(ភ្នំពេញ)៖ ខ្មាន់កាំភ្លើងម្នាក់មិនស្គាល់អត្តសញ្ញាណ បានដកកាំភ្លើងបាញ់ប្រហារទៅលើភាគីម្ខាងទៀតបណ្ដាលឲ្យរងរបួសធ្ងន់ ដោយគ្រាន់តែគ្រោះថ្នាក់ចរាចរណ៍បន្ដិចបន្ទួច រួចបើករថយន្ដគេចខ្លួនបាត់ពីកន្លែងកើតហេតុ។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ នៅចំណុចមុខសាលារៀនកាណាដា ក្នុងតំបន់កោះពេជ្រ ស្ថិតក្នុងក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ជនរងគ្រោះត្រូវបានគេស្គាល់ថា ឈ្មោះ ស៊ុ ពិសិដ្ឋ អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះលេខ១១ បុរីហុកសេងចំការដូង ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរបើករថយន្តតាក់ស៊ី។ ដោយឡែក ខ្មាន់កាំភ្លើងមិនត្រូវបានគេស្គាល់ អត្តសញ្ញាណនោះឡើយ ព្រោះក្រោយបាញ់ប្រហារបានរត់គេចខ្លួនបាត់ស្រមោល ប៉ុន្ដែគ្រាន់តែដឹងថា ជាមន្ដ្រីនគរបាល ដោយជិះរថយន្ដមួយគ្រឿងម៉ាក Toyota Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AW-1458។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីខាងលើផ្ដើមចេញមុនដំបូង ដោយមានរថយន្ត២គ្រឿង ជនរងគ្រោះជិះរថយន្ដ Toyota Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AY-3468 បើកក្នុងកោះពេជ្រ ហើយមានរថយន្ត១ គ្រឿងម៉ាក Toyota Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AW-1458 ស្ថិតក្នុងស្ថានភាពស្រវឹងស្រា បើកមកកៀររថយន្តបុរសជនរងគ្រោះ បណ្ដាលបាក់កញ្ចក់រថយន្តខាងឆ្វេង ហើយក៏បានឈប់សម្របសម្រួលគ្នាដែរ ដោយភាគីខាងរងគ្រោះទាមទារថ្លៃខូចខាតរថយន្ត ចំនួន៥០ដុល្លារ តែជនបង្កបានយកលុយឲ្យ១០ដុល្លារ រួចក៏ឡើងឡានបើកបន្តដំណើរទៅមុខទៀត។

ក្រោយមកជនរងគ្រោះបើករថយន្តដេញតាម ក៏បានបើករថយន្តទៅកាក់ខាងមុខ និងឲ្យជនបង្កបើកទ្វាចុះពីរថយន្តដើម្បីសម្រួលគ្នា តែកើតចេញជាជម្លោះ រហូតដល់ជនបង្កបានចូលក្នុងរថយន្តយកកាំភ្លើងបាញ់បុរសជនរងគ្រោះ ចំនួន៥គ្រាប់ តែត្រូវជនរងគ្រោះ២កន្លែង របួសលើភ្លៅខាងស្តាំ និងខាងឆ្វេងបញ្ឆិតលឹង្គ បណ្ដាលជនរងគ្រោះដេកដួលនៅថ្នល់ ហើយជនបង្កបើករថយន្តគេចពីកន្លែងកើតហេតុយករថយន្តថ្លុងចោល ក្នុងកោះពេជ្រដដែល។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកជនសង្ស័យ ដែលបានដកកាំភ្លើងខ្លីបាញ់ជនរងគ្រោះរបួសសម្រាកនៅគ្លីនិកឯកជន។ យ៉ាងណាសមត្ថកិច្ច អំពាវនាវឲ្យបុរសជនដៃដល់ដកកាំភ្លើងបាញ់ជនរងគ្រោះ ចូលសារភាពដើម្បីប្រាប់លម្អិតពីដំណើររឿង តែប្រសិនមានការគេចវេសសមត្ថកិច្ចស្រាវជ្រាវឃើញ នឹងមានទោសទ្វេរដងជាមិនខាន៕