(បន្ទាយមានជ័យ)៖ មនុស្សម្នាក់បានរងរបួសធ្ងន់ រថយន្ត២គ្រឿងត្រូវឆេះបំផ្លាញ និងប្រេងសាំងចំនួន៥០០លីត្រ ត្រូវបានអគ្គិភ័យឆាបឆេះនៅក្នុងស្ថានីយប្រេងឥន្ធនៈមួយនៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ នៅចំណុចស្ថានីយប្រេងមួយកន្លែងទល់មុខផ្សារដើមគរ (ផ្សារអូរអំបិល) ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ប្រាប់ថា ម្ចាស់ស្ថានីយ៍ប្រេង មានឈ្មោះ ជា លី អាយុ៦៨ឆ្នាំ និងមានប្រពន្ធឈ្មោះ លឹម ប៊ុនលី អាយុ៦៣ឆ្នាំ មុខរបរ បើកការ៉ាស់សាំង រស់នៅក្នុងភូមិ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកបានឱ្យដឹងថា «មុនពេលកើតហេតុម្ចាស់ការ៉ាស់ ឈ្មោះ ជា លី បានបង្ហូរប្រេងពីរថយន្តស៉ីទែន ដាក់រថយន្តតូច ក្រោយពីហូបហើយ ក៏ឡើងបើករថយន្តថយក្រោយ ចៃដន្យមិនបានមើលថាមានធុងហ្គាសនៅក្រោយរថយន្ត ក៏បើកជាន់បណ្តាលឱ្យផ្កាភ្លើងចេញពីធុងហ្គាសឆាប់ឆេះយ៉ាងសន្ធោសន្ធៅតែម្តង ក្រោយមកបានឆេះរថយន្តទាំង២»

ក្រោយពីមានហេតុការណ៍អគ្គិភ័យកើតឡើង មានរថយន្តពន្លត់អគ្គិភ័យចំនួន០៣គ្រឿង (រថយន្តស្នងការដ្ឋាន០១គ្រឿង អធិការដ្ឋាន មង្គលបូរី ០១គ្រឿង និងរថយន្តអធិការដ្ឋានក្រុងសិរីសោភ័ណ ០១គ្រឿង) បានចេញអន្តរាគមន៍បាញ់ទឹកពន្លត់ដោយប្រើប្រាស់ទឹក អស់ ០៣រថយន្តទើបគ្រប់គ្រងស្ថានការណ៍បាន១០០ភាគរយ។

ក្នុងករណីនេះបណ្តាលឱ្យមនុស្សម្នាក់ជាម្ចាស់ស្ថានីយប្រេងរងរបួសធ្ងន់រថយន្ត ចំនួន០២គ្រឿង រងការឆេះបំផ្លាញប្រេងចំនួន៥០០ លីត្រ រោងផ្នែកខាងក្រោយស្ថានីយ០១ខ្នង ត្រូវបានឆាបឆេះអស់៕