(ពោធិ៍សាត់)៖ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ បានទទួលអំណោយមនុស្សធម៌ ពីសប្បុរសជននានា ដែលបាននាំយកមកប្រគល់ ជូនរដ្ឋបាលខេត្ត ក៏ដូចជាសាខាកាកបាទក្រហមខេត្ត ក្នុងយុទ្ធនាការរួម ប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩។

ពិធីនេះធ្វើទ្បើង ក្នុងគោលបំណងចូលរួមចំណែកក្នុងយុទ្ធនាការរួម ប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ នៅសាលាខេត្តពោធិ៍សាត់។

សប្បុរសជន ដែលបាននាំយកអំណោយ មកផ្តល់ជូនរដ្ឋបាលខេត្ត ក៏ដូចជាសាខាកាកបាទក្រហមខេត្ត រួមមាន៖

• មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ឧបត្ថម្ភ អង្ករចំនួន១០តោន
• វិទ្យាស្ថានពហុបច្ចេកទេស នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ឧបត្ថម្ភ ទឹកបរិសុទ្ធ សារុង និងម៉ាស់មួយចំនួន
• លោក សុខ លាងហុក និងលោកស្រី អ៊ុ ម៉ាទីន ឧបត្ថម្ភ មីចំនួន២០០កេសធំ និងត្រីខចំនួន២០០កេសធំ។

ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត លោក ជាវ តាយ បានថ្លែងអំណរគុណ និងសូមធ្វើការកោតសរសើរ ចំពោះសប្បុរសជនជាម្ចាស់អំណោយ ដែលបានចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត ក៏ដូចជាសាខាកាកបាទក្រហមខេត្ត ប្រកបដោយស្មារតី និងកាយវិការមនុស្សធម៌ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ចំពោះវិធានការបង្ការ ទប់ស្កាត់ជំងឺកូវីដ១៩ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព អាយុជីវិតរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចសង្គម នៅទូទាំងប្រទេស និយាយជារួមនឹងនិយាយដោយឡែក ក្នុងខេត្តពោធិ៍សាត់ផ្ទាល់។

លោកសូមបង្វែរអំណោយទាំងអស់នេះ ចូលទៅសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដើម្បីចាត់ចែងបន្ត ទុកសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះឱ្យចំគោលដៅ និងមានប្រសិទ្ធភាពផងដែរ៕