(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជេីញជួបពិភាក្សារកាងារ និង ពិសាអាហារសាមគ្គីថ្ងៃត្រង់ ជាមួយឯកអគ្គរាជទូត-រដ្ឋទូត នៃបណ្តាប្រទេសជាសមាជិកអង្គការសហប្រតិបត្តិការឥស្លាម (OIC) ដែលមាននិវេសនដ្ឋាននៅកម្ពុជា រៀបចំដោយ លោក Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា នៅស្ថានទូតម៉ាឡេស៊ី នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។

កិច្ចពិភាក្សានេះ បានផ្តោតសំខាន់លេីការគៀងគរ និងគ្រប់គ្រង អំណោយមនុស្សធម៌មកកម្ពុជាកាន់តែច្រើន ដោយត្រូវរៀបចំធ្វើយ៉ាងណាដេីម្បីឲ្យការប្រគល់ទទួលអំណោយគរុភណ្ឌសាសនាទាំងនោះ អនុវត្តទៅតាមនីតិវិធីដែលនឹងទទួលស្គាល់ពីអាជ្ញាធរមានសមត្ថកិច្ច និងថ្នាក់ដឹកនាំឥស្លាម ព្រោះតែនៅពេលនេះកម្ពុជាពុំទាន់មានច្បាប់ស្ដីពីការគ្រប់គ្រងសម្បត្តិគរុភណ្ឌសាសនាឥស្លាម នៅឡើយ ។

ជាមួយគ្នានេះ កិច្ចពិភាក្សា ក៏បានបន្តពិភាក្សាលេីគម្រោងអភិវឌ្ឍន៍នៅទីតាំងនៃមជ្ឈមណ្ឌលឥស្លាមភ្នំពេញ (PPIC) ដែលធ្លាប់បានជួបប្រជុំពិភាក្សាលេីកាងារនេះ កន្លងមក។

ទីតាំងមជ្ឍមណ្ឌលឥស្លាមភ្នំពេញ មានព្រះវិហារឥស្លាមអាល់សារកាលបឹងកក់ភ្នំពេញស្រាប់ ហេីយនឹងត្រូវអភិវឌ្ឍបរិវេណនេះ អោយទទួលបានមកវិញនូវប្រភពសេដ្ឋកិច្ចសម្រាប់ទ្រទ្រង់ និងអភិវឌ្ឍន៍សហគមន៍ខ្មែរឥស្លាមកម្ពុជាលើវវិស័យមួយចំនួន ពិសេស ការផ្ដល់អាហារូបករណ៍ដល់សិស្ស និស្សិត កុមារកំព្រា ចាស់ជរា អ្នក ទីទាល់ក្រ។ល។

យ៉ាងណាក៏ដោយ គម្រោងនេះ បានជួបនូវបញ្ហា លំបាកដោយសារនៅកម្ពុជា មិនទាន់មានច្បាប់សម្រាប់គ្រប់គ្រងសម្បត្តិគរុភណ្ឌសាសនា (វ៉ាកាហ្វ) ដែលអង្គប្រជុំបានលេីកយកមករកដំណោះស្រាយលេីបញ្ហានេះ ដោយគ្រោងស្នើសុំរាជរដ្ឋាភិបាលពិនិត្យ សម្រេច ។

បន្ថែមពីនេះ ជំនួបនេះ ក៏បានពិភាក្សាលេីការណ្តុះបណ្តាល ដេីម្បីអភិវឌ្ឍវិស័យហាឡាលនៅកម្ពុជាផងដែរ។

ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានជម្រាបជូនបណ្ដាអង្គទូតថា សង្ឃឹមនឹងជឿជាក់លើរាជរដ្ឋាភិបាល នឹងអនុញ្ញាតឲ្យប្រតិបត្តិសាសនាឥស្លាមឡេីងវិញ នៅតាមម៉ាស្ជិត ស៊ូរ៉ាវ ក្រោយពេលត្រូវបានផ្អាកមួយរយៈពេល ដោយសាការរីករាលដាលនៃរោគកូវីដ១៩ បន្ទាប់ពីវិស័យនានានឹងត្រូវបេីកជាបន្តបន្ទាប់ ក៏ដូចជាការបេីកប្រទេសឡេីងវិញផងដែរ។

ឯកអគ្គរាជទូត-រដ្ឋទូត ក៏បានស្នើសុំឲ្យមានការរៀបចំនូវកិច្ចប្រជុំមួយតាមប្រព័ន្ធវីដេអូ ជាមួយបណ្តារដ្ឋមន្ត្រីកិច្ចការសាសនាឥស្លាម នៃបណ្តាប្រទេសដែលជាសមាជិក OIC ដែលមានដាក់ស្ថានទូតនៅកម្ពុជាចំនួន២៤ប្រទេស ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕