(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នាថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២១នេះ បន្តអំពាវនាវពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន បើទោះបីជាទឹកជំនន់ចាប់ផ្ដើមស្រក ផុតក្រោមបន្ទាត់ធូរស្រាលនៅផ្នែកខាងលើក៏ដោយ។ កាលដែលទឹកជំនន់ចាប់ផ្ដើមស្រកផុតក្រោមបន្ទាត់ធូរស្រាលបែបនេះ បន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយអាជ្ញាធរដែនដីខេត្តកណ្តាល ធ្វើការអន្តរាគមន៍វះកាត់មុខទឹក, ស្ដារព្រែក និងប្រទ្បាយជាច្រើនខ្សែរ ដើម្បីបើកមុខទឹកបង្ហូរចូលទន្លេបាសាក់ឲ្យបានទាន់ពេលវេលា ។

គួរជម្រាបពីស្ថានភាព នៃទឹកជំនន់ផងដែលថា ទឹកជំនន់បានស្រកផុតក្រោមបន្ទាត់ធូរស្រាល នៅខាងក្រោយសំណង់៧មករា ក្នុងភូមិសាស្រ្តទឹកដីរាជធានីភ្នំពេញ។ ចំណែកឯខេត្តកណ្ដាលទទួលរបបកន្ទុយទឹក ពីផ្នែកខាងលើ មកសាយវាលនៅខាងក្រោម រួចហូរធ្លាក់ទៅទន្លេបាសាក់ ចំពោះទឹកស្រកមានកំរិតពី ១៥សង់ទីម៉ែត្រ ទៅ២០សង់ទីរម៉ែត្រប៉ុណ្ណោះ ក្នុងរយ:២៤ម៉ោង ។

បើតាមការអះអាងរបស់លោក អ៊ុក វណ្ណា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្ដាល បានថ្លែងបញ្ជាក់បន្ថែមកភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាលនាថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២១នេះថា ទឹកចាប់ផ្ដើម ស្រកជាបណ្តើរៗហើយ ដែលនេះជាសញ្ញាល្អមួយ សំរាប់ការរំដោះទឹកចេញពីតំបន់លិចលង់ នៅភូមិសាស្ត្រខេត្តកណ្តាល ជាពិសេសស្រុកកណ្ដាលស្ទឹង និងមួយផ្នែកតូចនៃក្រុងតាខ្មៅ។ បើគិតពីកម្ពស់ទឹកដែលបានឡើង អតិបរិមា៦.៥៨ម៉ែត ផ្នែកខាងមុខសំណង់៧មករា និងទឹកស្រកមកដល់ថ្ងៃនេះប្រមាណជា ១.៣០ម៉ែត្រហើយ។

លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមបន្តថា សណ្តរស្ទឹងដែលបានហូរបាក់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រុមការងារបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងអាជ្ញាធរដែនដី បានខ្នះខ្នែងទាំងយប់ទាំងថ្ងៃ ធ្វើលើការងារនេះជាបន្ទាន់ ដោយទប់ទឹកមិនឲ្យហូរសង្រ្គប់ដាច់បន្ថែមទៀត បានទទួលលទ្ធផលល្អប្រសើរ ដោយមិនឲ្យមានការលិចលង់ និងប៉ះពាល់ទ្រព្យសម្បត្តិ ផ្ទះសម្បែងប្រជាពលរដ្ឋយូរអង្វែងទៀត ។

លោកបានបញ្ជាក់បន្ថែមទៀតថា បើសិនណាភ្លៀងនៅប៉ែកខាងកំពង់ស្ពឺមិនបង្អុរខ្លាំងមកទៀតទេ នោះពិតណាស់ស្ថានភាពនៃការលិចលង់នឹងបាត់ទៅវិញ ពោលគឺទឹកលិចនឹងត្រូវដោះស្រាយបានឆាប់ៗជាក់ជាក់ជាមិនខានឡើយ ។

បើទោះបីជាទឹកជំនន់ចាប់ផ្ដើមស្រក ផុតក្រោមបន្ទាត់ធូរស្រាលយ៉ាងណានោះ អភិបាលខេត្តកណ្ដាល នាថ្ងៃដែលលោកចុះពិនិត្យមើលស្ថានភាពទឹកជំនន់ និងការរំដោះទឹកតាមអូរប្រឡាយ បានបន្តអំពាវនាវពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នដដែល បើទោះបីជាស្ថានភាពទឹកស្រកយ៉ាងណាក្ដី។

សូមរំលឹកថា កាលអំឡុងពេលភ្លៀងខ្លាំង ទឹកជំនន់បានវាយប្រហារស្រុកកណ្ដាលស្ទឹងធ្ងន់ធ្ងរជាងគេ និងប៉ះពាល់បន្តិចបន្តួច នៅក្រុងតាខ្មៅ ស្រុកស្អាង, ស្រុកអង្គស្នួល, ខណ:ដែលលោកគង់ សោភ័ណ្ឌ បានត្រៀមកម្លាំងជំនួយសង្រ្គោះបន្ទាន់រួចជាស្រេចដើម្បីចុះជួយពលរដ្ឋ។ កាលដែលទឹកជំនន់បានវាយប្រហារស្រុកកណ្ដាលនោះ គឺទទួលឥទ្ធិពលទឹកជំនន់ទឹកភ្លៀងផ្នែកខាងលើនៃខេត្តកំពង់ស្ពឺ ដែលធ្លាក់ពី អនុអាងមួយចំនួនធ្លាក់ចូលអាងស្ទឹងព្រែកត្នោត និងផ្នែកខាងក្រោមតាមតំបន់ផ្ទៃរងទឹកភ្លៀងមានស្រុកអង្គស្នួល ស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ របស់ខេត្តកណ្តាល និងមួយចំនួនទៀតផ្ទៃរងទឹកភ្លៀងរបស់ខណ្ឌដង្កោ ខណ្ឌកំបូល រាជធានីភ្នំពេញ ក៏ធ្លាក់ចូលអាងស្ទឹងព្រែកត្នោតនេះរួច បន្តធ្លាក់ចូលតាមប្រព័ន្ធព្រែក ប្រឡាយ បឹងបួរ អូរធម្មជាតិ ធ្លាក់ចូលទន្លេបាសាក់។

បន្ថែមពីខាងលើនេះ បណ្តាញ Fresh News ទទួលបានរបាយការណ៍ជុំវិញការលិចលង់ និងផលប៉ះពាល់ស្រុកកណ្តាលស្ទឹងមានដូចខាងក្រោម ៖

* ប៉ះពាល់ហេដ្ឋារចនាសម្ពន្ធ័ ក្នុងនោះ ផ្លូវលំ ១៤ ខ្សែ ប្រវែង ៨ ២៦១ ម៉ែត្រ និងផ្លូវបេតុង ១ ១០០ ម៉ែត្រ
* ប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋ ចំនួន២ ឃុំ រួមមាន ៖ ឃុំដើមឬស និងឃុំកណ្តោក ដែលមានខ្នងផ្ទះរងផលប៉ះពាល់លើ១៣ភូមិ ចំនួន១៣៤៩ ខ្នងផ្ទះ ស្មើនឹង១៤៣៨គ្រួសារ ផ្ទៃដីស្រែរងផលប៉ពាល់ ៣២៩ ហិកតា
* បានជម្លៀសប្រជាពលរដ្ឋមករស់នៅលើទីទួលសុវត្ថិភាពចំនួន ១៧គ្រួសារ៕