(ភ្នំពេញ)៖ លោក ប៉ាន់យ៉ារ៉ាក់ ភូនសាប់ ឯកអគ្គរាជទូតថៃឡង់ដ៍ ប្រចាំកម្ពុជា រួមជាមួយនឹងមន្ត្រីការទូតប្រចាំស្ថានទូតផ្សេងទៀត តំណាងវិស័យឯកជនថៃ នៅប្រទេសកម្ពុជា និងតំណាងក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ បានចូលគាល់ និងចូលរួម ពិធីព្រះរាជទានពានរង្វាន់ សម្ដេចចៅហ្វាមហាចក្រី លើកទី៤ ប្រចាំឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ ពីរាជធានីភ្នំពេញ។

ឆ្នាំនេះ ពានរង្វាន់សម្ដេចចៅហ្វាមហាចក្រី គឺបានទៅលើលោកគ្រូ ណន ដារី គ្រូបង្រៀនថ្នាក់ទី៦ ពីសាលាបឋមសិក្សា គួច ម៉េងលី ទួលបេង ខេត្តកំពង់ចាម។ លោកគ្រូ ណន ដារី គឺជាគ្រូពានរង្វាន់សម្ដេចចៅហ្វាមហាចក្រីទី៤ ដោយគ្រូពានរង្វាន់សម្ដេចចៅហ្វាមហាចក្រីទី១ ត្រូវបានប្រគល់ពានរង្វាន់ កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១។ លោកគ្រូត្រូវបានជ្រើសរើស ជាគ្រូពានរង្វាន់សម្ដេចចៅហ្វាមហាចក្រី រួមជាមួយលោកគ្រូអ្នកគ្រូពីប្រទេសផ្សេងៗផងដែរ។

លោកគ្រូ ណន ដារី បានឲ្យដឹងថា លោកបានបង្រៀននៅសាលាបឋមសិក្សា គួច ម៉េងលី ទួលបេង ខេត្តកំពង់ចាម រយៈពេល៥ឆ្នាំហើយ។ ហើយចំពោះការបង្រៀននេះ គឺលោកបានខិតខំប្រឹងប្រែង ដើម្បីផ្តល់នូវចំណេះដឹងឲ្យសិស្ស តាំងពីចាប់ផ្តើម ដើម្បីឲ្យគេទទួលបាននូវចំណេះដឹង ហើយចំពោះការទទួលបាន ពានរង្វាន់នេះ គឺបានឆ្លងកាត់ការវាយតម្លៃច្រើន តាមលំដាក់ថ្នាក់។

លោកគ្រូ ណន ដារី បានបន្ដថា ការវាយតម្លៃមានដូចជា៖ វាយតម្លៃអំពីកម្រិតសាលារៀន, ថ្នាក់កម្រ ថ្នាក់ស្រុក រួចជ្រើសរើសចេញពីថ្នាក់ស្រុក ហើយក៏បាន ជោគជ័យបន្តទៀត ទៅដល់ថ្នាក់ខេត្ត ទើបថ្នាក់ខេត្ត បញ្ជូនឈ្មោះទៅខាងក្រសួងអប់រំ យុវជន និងកីឡា ទើបវាយតម្លៃចុងក្រោយ ហើយក៏ទទួលបានចំណាត់ថ្នាក់ លេខមួយ ទូទាំងប្រទេសផ្នែកគ្រូល្អទូទៅ ពីថ្នាក់ទី៤ ដល់ថ្នាក់ទី១២។

គូសបញ្ជាក់ថា ពានរង្វាន់សម្តេចចៅហ្វាមហាចក្រី គឺជាពានរង្វាន់លំដាប់អន្តរជាតិ ដើម្បីលើកតម្កើងកិត្យានុភាព ដល់គ្រូឆ្នើមនៅកម្រិតសិក្សា ថ្នាក់មូលដ្ឋាន នៃបណ្តាប្រទេសនានានៅក្នុងអាស៊ាន និងទីម័រឡេស្តេ ចំនួន១១ ប្រទេស ដោយប្រកាន់តាមគោលការណ៍ គុណភាពនៃការអប់រំ ស្ថិតនៅលើគុណភាព គ្រូបង្រៀន គុណភាពគ្រូបង្រៀនមានឥទ្ធិពល ចំពោះការស្ថាបនាធនធានមនុស្ស ដែលប្រកបដោយគុណភាព និងដើម្បីលើកស្ទួយព្រះកិត្តិនាម នៃសម្តេចព្រះរាជកន្និដ្ឋា គឺព្រះអង្គ ម្ចាស់ក្សត្រីយ៍មហាចក្រី សិរិនថន ដែលព្រះអង្គមានព្រះប្រាជ្ញាញ្ញាណវៀងវៃ និងមានព្រះគុណូបការៈ ដ៏ធំធេងក្នុងវិស័យអប់រំ ទាំងក្នុង និងក្រៅប្រទេស។

ការព្រះរាជទានពានរង្វាន់ គឺស្ថិតក្រោមកិច្ចដំណើរការ របស់មូលនិធិពានរង្វាន់សម្តេចចៅហ្វាមហាចក្រី សហការរួមជាមួយ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាគ្រូ នៃក្រសួងអប់រំ មូលនិធិដើម្បីសមភាពនៃការអប់រំ ក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងអង្គភាពដែលពាក់ព័ន្ធផ្សេងៗ នៃប្រទេសថៃ ដោយបានកំណត់ ឲ្យមានការព្រះរាជទានពានរង្វាន់លើកដំបូង កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥ និងមានការចម្រាញ់ជ្រើសរើសរៀងរាល់២ឆ្នាំម្តង៕