(​ព្រុច​សែ​ល​)៖ ប៉ូលិស​បែលហ្ស៊ិក បានចេញ​ប្រតិបត្តិ​ការចាប់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​ពីរ​នាក់ ពាក់ព័ន្ធ​នឹង​អំពើ​ភេរវកម្ម នៅ​ទីក្រុង​ព្រុច​សែ​ល និង​ប៉ារីស កាលពីពេល​កន្លង​ទៅនេះ​។ នេះ​បើ​តាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅ​មុន​នេះ​បន្តិច នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​០៩ ខែ​មេសា ឆ្នាំ​២០១៦​។​

​តាម​របស់​ប៉ូលិស​បែលហ្ស៊ិក បន្ទាប់​ពី​ប្រតិបត្តិការ​កាលពី​ថ្ងៃ​សុក្រ​នោះ​ឲ្យដឹងថា ក្រុម​ភេរ​វករ នៅក្នុង​ប្រទេស​បារាំង និង បែលហ្ស៊ិក​ទាំងនេះ បាន​ទទួល​បញ្ជា​ឲ្យ​រៀបចំ​ប្រតិបត្តិការ​វាយប្រហារ​នៅ​ប៉ារីស និង​ព្រុច​សែ​ល ពី​សំណាក់​មេបញ្ជាការ​ពួកគេ ដែល​មាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​ស៊ី​រី​។

​គួរបញ្ជាក់​ថា ក្នុង​ចំណោម​ជនសង្ស័យ​ដែល​ប៉ូលិស​ចាប់ខ្លួន​បាន​មាន​ម្នាក់​ឈ្មោះ Mohamed Abrini ជា​ជនជាតិ បែលហ្ស៊ិក ត្រូវបាន​ប៉ូលិស​អះអាងថា គេ​ទំនងជា​បាន​ជួយ​រៀបចំ​ការវាយប្រហារ​នៅ​ទីក្រុង ប៉ារីស​ប្រទេស​បារាំង កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដែល​បណ្តាលឲ្យ​មនុស្ស ១៣០​នាក់​ស្លាប់​៕​