(កំពត)៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ បានស្នើសមត្ថកិច្ចស៉ើបអង្កេត បន្ទាប់ពីមានជនខិលខូចបង្កើតគណនី Facebook ដោយយកឈ្មោះ និងរូបថត លោក ម៉ៅ ធនិន អភិបាលខេត្ត ទៅបង្ហោះព័ត៌មានបំភ្លៃ។

បើតាមសេចក្តីបំភ្លឺព័ត៌មាន របស់រដ្ឋបាលខេត្តកំពត, ថ្មីៗនេះនៅតាមបណ្តាញសង្គម មានជនអគតិ ខិលខូចបានបង្កើតគណនី Facebook ដោយយកឈ្មោះ និងរូបថតលោក ម៉ៅ ធនិន ធ្វើការផ្សព្វផ្សាយ បង្ហោះរូបភាព កែច្នៃខ្លឹមសារព័ត៌មានមិនពិត ក្នុងចេតនាទុច្ចរិត និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់លោកអភិបាលខេត្ត។

«រដ្ឋបាលខេត្តកំពត បដិសេធ និងច្រានចោលទាំងស្រុង នូវព័ត៌មាន និងការប្រឌិតព័ត៌មាន ដោយយករូបថត លោកអភិបាលខេត្ត ដែលកំពុងមានការគោរព ស្រលាញ់ ពេញចិត្ត ពីសំណាក់បងប្អូនប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានទូទៅជាខ្លាំង ដូច្នេះសូមស្នើដល់អង្គភាពជំនាញបើកការស៉ើបអង្កេត ស្រាវជ្រាវ ស្វែងរកមុខជនល្មើស រួមទាំងបក្ខពួក និងមេក្លោងយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន»។ នេះបើតាមសេចក្តីបំភ្លឺដដែល។

រដ្ឋបាលខេត្តកំពត សំណូមពរសាធារណជន អ្នកសារព័ត៌មាន ពិសេសអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម កុំមានការយល់ច្រឡំ និងបានអំពាវនាវ កុំចូលរួមចែករំលែកព័ត៌មានក្លែងក្លាយទាំងនេះ ដើម្បីចៀសវាងបង្កការលំបាកក្នុងការអនុវត្តភារកិច្ចស្រាជ្រាវរបស់ជំនាញ និងអាចប្រឈមមុខចំពោះផ្លូវច្បាប់៕