ដែលបានចង្អុលបង្ហាញស្រាប់។

ក្នុងនាមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន, លោក កៅ ថាច បានធ្វើការឧបត្ថម្ភថវិកាមួយចំនួន ជូនដល់គណបក្សឃុំទាំងពីរសម្រាប់ការរៀបចំកម្មវិធី និងយុវជនឃុំដែលមានវត្តមាន។

សូមបញ្ជាក់ថា កម្មវិធីនេះបានរៀបចំធ្វើឡើងនៅទីតាំងចំនួន២ ។ ទីតាំងទីមួយនៅមន្ទីបក្សយុំស្វាយរមៀត ដែលមានយុវជនបក្សចូលរួមជិត ១០០នាក់។ ទីតាំងទីពីរ នៅមន្ទីបក្សឃុំព្រះប្រសប់ ដែលមានអ្នកចូលរួមជិត១០០នាក់។ ចំពោះការរៀបចំកម្មវិធីធ្វើឡើងដោយគោរពទៅតាមវិធានការ ៣កុំ និង៣ការពារ៕