(ស្វាយរៀង)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស បានលើកឡើងថា ជំនួយវ៉ាក់សាំងស៉ីណូហ្វាម ចំនួន២០ម៉ឺនដូស ផ្ដល់ជូនរដ្ឋាភិបាល និងប្រជាជនវៀតណាម បង្ហាញច្បាស់ពីសន្ដានចិត្តដ៏ល្អប្រពៃ និងទូលំទូលាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងប្រជាជនកម្ពុជា។

ការលើកឡើងរបស់លោកស្រី ឱ វណ្ណឌីន បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ ក្នុងឱកាសអញ្ជើញជាអធិបតីតំណាងសម្ដេចតេជោ ហ៊ុន សែន ប្រគល់ជំនួយវ៉ាក់សាំងដល់រដ្ឋាភិបាល និងប្រជាជនវៀតណាម នៅច្រកទ្វារព្រំដែនអន្ដរជាតិបាវិត-មុកប៉ាយ ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង។

លោកស្រី ឱ វណ្ណឌីន បានថ្លែងយ៉ាងដូច្នេះថា «ការសម្រេចចិត្តផ្តល់វ៉ាក់សាំងកូវីដ-១៩ ជូនសាធារណៈរដ្ឋសង្គមនិយមវៀតណាមនាពេលនេះ គឺជាសក្ខីភាពបញ្ជាក់ច្បាស់ពីសន្តានចិត្តដ៏ល្អប្រពៃ និងទូលំទូលាយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងរបស់ប្រជាជនកម្ពុជា ចំពោះប្រជាជន និងរដ្ឋាភិបាល នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ស្របតាមពាក្យស្លោកថា (ជួយគ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក)។

បើតាមលោកស្រី ឱ វណ្ណឌីន អំណោយមនុស្សធម៌នាឱកាសនេះ ក៏ជាសក្ខីភាពនៃមនោសញ្ចេតនាដ៏ជ្រាលជ្រៅ សាមគ្គីភាពស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការល្អប្រសើរ ជាប្រពៃណី ដែលថ្នាក់ដឹកនាំបក្ស និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) បានបណ្តុះ និងថែទាំអស់រយៈពេលជាយូរកន្លងមកហើយ។ បន្ថែមលើនេះ សកម្មភាពមនុស្សធ៌មរបស់កម្ពុជានាពេលនេះ ក៏បានបង្ហាញពីសណ្តានចិត្តស្រឡាញ់រាប់អាន ជួយគ្នាក្នុងគ្រាលំបាក ក្នុងនាមជាបងប្អូន មិត្តភ័ក្ត្រ និងក្នុង «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែង»

លោកស្រីសង្ឃឹមថា ជំនួយវ៉ាក់សាំងកូវីដ-១៩ នាពេលនេះ នឹងអាចជួយសម្រាលការលំបាករបស់វៀតណាម បានមួយកម្រិតដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រាប់សុខភាពប្រជាជនវៀតណាម។ បន្ថែមលើជំនួយវ៉ាក់សាំងរបស់កម្ពុជា នាពេលនេះ រាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមកក៏ធ្លាប់បានផ្តល់អំណោយជាសម្ភារៈ បរិក្ខាពេទ្យមួយចំនួន និងថវិកា ចំនួន២០ម៉ឺនដុល្លារ ជូនដល់រដ្ឋាភិបាល និងប្រជាជនវៀតណាម ហើយតាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា កាកបាទក្រហមកម្ពុជា ក៏បានផ្តល់ថវិកា ចំនួន១០ម៉ឺនដុល្លារ ហើយសមាគមមិត្តភាពកម្ពុជា-វៀតណាម បានផ្តល់ថវិកា ចំនួន៥ម៉ឺនដុល្លារ ជូនដល់សាធារណៈរដ្ឋសង្គមនិយមវៀតណាម ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូដ-១៩ រួចហើយផងដែរ។

សូមជម្រាបថា វៀតណាម គឺជាប្រទេសទី២ហើយ ដែលទទួលបានអំណោយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ បន្ទាប់ពីប្រទេសឡាវ។ ក្រៅពីការផ្ដល់វ៉ាក់សាំងជូនប្រទេសជិតខាងនេះ កន្លងទៅកម្ពុជា ក៏ធ្លាប់បានផ្ដល់នូវអំណោយជាសម្ភារ បរិក្ខាពេទ្យដែលបម្រើឲ្យការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ ជូនដល់បណ្ដាញប្រទេសជាច្រើននៅក្នុងតំបន់អាស៊ាននេះផងដែរ៕