(កំពត)៖ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋមកពីគ្រប់ទិសទី ក្នុងទូទាំងភូមិសាស្រ្តខេត្តកំពត បានសម្រុកបន្តដាក់ពាក្យបណ្ដឹងទៅលោក ម៉ៅ ធនិន អភិបាលខេត្តកំពត ពាក់ព័ន្ធរឿងជាច្រើនករណីផ្សេងៗគ្នា ក្នុងគោលបំណងរកវិធីដោះស្រាយបញ្ចប់វិវាទ ឬគូបដិបក្សទំនាស់។ ការទទួលពាក្យបណ្ដឹងនេះ ធ្វើឡើងនៅសាលាខេត្តកំពត ក្រោមវត្តមានរបស់លោកអភិបាលខេត្តផ្ទាល់។

ក្នុងឱកាសនោះ លោក ម៉ៅ ធនិន ក៏បានបន្តទទួលពាក្យបណ្ដឹង និងជួយសម្របសម្រួលដោះស្រាយបញ្ហាមួយចំនួន ជូនប្រជាពលរដ្ឋផងដែរ។

បន្ទាប់ពីទទួលពាក្យបណ្ដឹង និងធ្វើការដោះស្រាយជូនពលរដ្ឋបានលទ្ធផលមួយចំនួននៅនឹងកន្លែងរួចមក, លោក ម៉ៅ ធនិន ក៏បានចែកស្បៀងជូនគ្រួសារប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រខ្វះខាតមកពីបណ្តាស្រុក ក្រុងក្នុងខេត្តកំពត ចំនួន១៧០គ្រួសារ នៅ បរិវេណសាលប្រជុំសាលាខេត្ត។

អំណោយផ្ដល់ជូននាពេលនេះ ក្នុងមួយគ្រួសារ ទទួលបានអង្ករ ចំនួន២០គីឡូក្រាម មី ១កេស និងទឹកត្រី ទឹកស៊ីអ៉ីវ ២ដបផងដែរ។

ទន្ទឹមនេះ លោកអភិបាលខេត្តកំពត ក៏បានបន្តជួបសំណេះសំណាលជាមួយសប្បុរសជន ដែលបានចូលរួមផ្ដល់ស្បៀងជូនរដ្ឋបាលខេត្ត សម្រាប់ប្រេីប្រាស់ ចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតក្នុងកំឡុងពេល នៃការរីករាលដាលនៃជំងឺកូវីដ១៩។

ក្នុងនោះដែរលោក ជួន សុវណ្ណ និងលោកស្រី បានផ្ដល់នូវអង្ករចំនួន២៥តោន, មីជាតិចំនួន២០០កេស និងទឹកត្រី ទឹកស៊ីអ៉ីវចំនួន ២០០ យួរ។ លោក សោម សុខរ៉ាឌី និងភរិយា បានផ្ដល់អង្ករ ចំនួន៣០តោន, មីយេីងចំនួន៥០០កេស និងទឹកត្រី ទឹកស៊ីអុីវចំនួន២០០យួរ៕