(រតនគិរី)៖ លោកវរសេនីយ៍ឯក មឿង សារិទ្ធ នាយការិយាល័យចរាចរណ៍ នៃស្នងការនគរបាលខេត្តរតនគិរី បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះថា ក្នុងរយៈពេល ១ខែ ខេត្តរតនគិរី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន២លើក បណ្តាលឱ្យខូចខាតម៉ូតូចំនួន៤គ្រឿង បង្កឱ្យមនុស្សរងរបួសចំនួន៣នាក់ (ស្រី១នាក់) និងជួយសង្គ្រោះជនរងគ្រោះចំនួន២លើក។

លោកវរសេនីយ៍ មឿង សារិទ្ធ បានតថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តនិងលោកឧត្តមសេនីយ៍ត្រី អ៊ុង សុភាព ស្នងការរងទទួលផែនចរាចរណ៍, កម្លាំងនគរបាលចរាចរណ៍ទាំងអស់មុននឹងចេញទៅតាមគោលដៅរៀងៗ ខ្លួនត្រូវប្រកាន់អត្តចរិកសុភាពរៀបសារតែម៉ឺងម៉ាត់ការងារ។

លោកវរសេនីយ៍ឯក បានឱ្យដឹងថា ដោយកម្លាំងដាក់តាមគោលដៅមួយចំនួនក្នុងក្រុងបានលុង និងផ្លូវជាតិលេខ៧៨ ដើម្បីត្រួតពិនិត្យមើលប្រជាពលរដ្ឋដែលមួយចំនួនតូចពួកគាត់មិនទាន់គោរពច្បាប់ចរាចរណ៍ដូចជាជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ជិះក្នុងល្បឿនលឿនពេកប្រជែងគ្នាក្នុងក្រុង, ម៉ូតូខ្វះបច្ចេកទេសគ្រប់គ្រាន់ និងដាក់ម៉ាស៊ីនបាញ់ល្បឿនលើកំណាត់ផ្លូវជាតិលេខ៧៨។

នាយការិយាល័យចរាចរណ៍ខេត្តរូបនេះ បញ្ជាក់ឱ្យដឹងថា ក្នុងខែតុលានេះបើប្រៀបធៀបទៅនឹងខែកញ្ញា ឆ្នាំ២០២១កន្លង ទៅឃើញថាគ្រោះថ្នាក់ចរាចរណ៍មានការថយចុះចំនួន១លើក ប៉ុន្តែខែកញ្ញា ឆ្នាំ២០២១ ករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ម្នាក់ហើយការផាកពិន័យមានការយោគយល់ច្រើន គឺពេលខ្លះណែនាំពួកគាត់ឱ្យគោរពច្បាប់ចរាចរណ៍បញ្ជៀសពីការបង់ប្រាក់ព្រោះនុក្នុងបរិបថកូវីដ១៩នេះ ការរកចំណូលទទួលមានការធ្លាក់ចុះ។

បន្ថែមលើនេះ កម្លាំងនគរបាលចរាចរណ៍ដែលដាក់តាមគោលដៅបានផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋអំពីជំងឺកូវីដ១៩ គឺឱ្យពួកគាត់ចូលរួមគោរពវិធានសុខាភិបាល និងវិធានការ «៣កុំ និ៣ការពារ» ឱ្យបានខ្ជាប់ខ្ជួន។

បន្ថែមពីនេះ លោកវរសេនីយ៍ឯក មឿង សារិទ្ធ ក៏បានសុំណូមពរដល់ម្ចាស់ក្រុមហ៊ុនដែលរថយន្តធុនធ្ងន់ដឹកទំនិញឆ្លងចូលក្រុងបានលុង និងរថយន្តធុនធ្ងន់ខ្លះទៀតដឹកទំនិញឆ្លងកាត់ទៅប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បើកបរកុំលើសល្បឿន, ប្រកាន់ស្តាំដៃហើយអ្នកបើកបរត្រូវមានពាក់មី មានបទពិសោធន៍ មានសុជីវធម៌ទើបគ្រោះថ្នាក់ចរាចរណ៍កាន់តែថយចុះ៕