(ភ្នំពេញ)៖ វគ្គបណ្តុះបណ្តាលបំប៉នសមត្ថភាពអំពីរបៀបសរសេរព័ត៌មាន ដល់បុគ្គលិក នៃអង្គភាពព័ត៌មាន Fresh Newsបានឈានដល់សប្ដាហ៍ទី៣ហើយ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះ។ ដែលបានរៀបចំឡើងដោយ មជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC)។

នៅក្នុងសប្តាហ៍ថ្មីនេះ មានការចូលរួមបង្ហាត់បង្ហាញដោយ លោក ម៉ារ យ៉ារិទ្ធ ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) ដែលជាអ្នកជំនាញក្នុងវិស័យសារព័ត៌មានជាង៣០ឆ្នាំមកហើយ ដោយថ្នាក់សិក្សានេះមានការចូលរួមពីសិក្ខាកាមប្រមាណ៣០នាក់។

បន្តពីមេរៀនការសិក្សាលើទ្រឹស្ដី News Valueនាសប្ដាហ៍ទី២កន្លងមក នៅសប្ដាហ៍នេះ លោកព្រឹទ្ធាចារ្យ បានផ្ដោតសំខាន់ទៅលើការបង្ហាញពីរបៀបនៃការថ្លឹងតម្លៃនៃ 5Wh’s ក៏ដូចជាសិក្សា កំណត់អំពីប្រភពនីមួយៗ។

ការសិក្សាអំពីការថ្លឹងតម្លៃនៃ 5Wh’s នៅពេលនេះត្រូវបាន អ្នកជំនាញក្នុងវិស័យសារព័ត៌មាន ដែលមានរហ័សនាមជា «អាត់ជួង» នៅកម្ពុជា បង្ហាយឲ្យឃើញថា បើទោះជានៅក្នុងសំណេរនៃអត្ថបទព័ត៌មានមួយតែងតែមាននូវ 5wh’s ដែលគេស្គាល់ថា when,what,why,who and how នោះ។ ប៉ុន្តែការជ្រើសរើស Lead នៃសាច់រឿងនៅក្នុងការបង្ហាញដល់អ្នកអាន គឺជាភាពចាំបាច់បំផុតសម្រាប់អ្នកសារព័ត៌មាន។

ខណៈដែលការសិក្សាអំពីប្រភព ក៏ជាភាពចាំបាច់បំផុតផងដែរសម្រាប់អ្នកសារព័ត៌មាន ដែលទាមទារឲ្យមានការទទួលខុសត្រូវខ្ពស់ ទៅលើប្រភពរឿង ពាក្យពេជន៍ដែលប្រើប្រាស់នៅក្នុងអត្ថបទ។ ដើម្បីប្រាកដថា ពិតជារឿងពិតប្រាកដដែលបានកើតឡើងមែន មិនមែនជាការសរសេរដើម្បីបង្ខូចកេរិ៍តឈ្មោះរបស់នរណាម្នាក់នោះឡើយ។
ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) លោក ម៉ារ យ៉ារិទ្ធ គឺជាព្រឹទ្ធាចារ្យក្នុងវិស័យសារព័ត៌មានជាង៣០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារ ព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ ក្រៅពីនោះលោក ម៉ារ យ៉ារិទ្ធ ដែលមានរហ័ស នាម «អាត់ជួង» នៅកម្ពុជាក្នុងវិស័យសារព័ត៌មានរូបនេះ គឺជាអ្នកចូលរួមក្នុងការបង្កើតស្ថាប័នព័ត៌មាន និងដឹកនាំ ស្ថាប័នសារព័ត៌មាន ជាច្រើននៅកម្ពុជា។ លោកគឺជានិស្សិតខ្មែរដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុង សហរដ្ឋអាមេរិក។

សូមបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលបណ្តុះបណ្តាល Fresh News (Fresh News Training Center) ហៅកាត់ថា «FTC» ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News។ FTC ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ។ FTC មាន លោក ម៉ារ យ៉ារិទ្ធិ ជាប្រធាន ដែលលោកធ្លាប់ជាអ្នកបណ្តុះបណ្តាល និងប្រឡូកក្នុងវិស័យសារព័ត៌មានអស់រយៈពេលជាង៣០ឆ្នាំមកហើយ។

វគ្គបណ្តុះបណ្តាលលើកដំបូង ធ្វើឡើងរយៈពេល៣ខែមានសិក្ខាកាមជាបុគ្គលិក Fresh News ប្រមាណ៣០រូបចូលរួម។ ក្រោយបញ្ចប់វគ្គសិក្សា សិក្ខាកាមទាំងអស់នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ចេញដោយអង្គភាពព័ត៌មាន Fresh News ដែលមានការទទួលស្គាល់ពីអង្គភាពជំនាញ និងគ្រូបង្គោលផងដែរ។ សម្រាប់វគ្គបន្ទាប់ FTC នឹងអនុញ្ញាតឱ្យសិស្ស-និស្សិត និងយុវជនដទៃទៀត ដែលមិនមែនជាបុគ្គលិក Fresh News ចូលរៀនថែមទៀត៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
១៖ លោក ពេជ្រ ប៊ុនសាយ អគ្គនាយករងអង្គភាពព៏ត៌មាន Fresh News និងជាអនុប្រធានប្រចាំការ FTC ទូរស័ព្ទលេខ : 089 960 090.
២៖ កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈ 092 322 334