(អូស្ត្រាលី)៖ រដ្ឋមន្ត្រីដឹកជញ្ជូនអូស្ត្រាលី លោក Darren Chester នៅថ្ងៃសុក្របានធ្វើដំណើរទស្សនកិច្ច ទៅកាន់នាវា Dong Hai Jiu 101 របស់ចិន នៅទីក្រុង Fremantle ដែលជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការស្វែងរកយន្តហោះម៉ាឡេស៊ី ជើងហោះហើរ MH370 ចាប់តាំងពីខែកុម្ភៈឆ្នាំមុន ហើយនឹងចាប់ផ្តើមប្រតិបត្តិការស្វែងរកឡើងវិញ នៅប៉ុន្មានថ្ងៃខាងមុខនេះ បន្ទាប់ពីត្រូវបានបំពាក់ឧបករណ៍សំខាន់មួយ ក្នុងការស្វែងរក នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦។

នាវាចិននេះកំពុងស្ថិតនៅកំពង់ផែទីក្រុង Fremantle ចម្ងាយប្រមាណ២០គីឡូម៉ែត្រ ភាគខាងត្បូង ទីក្រុង Perth។​ ​ការិយាល័យសុវត្ថិភាព ដឹកជញ្ជូនអូស្ត្រាលី បាននឹងកំពុងដឹកនាំប្រតិបត្តិការស្វែងរកយន្តហោះ MH370 ដែលកំពុងបាត់ខ្លួន។ ជាង ៩៥,០០០គីឡូម៉ែត្រការ៉េ នៃបាតសមុទ្រ ក្នុងផ្ទៃសរុប១២០,០០០គីឡូម៉ែត្រការ៉េ នៃតំបន់ស្វែងរក ត្រូវបានស្វែងរករួចរាល់ហើយ។

ក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះ បំណែកមួយចំនួនត្រូវបានរកឃើញ តាមបណ្តោយភាគខាងលិច ឈូងសមុទ្រ នៃទ្វីបអាហ្វ្រិក ក្នុងនោះមាននៅកោះ La Reunion, ប្រទេសម៉ូហ្សាប៊ីក និងប្រទេសអាហ្វ្រិកខាងត្បូង ហើយយ៉ាងហោចណាស់ មានបំណែកចំនួន៣ ត្រូវបានបញ្ជាក់ថា ជាបំណែករបស់ជើងហោះហើរ MH370។ ក្រៅពីនាវា Dong Hai Jiu 101 របស់ចិន មាននាវា២ផ្សេងទៀត គឺនាវា Fugro Discovery និង Fugro Equator នឹងចូលរួមក្នុងប្រតិបត្តិការ ស្វែងរកនេះ៕