(ភ្នំពេញ)៖ គួរជាទីមោទនក្រៃលែង សម្រាប់កម្ពុជាយើង ដែលប្រព័ន្ធ QR Code Stop Covid រៀបចំឡើងដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទទួលបានពានរង្វាន់នវានុវត្តន៍ឌីជីថលសកលស្ដីពីកូវីដ-១៩ (Global South Covid-19 Digital Innovation Challenge) ពីសហភាពទូរគមនាគមន៍អន្តរជាតិ និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់កិច្ចសហការភាគខាងត្បូង UNOSSC ដែលជាស្ថាប័ន របស់អង្គការសហប្រជាតិទទួលបន្ទុកលើវិស័យទូរគមនាគមន៍ និងឌីជីថល។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១។

នេះគឺជាលើកទី១ ដែលកម្ពុជាបានឈ្នះពានរង្វាន់កម្រិតពិភពលោកលើវិស័យទូរគមនាគមន៍ និងឌីជីថល ហើយក៏ជាជោគជ័យដ៏អស្ចារ្យដែលជាសក្ខីភាពសបញ្ជាក់ឱ្យឃើញថាកម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍនូវកម្មវិធីឌីជីថល ដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។

កម្មវិធីនវានុវត្តន៍ឌីជីថលសកលស្ដីពីកូវីដ-១៩ គឺជាកម្មវិធីប្រកួតប្រជែងនវានុវត្តន៍កម្រិតសកល ផ្តល់ជូនប្រទេសសមាជិក ដែលមានគំនិតច្នៃប្រឌិតក្នុងការបង្កើតដំណោះស្រាយផ្នែកឌីជីថល អនុញ្ញាតឱ្យសហគមន៍ ស្ថាប័ន និងប្រជាពលរដ្ឋរបស់ខ្លួន អាចប្រើប្រាស់ដើម្បីដោះស្រាយផលប៉ះពាល់ដែលបណ្តាលមកពីការរាតត្បាតនៃជំងឺរាតត្បាតបានទាន់ពេលវេលា។ កម្មវិធីនេះ មានការចូលរួមប្រកួតដោយ ២៥០ ស្ថាប័នជុំវិញពិភពលោក ហើយកម្ពុជា ដែលមានក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ជាតំណាង ក៏បានយកប្រព័ន្ធ QR Code Stop Covid កំពុងប្រើប្រាស់យ៉ាងទូលំទូលាយនាពេលបច្ចុប្បន្នសម្រាប់ប្រកួតប្រជែងផងដែរ។

ជ័យជំនះនេះ កម្ពុជានឹងទទួលបានពានរង្វាន់ និងប្រាក់រង្វាន់ចំនួន ២០.០០០ដុល្លារអាម៉េរិក ដើម្បីប្រើប្រាស់ក្នុងការពង្រីកបន្ថែមប្រព័ន្ធឱ្យកាន់តែទូលំទូលាយ ព្រមទទួលបានការអញ្ជើញចូលរួមក្នុងកម្មវិធីហ្វឹកហ្វឺនដែលរៀបចំដោយសហភាពសហព័ន្ធទូរគមនាគមន៍អន្តរជាតិ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធរបស់កម្ពុជាយើង ជូនដល់បណ្តាប្រទេសដទៃទៀតសម្រាប់យកជាគំរូផងដែរ។

គួរបញ្ជាក់ថា កាលពីខែកុម្ភៈ ឆ្នាំ២០២១ ប្រព័ន្ធ QR Code Stop Covid ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គាំទ្រ និងជំរុញឱ្យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដាក់ឱ្យប្រើប្រាស់ ដើម្បីគ្រប់ស្ថាប័ន អង្គភាព សហគ្រាស ក្រុមហ៊ុន ប្រជាពលរដ្ឋអាចប្រើប្រាស់ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ឱ្យបានទាន់ពេលវេលា។ ជាលទ្ធផល ប្រព័ន្ធនេះត្រូវបានប្រើប្រាស់ពីប្រជាពលរដ្ឋប្រមាណ ៦លាននាក់ និងមានទីតាំងអាជីវកម្មប្រមាណជាង ២០០.០០០ កន្លែង ប្រប្រាស់ប្រព័ន្ធនេះ ដើម្បីជាសំណាញ់ការពារទីតាំងរបស់ខ្លួនពីជំងឺកូវីដ-១៩។ មិនតែប៉ុណ្ណោះ ប្រព័ន្ធនេះ ក៏បានក្លាយជាប្រព័ន្ធ QR Code “បណ្ណចាក់វ៉ាក់សាំងឌីជីថល Stop QR Code Vaccine” ដែលប្រើសម្រាប់ពហុគោលបំណងទាំងពេលបច្ចុប្បន្ន ក៏ដូចជាអនាគត។

ប្រព័ន្ធ QR Code Stop Covid ត្រូវបានបង្កើតឡើងដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រោមកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីជួយសម្រួលដល់ការស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ១៩ គ្រប់គ្រងការធ្វើចត្តាឡីស័ក្ត និងបង្ហាញព័ត៌មានអំពីការចាក់វ៉ាក់សាំងកូវីដ១៩របស់បុគ្គលម្នាក់ៗ។

បន្ថែមពីនេះទៀត ប្រព័ន្ធនេះនឹងជួយបញ្ចៀសហានិភ័យនៃការចម្លងនូវជំងឺកូវីដ១៩ តាមរយៈទីការកំណត់បានអត្តសញ្ញាណបុគ្គលដែលបានចេញ-ចូល តាមទីតាំង និង ផ្តល់ភាពងាយស្រួលក្នុងការតាមស្វែងរកអ្នកដែល ជាប់ពាក់ព័ន្ធឬប៉ះពាល់ ប្រសិនបើទីតាំងនោះ មានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ហើយជាពិសេសការកាត់បន្ថយការប៉ះពាល់ដោយផ្ទាល់ក្នុងការត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំង ដោយមិនចាំបាច់តម្រូវយកបណ្ណចាក់វ៉ាក់សាំងតាមខ្លួនគ្រប់ពេល ឬភ័យខ្លាចពីការបាត់បណ្ណ និងខូតខាតបណ្ណនោះទេ៕