(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ បានឆ្លៀតពេលហាត់ប្រាណដោយធាក់កង់បានរយៈពេល៨០នាទី បានចម្ងាយជាង៥០គីឡូម៉ែត្រ ក្រោយពីសម្តេចតេជោ បានបញ្ចប់ការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន រយៈពេល៣ថ្ងៃមកនេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ប្រជុំអាស៊ាន៣ថ្ងៃជាប់គ្នាពុំមានពេលហាត់ប្រាណសោះ។ ថ្ងៃនេះឆ្លៀតពេលហាត់ប្រាណដោយការធាក់កង់រយៈពេល៨០នាទី បានចម្ងាយជាង៥០គីឡូម៉ែត្រ ដោយជិះឡើងទួល៤អង្សា។ ប្រសិនគិតចម្ងាយផ្លូវអាចចូលក្នុងដីខេត្តកំពង់ស្ពឺ ឬតាកែវតែទីបំផុតនៅផ្ទះតាខ្មៅសោះ»

សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ផងដែរថា ល្ងាចថ្ងៃសុក្ររង់ចាំមើលផ្លូវចៅៗមកលេង និងបាយល្ងាចជាមួយគ្នា។ នេះហើយជារសជាតិ នៃជិវិតពេលថ្ងៃរសៀល និងជារសជាតិ នៃជិវិតជាជីតារបស់ចៅៗដែល
តែងតែនឹកដល់ពួកគេដូចពាក្យចាស់ពោលថា «ស្រឡាញ់កូនមួយតៅស្រឡាញ់ចៅមួយថាំង»

សូមបញ្ជាក់់ថា រយៈពេល៣ថ្ងៃនេះ ប្រមុខរាជរដ្ឋាភិបាល និងប្រមុខរដ្ឋាភិបាលអាស៊ាន បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ានបូក ដែលមានប្រទេសប្រុយណេធ្វើជាម្ចាស់ផ្ទះ ហើយនៅឆ្នាំ២០២២ ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះវិញម្តង៕