(ភ្នំពេញ)៖ កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាននៅពេលខាងមុខ នឹងតែងតាំងប្រេសិតពិសេស ដែលនឹងបន្តការងារពីប្រេសិតពិសេសនៅពេលបច្ចុប្បន្ន ដោយចាប់ផ្តើមជាមួយអាណត្តិជាប្រធានរបស់ខ្លួននៅខែមករា ឆ្នាំ២០២២។ នេះជាការបញ្ជាក់របស់ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

តាមរយៈកិច្ចសម្ភាសមួយជាមួយភ្នាក់ងារ សារព័ត៌មានរ៉យទ័រ (Reuters) របស់អង់គ្លេសប្រចាំនៅកម្ពុជា តាមបណ្តាញតេឡេក្រាម នៅថ្ងៃទី២៨ ខែតុលា ម្សិលមិញ លោក ប្រាក់ សុខុន មិនបានបញ្ជាក់ថា នរណាជាប្រេសិតពិសេសថ្មីរបស់ប្រធានអាស៊ានឆ្នាំ២០២២ នៅឡើយទេ ខណៈដែលប្រសិតពិសេសបច្ចុប្បន្នគឺ លោក អេរីវ៉ាន យូសូហ្វ (Erywan Yusof) ដែលជាប្រមុខការទូតនៃប្រទេសព្រុយណេ។

«យើងកំពុងតែនិយាយអំពីប្រេសិតពិសេសរបស់ប្រធានអាស៊ានលើការព្រមព្រៀង ជា ឯក ច្ឆន្ទ៥ចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន (5PC)។ កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាននៅពេលខាងមុខ នឹងតែងតាំងប្រេសិតពិសេស ដែលនឹងបន្តការងារពីប្រេសិតពិសេសនៅពេលបច្ចុប្បន្ន ដោយចាប់ផ្តើមជាមួយអាណត្តិជាប្រធានរបស់ខ្លួននៅខែមករា ឆ្នាំ២០២២»។ នេះបើតាមការបញ្ជាក់របស់ លោក ប្រាក់ សុខុន។

ជាមួយការបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធរយៈពេល៣ថ្ងៃ ដែលប្រទេសព្រុយណេ ធ្វើជាម្ចាស់ផ្ទះនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលញញួរដើម្បីធ្វើជាម្ចាស់នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនាឆ្នាំ២០២២។ នេះជាកិច្ចការទទួលធ្វើជាម្ចាស់នៃកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នៅក្នុងតំបន់លើកទី៣ហើយសម្រាប់កម្ពុជា ក្រោយក្លាយជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩។ លើកទី១ នៅឆ្នាំ២០០២ លើកទី២ នៅឆ្នាំ២០១២។

ការទទួលដំណែងប្រធានអាស៊ាននេះ ចំពេលដែលសមាគមដែលមានអាយុ៥៤ឆ្នាំនេះ ជួបប្រទះនឹងបញ្ហាស្មុគស្មាញ ជាពិសេសរដ្ឋប្រហារយោធា និងបញ្ហានយោបាយរបស់មីយ៉ាន់ម៉ា។ របបយោធាមីយ៉ាន់ម៉ា បានសម្រេចមិនចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅចុងខែតុលានេះ បន្ទាប់ពីអាស៊ានបានបញ្ជាក់គោលជំហររបស់ខ្លួន ដោយមិនស្វាគមន៍ លោក មីន អោង ហ្លេង ឱ្យចូលរួមប្រជុំក្នុងនាមជាមេដឹកនាំប្រទេសមីយ៉ាន់ម៉ា ដែលជាសមាជិក២៤ឆ្នាំមកនេះ ប៉ុន្តែអញ្ជើញតំណាងម្នាក់ដែលមិនមែនជាអ្នកនយោបាយមកពីទីក្រុងណៃពីដោរ។

ប្រមុខការទូតកម្ពុជា បានលើកឡើងថា ការសម្រេចចិត្តអញ្ជើញតំណាងដែលមិនមែនជាអ្នកនយោបាយមកពីទីក្រុងណៃពីដោរ គឺជាការសម្រេចរបស់ប្រធានអាស៊ាន ក្រោយកិច្ចប្រជុំបន្ទាន់រដ្ឋមន្រ្តីការបរទេសអាស៊ាន មិនអាចឈានទៅដល់ការឯកភាពជាឯកច្ឆន្ទ (consensus) លើតំណាងរបស់ប្រទេសមីយ៉ាន់ម៉ា នៅក្នុងកិច្ចប្រជុំកំពូល និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បន្ទាប់ពីខ្វះខាតនូវវឌ្ឍនភាពពិតប្រាកដនៅក្នុងការអនុវត្តការព្រមព្រៀង ជា ឯក ច្ឆន្ទ៥ចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន (5PC) ជាពិសេសការទាមទារមិនបានសម្រេចដោយប្រេសិតពិសេសក្នុងការអាចជួបគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលជាជំហានដ៏ចាំបាច់ក្នុងការត្រួសត្រាយផ្លូវឱ្យមានការសន្ទនាដោយពិតប្រាកដ ឆ្ពោះទៅរកប្រក្រតីភាពឡើងវិញនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ប្រធានអាស៊ានបានផ្ញើលិខិតអញ្ជើញតាមការសម្រេចចិត្តបែបនេះ ប៉ុន្តែមីយ៉ាន់ម៉ាបានជ្រើសយកការមិនចូលរួម។

លោកបានបន្តថា៖ ការពិតដ៏សាមញ្ញគឺថា ប្រទេសជាសមាជិកអាស៊ានទាំង៩ ចង់ជួយមីយ៉ាន់ម៉ាឱ្យចៀសផុតពីសោធនាដកម្មបន្តទៀត ខណៈដែលប្រទេសនេះកំពុងស្ថិតនៅមាត់ជ្រោះនៃសង្រ្គាមស៊ីវិល ការប្រឈមជាមួយការលំបាកដ៏ធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ច សុខភាព និងមនុស្សធម៌។ កម្ពុជាមានបទពិសោធន៍ និងរៀនសូត្រពីទុក្ខវេទនាក្នុងអតីតកាលរបស់ខ្លួន និងបានអនុវត្ត ដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន។ កម្ពុជាសង្ឃឹមថា មេរៀនទាំងអស់នេះអាចមានប្រយោជន៍ដល់ប្រទេសមីយ៉ាន់ម៉ា ដើម្បីដោះស្រាយវិបត្តិរបស់ខ្លួន បើទោះបីជាបរិបទ និងលក្ខណៈពិសេសនៃប្រទេសយើងទាំងពីរមិនដូចគ្នាទាំង ស្រុងក្តី។

មីយ៉ាន់ម៉ា កំពុងប្រឈមនឹងវិបត្តិនយោបាយផ្ទៃក្នុង និងភាពច្របូកច្របល់ ចាប់តាំងពីព្រឹត្តិការណ៍រដ្ឋប្រហារយោធា ទម្លាក់គណបក្សរបស់ លោកស្រី អ៊ុង សានស៊ូជី កាលពីថ្ងៃទី០១ ខែកុម្ភៈ បន្ទាប់ពីបោះឆ្នោត។ លោកស្រី អោងសាន ស៊ូជី ប្រធានគណបក្សប្រជាធិបតេយ្យ និងមេដឹកនាំកំពូលបក្សនេះមួយជំនួន ត្រូវបានចាប់ឃុំខ្លួន។ កាលពីពេលថ្មីៗនេះ អាជ្ញាធរមីយ៉ាន់ម៉ាបានចុះចាប់ខ្លួន ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារជាង ១០០នាក់ ដែលត្រូវបានដោះលែងនៅក្នុងការលើកលែងទោស កាលពីពេលកន្លងទៅ ត្រលប់មកឃុំខ្លួនឡើងវិញ ដោយអ្នកខ្លះក៏ត្រូវបានផ្តន្ទាទោសបន្ថែមទៀតផងដែរ។

«នៅចុងបញ្ចប់ ខ្ញុំគិតថា ច្រកចេញនៃវិបត្តិនេះ គឺអាស្រ័យលើតួអង្គជាច្រើននៅក្នុងប្រទេស មីយ៉ាន់ម៉ាខ្លួនឯងផ្ទាល់ ជាជាងការជួយពីខាងក្រៅ។ ទោះបីជាយ៉ាងនេះក្តី កម្ពុជាត្រៀមលក្ខណៈ រួចជាស្រេចដើម្បីជួយ និងធ្វើនូវអ្វីដែលយើងអាចធ្វើបាន ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងនេះ»។ នេះជាការបញ្ជាក់រប ស់ លោកប្រាក់ សុខុន៕